ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ផ្លូវលំ​១​ខ្សែ ទួញ​យំ​រក​ជំនួយ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​០៥​ភូមិ នៅ​ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ និង​សង្កាត់​ព្រៃ​អ​ង្គុ​ញ អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា​ជួសជុល​ផ្លូវ​១​ខ្សែ ប្រវែង​១២​គីឡូម៉ែត្រ ដែល​កំពុង​ស្រុត​ខូច​ស្ទើរ​ទាំងស្រុង​ក្លាយ ជា​រណ្តៅ​ល្បប់​ដីឥដ្ឋ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​០៥​ភូមិ នៅ​ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ និង​សង្កាត់​ព្រៃ​អ​ង្គុ​ញ អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា​ជួសជុល​ផ្លូវ​១​ខ្សែ ប្រវែង​១២​គីឡូម៉ែត្រ ដែល​កំពុង​ស្រុត​ខូច​ស្ទើរ​ទាំងស្រុង​ក្លាយ ជា​រណ្តៅ​ល្បប់​ដីឥដ្ឋ ហើយ​រអិល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ពុំ​ទាន់​មាន​ស្ថាប័ន​ណា​មក​ជួសជុល​ទេ​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ២០១៧ នៅ​ភូមិ​រាម​ជោ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍​។ បើ​តាម​លោកតា​ម្នាក់​វ័យ​៧៥​ឆ្នាំ រស់នៅ​ភូមិ​រាម​ជោ បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​១​ខ្សែ​ដែល​ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ជួសជុល​មាន​ប្រវែង​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ឆ្លងកាត់​ភូមិ​ចំនួន​៥ ក្នុង​នោះ​មាន​ភូមិ​រាម​ជោ ភូមិ​កណ្តាល ឃុំ​ស្វាយ​តា​យាន និង ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត​ខូច​ខ្លាំង​ជាងគេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ផ្លូវលំ​មួយ​ខ្សែ​នេះ​បំបែក​ចេញពី​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៨-៥០០ ខ្លោងទ្វារវត្ត​រាម​ជោ ខាងលិច​ផ្សារ​ជី​ភូ​២០០​ម៉ែត្រ ជាប់​ធនាគារ អេ​ស៊ី​លី​ដា ស្ថិត​នៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត កាត់​ទៅ​ភូមិ​រាម​ជោ ឆ្ពោះទៅ​ដល់​ផ្លូវ​ខេត្ត​លេខ​២១៤.C ប្រវែង​ជាង​១០​គីឡូម៉ែត្រ​។ ផ្លូវ​នេះ គឺ​ប្រជាពលរដ្ឋ ក្នុងភូមិ​ចំនួន​០៤ ឃុំ​ស្វាយ​តា​យាន ធ្វើ​ដំណើរ​ឡើង​មក​ផ្លូវជាតិ​លេខ​១ មក​ផ្សារ​ជី​ភូ និង​បញ្ជូន​សមាជិកគ្រួសារ​មាន​ជំងឺ ឬ​មាន​ផ្ទៃពោះ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ និង​សិស្សានុសិស្ស មក​រៀន​នៅ​វិ​ទ្យ​ល័យ ហ៊ុន​សែន ជី​ភូ ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។ សព្វថ្ងៃ​ប្រជាពលរដ្ឋ​បាន​កាប់​កូន​ឈើ ដាក់​ធ្វើ​ស្ពាន ក្រាល​លើ​ផ្លូវ​ដែល​ខូច​ខ្លាំង​ដើម្បី​ដើរ និង​ជិះ​កង់​ម៉ូតូ ហើយ​មាន​ក្មេង​ចាស់​ក្នុងភូមិ​មក​កាយ​ផ្លូវ​ពង្រាប​រួច សុំ​អង្គាសប្រាក់​ពី​អ្នក​ធ្វើ​ដំណើរ​។ ដោយ​ជួប​ការ​ពិបាកធ្វើ​ដំណើរ​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មេត្តា​ចុះ​មក​ពិនិត្យ និង​ដោះស្រាយ​ជួសជុល​ផ្លូវ​១​ខ្សែ​នេះ​បាន​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ធ្វើ​ដំណើរ​បាន​ស្រួល​ផង​។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មន្ទីរ​គ្រប់គ្រង​បណ្តាញ​ផ្លូវជាតិ​ផ្លូវ​ខេត្ត និង​ផ្លូវ​ក្រុង​ចំនួន​១១០​ខ្សែ​ប៉ុណ្ណោះ​។ ក្នុង​នោះ​ផ្លូវ​ខេត្ត​ចំនួន​៥០​ខ្សែ និង​ផ្លូវ​ក្រុង​ចំនួន​៦០​ខ្សែ ហើយ​ផ្លូវលំ​ជនបទ​មួយ​ចំនួន​ទៀត​គឺ​គ្រប់គ្រង​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ដោយឡែក​ផ្លូវបំបែក​ពី​ផ្លូវជាតិ​លេខ​១​ត្រង់​គីឡូម៉ែត្រ​លេខ​១៤៨ ត្រង់​ខ្លោងទ្វារវត្ត​រាម​ជោ ឆ្ពោះទៅ​ដល់​ផ្លូវ​ខេត្ត​លេខ​២១៤C នោះ​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង​ទេ សូម​ទាក់ទង​ទៅ​អាជ្ញាធរ​ដែនដី​និង​អង្គភាព​គ្រប់គ្រង​មក​ជួសជុល​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ