សហរដ្ឋអាមេរិក ៖ ដោយកត់សម្គាល់ឃើញថា ការបាញ់មីស៊ីលថ្មីនីមួយៗរបស់កូរ៉េខាងជើងកាន់តែមានប្រសិទ្ធភាព ទីប្រឹក្សាសន្តិសុខជាតិអាមេរិកព្យាករណ៍ថាគ្រោះថ្នាក់នៃ
ជម្លោះយោធាដោយផ្ទាល់មួយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ថ្លែងកាលពីថ្ងៃទី៣ ធ្នូ នៅឯបណ្ណាល័យប្រធានាធិបតីរ៉ូណាល់ រីហ្គេន នាឱកាសវេទិកាមួយស្ដីពីកិច្ចការពារ លោក MCMASTER ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិយាយថារបបកូរ៉េខាងជើងគឺជាការគំរាមកំហែងដោយផ្ទាល់សំខាន់សម្រាប់សហរដ្ឋអាមេរិកនិងពិភពលោក ហើយលោកបញ្ជាក់ថា គ្រោះថ្នាក់នៃជម្លោះយោធាមួយជាមួយកូរ៉េខាងជើងកើនឡើងក្រោយការសាកល្បងមីសីុលបាលីស្ទីកថ្មីរបស់ក្រុងព្យុងយ៉ាង។
លោកគូសបញ្ជាក់ថា ខ្ញុំគិតថាវាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានន័យថាយើងចូលរួមក្នុងការប្រកួតប្រជែងមួយគឺយើងមានការកម្រិតពេលវេលាមួយសម្រាប់ដោះស្រាយបញ្ហានេះ ។ មានមធ្យោបាយនានាសម្រាប់ដោះស្រាយវាដោយគ្មានជម្លោះយោធាមួយ ក៏ប៉ុន្តែវាហាក់យឺតពេល ព្រោះលោកគីម ជុងអ៊ុន កាន់តែជិតសម្រេចគោលដៅរបស់លោក ហើយនៅសល់ពេលកាន់តែតិច។
លោកក៏ថ្លែងដែរថា ចិនត្រូវពង្រឹងទណ្ឌកម្មនានាប្រឆាំងក្រុងព្យុងយ៉ាងហើយប្រើប្រាស់លទ្ធភាពដ៏ធំរបស់ខ្លួនគាបសង្កត់ខាងសេដ្ឋកិច្ចដើម្បីកុំឲ្យកូរ៉េខាងជើងមានធនធានចាំបាច់នានាសម្រាប់អនុវត្តការបាញ់សាកមីស៊ីលបាលីស្ទិកថ្មីៗ។
យើងមិនស្នើឲ្យចិនបំពេញចិត្តយើង ឬបំពេញចិត្តនរណាមួយឡើយ ។ យើងស្នើឲ្យចិនធ្វើក្នុងផលប្រយោជន៍របស់ខ្លួនហើយយើងយល់ថាចិននឹងធ្វើនូវអ្វីច្រើនទៀត។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកក៏ស្នើផងដែរឲ្យក្រុងប៉េកាំងបញ្ឈប់ការផ្ដល់ប្រេងកាត និងប្រេងឥន្ធនៈដល់កូរ៉េខាងជើង ព្រោះគេមិនអាចបាញ់មីសីុលមួយដោយគ្មានប្រេងឥន្ធនៈឡើយ។
លោកគូសបញ្ជាក់ទៀតថា លទ្ធភាពរបស់លោកគីម ជុងអ៊ុន វាយប្រហារនុយក្លេអ៊ែរប្រឆាំងសហរដ្ឋអាមេរិកមានការកើនឡើងជាប់ជានិច្ច ។ពេលបាញ់សាកមីសីុល ឬនុយក្លេអ៊ែរមួយលើកៗគេកត់សម្គាល់ឃើញកូរ៉េខាងជើងមានភាពជឿនលឿនជានិច្ច។
បណ្ដាសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកស្ដីពីការឆ្លើយតបវិញមួយ ចំពោះការសាកល្បងមីស៊ីល ឬនុយក្លេអ៊ែររបស់កូរ៉េខាងជើងពុំទាន់ឃើញសកម្មភាពជាក់ស្ដែងនៅឡើយ ។ ទោះបីយ៉ាងណាកាលពីថ្ងៃទី៣ ធ្នូ បណ្តាសារព័ត៌មានអាមេរិកបានផ្សាយថា ទីភ្នាក់ការពារប្រឆាំងមីស៊ីលអាមេរិក ចាប់ផ្ដើមរៀបចំដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីសីុលបន្ថែមទៀតនៅតំបន់ឆ្នេរសមុទ្រខាងលិចសហរដ្ឋអាមេរិកក្នុងនោះរួមមានប្រពន្ធ័ THAAD ផង។
ក្រុងមូស្គូតែងគូសបញ្ជាក់ជាច្រើនលើកថា បណ្ដាសេចក្ដីថ្លែងការណ៍របស់អាមេរិកស្ដីពីដំណោះស្រាយយោធាមួយនៃជម្លោះនៅឧបទ្វីបកូរ៉េគឺជាការភាន់ច្រឡំមួយហើយ ព្រោះវាស្មើនឹងការលេងជាមួយភ្លើង។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស័រហ្គេយឡាវរ៉ូវ ថ្លែងថា ប្រសិនបើនរណាមួយពិតជាចង់ប្រើកម្លាំងដើម្បីកម្នេចកូរ៉េខាងជើងដូចការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិខ្ញុំយល់ថា បែបនោះមានន័យថាជាការលេងជាមួយភ្លើងហើយជាការប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរមួយ ។ យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដើម្បីចៀសវាងកុំឲ្យកើតមានរឿងបែបនោះនិងថាបញ្ហាអាចដោះស្រាយបានតែតាមផ្លូវសន្តិវិធីមួយគត់គឺផ្លូវនយោបាយនិងការទូត ៕
ចែករំលែកព័តមាននេះ