ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​១៤​នាក់​ត្រូវ​បាន​អង្គការ​មួយ​ជួយ​ត្រលប់​មក​ស្រុក​កំណើត​វិញ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​១៤​នាក់ ត្រូវ​បាន​គេ​រក​រថយន្ត​ឲ្យ​ជិះ​ត្រលប់​មក​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ បន្ទាប់​ពី​ចោទ​ក្រុមហ៊ុន​មួយ​ថា យក​ទៅ​ឲ្យ​ធ្វើការ​ខុស​លក្ខន្តិក​នៅ​ក្នុង​ខេត្ត​សុ​រ៉ាត​ថា​នី ប្រទេស​ថៃ ។ ពលករ​ទាំង​១៤​នាក់…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​១៤​នាក់ ត្រូវ​បាន​គេ​រក​រថយន្ត​ឲ្យ​ជិះ​ត្រលប់​មក​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ បន្ទាប់​ពី​ចោទ​ក្រុមហ៊ុន​មួយ​ថា យក​ទៅ​ឲ្យ​ធ្វើការ​ខុស​លក្ខន្តិក​នៅ​ក្នុង​ខេត្ត​សុ​រ៉ាត​ថា​នី ប្រទេស​ថៃ ។ ពលករ​ទាំង​១៤​នាក់ ស្រី​៦​នាក់ មក​ពី​ខេត្ត​ផ្សេង​គ្នា​ៗ រួម​មាន​ខេត្តបាត់ដំបង​៦​នាក់ ខេត្តពោធិ៍សាត់​៦​នាក់ និង​ខេត្តបន្ទាយមានជ័យ​២​នាក់ ។

ជួប​តាម​ទូរស័ព្ទ​ខណៈ​ពលករ​ទាំងនេះ​នៅ​លើ​ទឹកដី​ថៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​តាម​រយៈ​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ CL Supply (Cambodia) ហើយ​ចោទប្រកាន់​ក្រុមហ៊ុន​មួយ​នេះ​ថា យក​ពួក​គាត់​ទៅ​ឲ្យ​ធ្វើការ​ខុស​លក្ខន្តិក ដោយ​មុន​ចេញពី​កម្ពុជា​ក្នុង​លក្ខខណ្ឌ​ថា​យក​ទៅ​ធ្វើការ​ផ្នែក​គ្រឿងសង្ហារិម​នៅ​ក្រុង​បាងកក ដឹង​អី​ពេល​ទៅ​ដល់​ដី​ថៃ បែរជា​ឲ្យ​ពួក​គេ​ធ្វើការ​ផ្នែក​អារឈើ​នៅ​ខេត្ត​សុ​រ៉ាត​ថា​នី​ទៅ​វិញ ។ ពួក​គេ​ថា ដោយសា​ការងារ​នោះ​មិន​ចេះ​ធ្វើ ពួក​គេ​ក៏​ទាក់ទង​ទៅ​អង្គការ IOM នៅ​ប្រទេស​ថៃ​ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​បាន​វិល​ត្រលប់​មក​វិញ ។

តាម​លោក គ្រៀង សាក់​ប៊ុ​ន​យ៉ែ​ម មន្ត្រី​អង្គការ LPN ធ្វើការ​លើ​ពលករ​៣​ប្រទេស រួម​មាន​កម្ពុជា មី​យ៉ា​ម៉ា និង​ឡាវ ប្រចាំ​នៅ​ប្រទេស​ថៃ ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ក្រោយ​ពី​ពលករ​ខាងលើ​ទាក់ទង​សុំ​ឲ្យ​ជួយ​តាម​រយៈ​អង្គការ​មួយ​ខាងលើ ខាង​អង្គការ​លោក​បាន​សហ​ការណ៍​គ្នា​ជាមួយ​អាជ្ញាធរ​ចុះ​ដល់​ចំណុច​កើតហេតុ ជួប​ពលករ​ទាំងនេះ ដោយ​ពួក​គេ​ខ្វះខាត​សព្វបែបយ៉ាង ទើប​អន្តរាគមន៍​ជួយ​ឲ្យ​ក្រុមហ៊ុន​អារឈើ​នោះ​ជួយ​រក​រថយន្ត​ឲ្យ​ជិះ​ត្រលប់​ដល់​ផ្សារ​រុង​ក្លឿ​វិញ ព្រំដែន​កម្ពុជា​-​ថៃ ។

ពលករ​ទាំង​១៤​នាក់​បាន​មក​ដល់​កម្ពុជា​វិញ នា​រសៀល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ហើយ​ពេល​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​សាកសួរ​ពួក​គេ ដើម្បី​ចង់​ដឹង​ពី​រឿងរ៉ាវ​ដ៏​ពិតប្រាកដ​ថា តើ​ទៅ​តាម​ក្រុមហ៊ុន​ណា​ពិត​ប្រក​ដ និង​ជួប​ផល​លំបាក​យ៉ាងណា​ខ្លះ​លើ​ទឹកដី​ថៃ​នោះ ។ យ៉ាងណាមិញ​ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ លោក ឈាង ឆុំ​អគ្គ នាយក​ក្រុ​ហ៊ុន CL Supply (Cambodia) ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​ពិត​ពលករ​ទាំង​១៤​នាក់​មិនមែន​ទៅ​ប្រទេស​ថៃ​តាម​រយៈ​ក្រុមហ៊ុន​លោក​ឡើយ គឺ​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​តាម​រយៈ​ក្រុមហ៊ុន​B.S.R.O.BEST.MANPOWER.CO,LTD ។ មិនតែប៉ុណ្ណោះ​លោក​ថា មុន​ការ​វិល​ត្រលប់​ក្រុម​ពលករ​បាន​ធ្វើ​លិខិតសន្យា​មួយ​ថា នឹង​មិន​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​លោក​ទៀត​ផង ។ អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​បញ្ជាក់​ថា ដើមរឿង​ដែល​ធ្វើ​ឲ្យ​ពាក់ព័ន្ធ​ដល់​ក្រុមហ៊ុន​លោក គឺ​ដោយសារ​មុន​ការ​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ ឈ្មោះ ផល ដែល​ជា​កូនចៅ​ចាស់​របស់​គាត់ បច្ចុប្បន្ន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ខាងលើ បាន​នាំ​ពលករ​ទៅ​ស្នាក់​ការ​លោក​នៅ​ភ្នំពេញ សុំ​ដេក​១​យប់ ព្រោះ​អាណិត​ពលករ​ខ្លាច​ខ្វះខាត ហើយ​ពេល​ពួក​គេ​ចេញ​ទៅ​នាំ​គ្នា​យក​នាមប័ណ្ណ​របស់​លោក​ម្នាក់​១​សន្លឹក ទើប​មានការ​យល់​ច្រឡំ ។ អគ្គនាយក​រូប​នេះ បាន​បញ្ជូន​ឯកសារ​ឈ្មោះ​ពលករ​ទាំងនេះ ដែល​ទៅ​តាម​រយៈ​ក្រុម​ហ៊ុម​ខាងលើ​ជា​ភស្តុ​តាង​ទៀត​ផង ។ ជុំវិញ​ករណី​ខាងលើ​ខាង​ក្រុមហ៊ុន B.S.R.O.BEST.MANPOWER.CO,LTD កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ