ដើម្បីធ្វើឲ្យការប្រើប្រាស់អ៊ីនធើរណេត មានសុវត្ថិភាព Facebook បានចេញកម្មវិធីថ្មីមួយ ដែលអនុញ្ញាតឲ្យឪពុកម្តាយអាចគ្រប់គ្រងសកម្មភាពរបស់កូនៗ ។ កម្មវិធីនេះគឺ Messenger Kids ដែលក្នុងពេលបច្ចុប្បន្ន មាននៅលើទូរស័ព្ទប្រើប្រាស់ iOS ។
កម្មវិធីនេះអនុញ្ញាតឲ្យក្មេងមានអាយុក្រោម១៣ឆ្នាំ អាចជជែកលេងជាសំឡេង និងវីដេអូ ជាមួយមិត្តភក្តិ និងបងប្អូនបាន ។
ឪពុកម្តាយកាន់តែច្រើនបានអនុញ្ញាតឲ្យកូនៗពួកគេប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងថេបប្លេតកាន់តែញឹកញាប់ ហេតុនេះ កម្មវិធី Facebook Kids នឹងអាចផ្តល់សេវាមានសុវត្ថិភាព និងភាពរីករាយដល់ក្មេងៗទាំងនោះ ។ ឪពុកម្តាយនៅតែអាចគ្រប់គ្រងការប្រើប្រាស់កម្មវិធីនេះបាន ។
ឪពុកម្តាយមានជម្រើសថា អនុញ្ញាត ឬមិនអនុញ្ញាតឲ្យកូនៗជជែកជាវីដេអូ ដោយប្រើប្រាស់ Kids Control ក្នុងកម្មវិធី Facebook របស់ខ្លួន ។
ក្មេងៗអាចជជែក ផ្ញើសា និងរូបភាពទៅកាន់អ្នកដែលឪពុកម្តាយខ្លួនអនុញ្ញាតតែប៉ុណ្ណោះ។ ឪពុកម្តាយអាចទទួលបានសារតាមរយៈកម្មវិធី Messenger របស់ពួកគេទៀតផង ។
លើសពីនេះ ឪពុកម្តាយអាច Block អ្នកដែលពួកគេមិនចង់ឲ្យកូនៗទាក់ទង ។ ទាំងឪពុកម្តាយ និងក្មេងៗអាចរាយការណ៍ទៅកាន់ Facebook ពីចំណុចដែលគេមិនពេញចិត្តផងដែរ ។
អ្វីដែលធ្វើឲ្យកម្មវិធីនេះមានភាពទាក់ទាញសម្រាប់ក្មេងៗនោះ គឺពួកគេអាចកែច្នៃកម្មវិធីនេះជាមួយ Stickers, Emoji និងសំឡេងគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត ។ កម្មវិធីនេះមាន Frame, GIF និងឧបករណ៍គូររូបសម្រាប់ក្មេងៗប្រើប្រាស់ ។
កម្មវិធី Messengers Kids គ្មានការផ្សាយពាណិជ្ជកម្មទេ ហើយព័ត៌មានរបស់កុមារដែលប្រើប្រាស់ ក៏មិនត្រូវបានយកទៅប្រើក្នុងការផ្សាយពាណិជ្ជកម្មដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្មវិធីថ្មីនេះមានតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានខែខាងមុខទៀត Facebook នឹងអនុញ្ញាតឲ្យប្រទេសដទៃអាចប្រើប្រាស់កម្មវិធីនេះ និងជាមួយទូរស័ព្ទផ្សេងទៀត ៕
ចែករំលែកព័តមាននេះ