ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​អន្តរជាតិ​ប្រឆាំង​ការ​សម្រេច​របស់​លោក​ត្រាំ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប នឹង​រួប​ប្រជុំ​បន្ទាន់​នា​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ ក្រោយ​ការ​សម្រេច​របស់​លោក​ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​ជា​ផ្លូវការ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល…

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប នឹង​រួប​ប្រជុំ​បន្ទាន់​នា​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ ក្រោយ​ការ​សម្រេច​របស់​លោក​ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​ជា​ផ្លូវការ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល ។

នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន នេ​តាន់ យ៉ា​ហ៊ូ បាន​អបអរសាទរ​ថា​នេះ​ជា «​ទិវា​ប្រវត្តិសាស្ត្រ​» មួយ​ក្រោយ​ការ​ប្រកាស​របស់​លោក​ត្រាំ ដោយ​លោក​អះអាង​ថា នឹង​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ឡើយ ទាក់ទិន​ដល់ទី​ក្រុង​ជា​និមិត្តរូប​នៃ​សាសនា​ធំ​៣​នេះ ។ ទោះបី​យ៉ាងណា ខុស​ពី​រដ្ឋាភិបាល​អ៊ីស្រា​អែ​ល ការ​សម្រេចចិត្ត​នោះ​រង​ការ​រិះគន់ និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សហ​គម​ន៍​អន្តរជាតិ ។

ប្រទេស​៨​បាន​ស្នើ​ឱ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។ តំណាង​របស់​ប្រទេស​បូ​លី​វី អេ​ហ្ស៊ី​ប បារាំង អ៊ីតា​លី សេ​នេ​ហ្គា​ល់ ស៊ុ​យ​អែ​ត អង់គ្លេស និង​អ៊ុយ​រូហ្គា​យ បាន​ស្នើ​ដល់​ជប៉ុន​ជា​ប្រធាន​ប្តូរ​វេន​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ឱ្យ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សា​នេះ​ជាមួយ​សេចក្តីថ្លែងការណ៍​របស់​អគ្គ​លេខាធិការ អ​.​ស​.​ប ឱ្យ​បាន​មុន​ដំណាច់​ស​ប្តា​ហ៍​នេះ ។ បន្តិច​ក្រោយមក​ប្រធាន​ក្រុម​ប្រឹក្សាសន្តិសុខ​ប្រកាស​ថា ក្រុមប្រឹក្សា​នឹង​រួប​ប្រជុំ​បន្ទាន់​នា​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ ។

តាម​អគ្គលេខាធិការ អ​.​ស​.​ប លោក ANTONIO GUTERRES ថា លក្ខន្តិកៈ​ក្រុង​ហ្សេ​រុយ
សា​ឡឹម អាច​ដោះស្រាយ តែ​តាម​រយៈ​ការ​ចរចា​ដោយ​ផ្ទាល់​រវាង​អ៊ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​នប៉ុណ្ណោះ ។ លោក​ប្រឆាំង​រាល់​វិធានការ​ជា​ឯកតោភាគី ។

ចំណែក​ក្នុង​សេចក្តី​ប្រកាស​មួយ​ប្រមុខ​ការទូត​អឺរ៉ុប លោកស្រី FEDERICA MOGHERINI សរសេរ​ថា សហភាព​អឺរ៉ុប សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកាស​នា​ពេល​នេះ​របស់​ប្រធានាធិបតី​សហរដ្ឋ​អា​េ​ម​រិ​ក លោក​ត្រាំ ស្តី​ពី​ក្រុង​ហ្សេ​រុយ​សា​ឡឹម ដែល​បែប​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទស្សនវិស័យ​នៃ​សន្តិភាព ។

ប្រធានាធិបតី​បារាំង លោក EMMANUEL MACRON មាន​ប្រតិកម្ម​ពី​ប្រទេស​អាល់​ហ្សេ​រី​មក​ថា នេះ​ជា​សេចក្តី​សម្រេចចិត្ត​គួរ​ឱ្យ​សោកស្តាយ​មួយ​ដែល​បារាំង​ពុំ​យល់​ស្រប​តាម ហើយ​ដែល​ពុំ​សម​ស្រប​ទៅ​នឹង​ច្បាប់​អន្តរជាតិ ព្រមទាំង​បណ្តា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។ លោក​បន្ត​ថា លក្ខន្តិកៈ​ក្រុង​ហ្សេ​រុយ​សា​ឡឹម គឺជា​បញ្ហា​នៃ​សន្តិសុខ​អន្តរជាតិ ដែល​ទាក់ទិន​ដល់​សហគមន៍​អន្តរជាតិ​ទាំងមូល ។ ខ្ញុំ​ចង់​បញ្ជាក់​យ៉ាង​ច្បាស់​ថា លក្ខន្តិកៈ​ក្រុង​ហ្សេ​រុយ​សា​ឡឹម ត្រូវ​កំណត់​ដោយ​អ៊ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

រីឯ​ប្រមុខ​ការទូត​អា​ល្លឺ​ម៉​ង់ លោក SIGMAR GABRIEL និយាយ​ថា លោក​សង្ស័យ​ដែល​ការ​សម្រេច​នេះ​នឹង​នាំ​ទៅ​រក​ការ​កើនឡើង​ថ្មី​នៃ​ជម្លោះ​រវាង​អ៊ីស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន ។ រួច​អ្នកនាំពាក្យ​នៃ​វិមាន​អធិការបតី​អា​ល្លឺ​ម៉​ង់​លោក STEFFEN SEIBERT និយាយ​ថា រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ពុំ​គាំទ្រ​ជំហរ​នេះ​ឡើយ ព្រោះ​លក្ខន្តិកៈ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​អាច​ចរចា​តែ​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណោះស្រាយ​រដ្ឋ​២​មួយ​ប៉ុណ្ណោះ ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី THERESA MAY ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា យើង​ពុំ​យល់​ស្រប​ជាមួយ​ការ​សម្រេច​របស់​អា​មេ​រិ​ក​ផ្ទេរ​ស្ថានទូត​ខ្លួន​ទៅ​កាន់​ក្រុង​ហ្សេ​រុយ​សា​ឡឹម ហើយ​ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល​មុន​មាន​កិច្ចព្រមព្រៀង​ចុង​ក្រោយ​ស្តី​ពី​លក្ខន្តិកៈ​ទីក្រុង​នេះ​ឡើយ ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ព្រមាន​ថា ការ​ទទួលស្គាល់​ក្រុង
ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល​ដោយក្រុង​វ៉ា​ស៊ី​ន​តោន នឹង​ធ្លាក់​ក្នុង​ល្បិច​របស់​បណ្តា​ក្រុមភេរវកម្ម ។

ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​ម៉ា​ហ៍​មូ​ដ​អាប់​បាស់ តាម​ទូរទស្សន៍​ប៉ា​ឡេ​ស្ទី​ន ថ្លែង​ថា តាម​រយៈ​សេចក្តី​សម្រេចចិត្ត​ពុំ​សម​ស្រប​សហរដ្ឋ​អា​មេ​រិ​កបាន​បំផ្លាញ​ដោយ​ចំហ​ចំពោះ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព ហើយ​ប្រកាស​ថា សហរដ្ឋអាមេរិក​បោះបង់​ចោល​តួនាទី​ជា​អ្នក​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​សន្តិភាព ដែល​ខ្លួន​ធ្លាប់​ដើរតួ​នាទី​នេះ​រយៈ​ពេល​ច្រើន​ទស​វត្ស​មក​ហើយ ។

ចំណែក​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​និយាយ​ថា លោក​ត្រាំ បាន​បើក​មាត់ទ្វារ​ឋាននរក ។ លោក ISMAIL RADOUANE អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ចលនា​អ៊ិ​ស្លា​ម​នេះ ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​របស់​លោក​ត្រាំ អំពាវនាវ​ដល់​បណ្តា​ប្រទេស​អា​រ៉ាប់ និង​អ៊ិ​ស្លា​ម ឱ្យ​កាត់​ផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ជាមួយ​បណ្តា​ស្ថានទូត​អា​មេ​រិ​ក ហើយ​បណ្តេញ​ពួក​ទូត​អា​មេ​រិ​ក​ចេញ ។

ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ច្រើន​ពាន់​នាក់​ដែល​មានកំហឹង​ចំពោះ​ការ​ប្រកាស​របស់​លោក​ត្រាំ បាន​លើកគ្នា​ដើរ​ហែ​ក្បួន​មក​កាន់​វិមាន​អតីត​យុទ្ធ​ជន​ក្រុង​ហ្គា​ហ្សា ដែល​នៅ​ទីនោះ​ពួក​គេ​បាន​ដុត​ទង់ជាតិ​អា​មេ​រិ​ក និង​អ៊ី​ស្រា​អែ​ល ហើយ​នាំ​គ្នា​ស្រែ​កថា «​ស្លាប់​ទៅ​អា​មេ​រិ​ក​» «ស្លាប់​ទៅ​អ៊ី​ស្រាអែ​ល​» ។

ប្រទេស​អ៊ីរ៉​ង់​ជាស​ត្រូវ​របស់​អា​មេ​រិ​ក​ក្នុង​តំបន់​ព្រមាន​លោក​ត្រាំ ថា​ការ​សម្រេច​របស់​លោក​នឹង​បង្ក​ឱ្យ​មាន​អង់​ទី​ហ្វា​ដា​ថ្មី ឬ​ការ​ក្រោកបះបោរ​ថ្មី​របស់​ពួក​ប៉ា​ឡេ​ស្ទី​ន ហើយ​រុញច្រាន​ពួក​រ៉ា​ឌី​កាល់ ឱ្យ​បំពាក់​កំហឹង និង​ប្រើ​អំពើហិង្សា​ថែម​ទៀត ។

ក្រសួងការបរទេស​អ៊ី​រ៉​ង់ថ្លែង​ថា អ៊ីរ៉​ង់​ថ្កោលទោស​ការ​សម្រេចចិត្ត​នេះ ហើយ​ស្នើ​ដល់​សហគមន៍​អន្តរជាតិ បណ្តាប្រទេស​មាន​ឥទ្ធិពល ហើយ​ពិសេស​បណ្តា​ប្រទេស​អ៊ិ​ស្លា​ម​ឱ្យ​រារាំង​ការ​អនុវត្ត​ការ​សម្រេចនេះ​របស់​សហរដ្ឋ​អា​មេ​រិ​ក​ដែល​បាន​ចំណេញ​តែ​លើ​​របប​ស្យូ​នី​ស្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ