ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​និយាយ​ពាក្យ​បណ្ដោះអាសន្ន​អី ឈ្មួញ​ខ្សាច់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​អបអរសាទរ នៅ​ពេល​បានឃើញ​លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍ បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ឃាត់​ទូក​ខ្សាច់ និង​គ្រឿងចក្រ​របស់​ឈ្មួញ ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹក​ខ្សាច់​យក​មក​បូម​ដាក់​លក់…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​អបអរសាទរ នៅ​ពេល​បានឃើញ​លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍ បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ឃាត់​ទូក​ខ្សាច់ និង​គ្រឿងចក្រ​របស់​ឈ្មួញ ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹក​ខ្សាច់​យក​មក​បូម​ដាក់​លក់ នៅ​ចំណុច​អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ដែល​ស្ថិត​នៅ​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ការ​ចុះ​ចាប់​ឃាត់​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៦ ខែធ្នូ គឺ​បន្ទាប់​ពី​លោក អ៊ូ រតនា ហៅ​ប្រុស ជា​ម្ចាស់​ទូក​បាន​លួច​ធ្វើ​សកម្មភាព​ដឹក​ខ្សាច់​យក​មក​បូម​ដាក់​លក់​នៅ​ចំណុច​ទីតាំង​ខាងលើ​ចំនួន​៣​ទូក គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ធ្នូ ចំនួន​២​ទូក និង​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ចំនួន​១​ទូក ដោយ​សកម្មភាព​នេះ គឺ​ពុំ​មាន​លិខិតអនុញ្ញាត ឬ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណាមួយ​ឡើយ​។ លោក​វរៈសេនីយឯក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍ បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា មុន​ពេល​លោក​ដឹកនាំ​កម្លាំង​ចុះ​ចាប់​នេះ គឺ​ខាង​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​រ៉ែ ធ្លាប់​បាន​ចុះ​មក​ហាមឃាត់ និង​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​នៅ​លើ​ទីតាំង​នេះ​ចំនួន​២​ដង​រួច​មក​ហើយ គឺ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ម្តង និង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ម្តង​។

 

ប៉ុន្តែ​លោក អ៊ូ រតនា ហៅ​ប្រុស ដែល​ជា​មន្ត្រី​នគរបាល​ម្នាក់​ដែរ​នោះ នៅ​តែ​បន្ត​លួច​ដឹក​ខ្សាច់​យក​មក​បូម​ដាក់​លក់​នៅ​ទីតាំង​នេះ​ដដែល ទើប​លោក​ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត និង​លោកស្រី ស្រេង ទៀង អភិបាលស្រុក​ពាម​រក៍ បញ្ជា​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​មក​ចាប់​ទូក និង​គ្រឿងចក្រ​តែ​ម្តង​។ ចំណែក​លោក អ៊ូ រតនា ហៅ​ប្រុស ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​ជា​ម្ចាស់​ទូក​ដែល​ត្រូវ​ឃាត់​នោះ បាន​សម្តែង​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង​នៅ​ពេល​មាន​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​ឃាត់​ទូក​របស់​លោក ដោយ​លោក​បាន​អះអាង​ថា ទោះបី​លោក​បូម​ខ្សាច់​មក​ដាក់​លក់​លើ​ទីតាំង​អតីត​កំពង់ចម្លង​អ្នក​លឿង​នេះ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​រ៉ែ​ក៏​ដោយ ប៉ុន្តែ​សកម្មភាព​របស់​លោក​មិន​បាន​បង្ក​ការ​រំខាន ឬ​ការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ទេ ហើយ​ការ​ដាក់​លក់​នេះ​គឺ​គ្រាន់តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ នៅ​ពេល​ណា​រដ្ឋ​ត្រូវការ​លោក​ហ្នឹង​ដក​គ្រឿងចក្រ​វិញ​ភ្លាម ដូច្នេះ​គាត់​មិន​ខុស​ទេ មិន​គួរ​ណា​លោក​អធិការ​ដឹកនាំ​កំលាំង​មក​ព័ទ្ធ​ចាប់​ទូក​របស់​លោក​បែប​នេះ​សោះ​។

ដោយឡែក​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​វិញ បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា សកម្មភាព​អាជីវកម្ម​ខាងលើ​នេះ គឺជា​សកម្មភាព​ខុសច្បាប់ ដែល​កន្លង​មក​ធ្លាប់​ត្រូវ​បាន​ហាមឃាត់​ចំនួន​២​ដង​រួច​មក​ហើយ​។ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ខាងលើ​នៅ​តែ​រឹងទទឹង​ធ្វើ​បំពាន​ច្បាប់ និង​មិន​គោរព​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ហើយ​ចំពោះ​មុខ​ពេល​នេះ​លោក និង​ធ្វើ​របាយការណ៍​ទៅ​ក្រសួង ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​សកម្មភាព​ចុះ​ចាប់​ទូក និង​គ្រឿងចក្រ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា បាន​ឃាត់​សួរនាំ​ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន​៣​នាក់ ដែល​ជា​កម្មករ​នៅ​លើ​ទូក​ខ្សាច់​ដែល​ត្រូវ​ចាប់​នោះ ម្នាក់​មាន​កាន់​លិខិតឆ្លងដែន​ប្រភេទ​ទេសចរណ៍ និង​២​នាក់​ទៀត​អត់​មាន​ឯកសារ​អ្វី​ទាំងអស់​។ តែ​ទោះជា​យ៉ាងណា ជនអន្តោប្រវេសន៍​ទាំង​៣​នាក់​នោះ មិន​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​នោះ​ទេ កាលពី​ថ្ងៃ​ទី​៦​ធ្នូ ប៉ុន្តែ​សមត្ថកិច្ច និង​បន្ត​ហៅ​សាកសួរ​នៅ​ថ្ងៃ​បន្ទាប់​ទៀត ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​គេ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​មួយ​ណា ហេតុ​អ្វី​បានជា​គ្មាន​ឯកសារ​អ្វី​ទាំង​អស់បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ