ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​! ចាប​ដែល​បងប្អូន​លែង​នៅ​មុខ​ព្រះ​អង្គ​ដង​កើ មាន​ប្រភព​ពី​ណា​? (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ដង​កើ គឺជា​ទី​សក្ការៈ​ដ៏​សំខាន់​មួយ​នៅ​មុខ​ព្រះ​បរមរាជវាំង ដែល​អ្នកមាន​ជំនឿ​តែងតែ​ទៅ​អុជ​ធូប​សុំ​សេចក្តីសុខ ហើយ​ក៏​ជា​កន្លែង​ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​អាច​រក​ចំណូល​តាម​រយៈ​ការ​លក់​ទៀន​ធូប ផ្កា​ភ្ញី ជា​ពិសេស​គឺ​មុខរបរ​លក់ «​ចាប​ក្នុង​ទ្រុង​» សម្រាប់​អ្នកទិញ​យក​ទៅ​លែង​ផ្សង​សុំ​សេចក្តីសុខ…

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ដង​កើ គឺជា​ទី​សក្ការៈ​ដ៏​សំខាន់​មួយ​នៅ​មុខ​ព្រះ​បរមរាជវាំង ដែល​អ្នកមាន​ជំនឿ​តែងតែ​ទៅ​អុជ​ធូប​សុំ​សេចក្តីសុខ ហើយ​ក៏​ជា​កន្លែង​ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​អាច​រក​ចំណូល​តាម​រយៈ​ការ​លក់​ទៀន​ធូប ផ្កា​ភ្ញី ជា​ពិសេស​គឺ​មុខរបរ​លក់ «​ចាប​ក្នុង​ទ្រុង​» សម្រាប់​អ្នកទិញ​យក​ទៅ​លែង​ផ្សង​សុំ​សេចក្តីសុខ ។

អ្នកស្រី​សុខ សុភាព អាយុ​៥៤​ឆ្នាំ ប្រកប​របរ​លក់​សត្វ​ចាប​នៅ​ព្រះ​អង្គ​ដង​កើ មុខ​ព្រះ​បរមរាជវាំង អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ តាំង​តែ​ពី​ព្រះ​អង្គ​ដង​កើ​មិន​ទាន់​សាង​សង់​ដោយ​យក​ដុំ​ថ្ម​តាំង​ជា​តំណាង​ប៉ុណ្ណោះ ។ បើ​ទោះជា​មុខរបរ​នេះ​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ស្រី និង​អ្នក​ប្រកបរ​បរដូច​អ្នកស្រី «​ក្លាយជា​អ្នកមាន​» ក៏​ពិតមែន តែ​វា​អាច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​ចិញ្ចឹម​កូនប្រុស​-​ស្រី​៤​នាក់ រហូត​ដល់ កូន​ៗ​របស់​អ្នកស្រី​អាច​រៀន​បាន​ថ្នាក់ខ្ពស់​គ្រាន់បើ និង​ជួយ​ឱ្យ​គាត់​មាន​លទ្ធភាព​រៀប​ការ កូន​ៗ​បាន​យ៉ាង​ត្រឹមត្រូវ​តាម​ប្រពៃណី​យ និង​មានផ្ទះ​ស្នាក់​នៅ​សមរម្យ ។

អ្នកស្រី​សុខ សុភាព រៀបរាប់​ទាំង​ទឹកមុខ​រីករាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នកស្រី​មាន​ទីលំនៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយ​ប្តី​ប្រកប​មុខរបរ​រត់​ម៉ូតូឌុប ។ រាល់វេលា​ម៉ោង​៥​ភ្លឺ គាត់​តែងតែ​ជិះ​ម៉ូតូ​ជាមួយ​ប្តី រួម​ទាំង​ទ្រុង​ដាក់​ចាប​ជួនកាល​៣ ឬ​៤​ទ្រុង ទៅ​កាន់​ព្រះ​អង្គ​ដង​កើ ដើម្បី​រង់ចាំ​ភ្ញៀវ​ដែល​ទៅ​បន់ស្រន់ និង​លាបំណន់​ដោយ​ការ​ទិញ​ចាប «​លែង​» ។ ពេល​ខ្លះ​គេ​ទិញ​១០​ក្បាល ពេល​ខ្លះ​ទៀត​ចំ​ថ្ងៃ​ហេង​គេ​ទិញ​ចាប​ទាំង​ទ្រុង​យក​ទៅ​លែង ដោយ​ចាប​មួយ​ក្បាល​តម្លៃ​១.៥០០​រៀល ។

ដូច្នេះ​ក្នុង​មួយ​ថ្ងៃ​គាត់​អា​ចរក​កម្រៃ​ពី​ការ​លក់ «​ចាប​» បាន​ពី​៥០.០០០ ទៅ ៨០.០០០​រៀល​សម្រាប់​ថ្ងៃ​ធម្មតា ។ បើ​ចំ​ថ្ងៃ​បុណ្យ​ទាន​វិញ​លក់​ចាប​ដាច់​ណាស់ ពេល​ខ្លះ​រក​ចាប​លក់​ឲ្យ​ភ្ញៀវ​មិន​បាន​ផង ។

អ្នកស្រី​សុខ សុភាព បញ្ជាក់​ថា គាត់​មិនមែន​ជា​អ្នក​ចាប់​ចាប​ដោយ​ខ្លួនឯង​ដើម្បី​យក​ទៅ​លក់ ឬ​ក៏​ដើរ​រក​ទិញ​ចាប​នៅ​ភ្នំពេញ​ទេ គឺ​ម៉ូយ​របស់​គាត់​តែងតែ​ដឹក «​ចាប​» ពី​អ្នក​លឿង និង​ខេត្តព្រៃវែង យក​ឲ្យ​ដល់​ផ្ទះ ។ តម្លៃ​ចាប​មួយ​ក្បាល​១.០០០​រៀល តែ​នៅ​ពេល​បុណ្យ​ទាន​វា​អាច​ឡើងថ្លៃ​ខ្លះ​តាម​ការ​ជាក់ស្តែង ។

ដោយសារ​តែ​ចាប់​យកមុខ​របរ​លក់​ចាប​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​គាត់​សព្វថ្ងៃ​មានផ្ទះ​សមរម្យ​រស់នៅ កូនប្រុស ស្រី​បាន​រៀនសូត្រ ។ កូន​ៗ​របស់​គាត់​មាន​ប្តី ប្រពន្ធ អស់ហើយ តែ​គាត់​មិន​អាច​ចោល​មុខរបរ​លក់​ចាប​បាន​ឡើយ​ព្រោះ​ជា​មុខរបរ​ត្រឹមត្រូវ​ដែល​គាត់​ពេញចិត្ត ។

ពិតជា​សំណាង​ណាស់​កាលពី​ប៉ុន្មាន​ខែ​មុន សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ពេល​ទៅ​ហាត់ប្រាណ​នៅ​មុខ​ព្រះ​បរមរាជវាំង បាន​ឆៀង​ចូល​ព្រះ​អង្គ​ដង​កើ ជួយ​ទិញ​ចាប​មួយ​ទ្រុង​របស់​អ្នកស្រី​សុខ សុភាព យក​ទៅ​លែង ហើយ​ឲ្យ​អ្នកស្រី​ចំនួន​៦០០​ដុល្លារ​ឯណោះ ។

អ្នកស្រី​សុខ សុភាព រៀបរាប់​បណ្តើរ ឆ្លៀត​លក់​ចាប​បណ្តើរ​ជូន​អតិថិជន​របស់​ខ្លួន​ថា​៖ «​នៅ​ពេល​ដែល​ទទួល​លុយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានឱ្យ​ប្រាក់​យ៉ាងច្រើន​បែប​នេះ ខ្ញុំ​សឹង​ទប់ទឹក​ភ្នែក​មិន​ឲ្យ​ស្រក់​ចេញ​មក​មិន​បាន​ឡើយ ដោយសារ​តែ​រំភើប​ខ្លាំង​ពេក និង​ម្យ៉ាងទៀត​ពេល​នោះ​គឺ​ខ្ញុំ​នៅ​ជំពាក់​លុយ​គេ​ផង​ដល់​បាន​សម្តេច​ទិញ​ចាប​ទាំង​ទ្រុង​ដោយ​មាន​ទឹកចិត្ត​ទូលាយ​ឱ្យប្រាក់​យ៉ាងច្រើន គឺ​ពិតជា​អាច​ដោះ​ទ័ល​របស់ខ្ញុំ​ពេល​នោះ»។

ចំណែក​លោក​ហុង ហេង អាយុ​២៧​ឆ្នាំ រៀបរាប់​ថា លោក​ចាប់​មុខរបរ​លក់​ចាប​ដើម្បី «លែង​» នៅ​មុខ​ព្រះ​អង្គ​ដង​កើ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​តាំងពី​នៅ​លីវ ។ ពេល​នេះ​មាន​ប្រពន្ធ​ហើយ ក៏​នៅ​បន្ត​ចាប់​មុខរបរ​លក់​ចាប​ដែរ ដោយ​ទិញ​ត​ពី​អ្នក​យក​ចាប​មកពីផ្សារ​ច្បារ​អំពៅ​ព្រោះ​គេ​គ្មាន​ម៉ូតូ​ជិះ ។

រាល់ថ្ងៃ​ធម្មតា​លក់​ចាប​បាន​ពី​១០០​ទៅ​១៥០​ក្បាល ក្នុង​តម្លៃ​២.០០០​រៀល​ក្នុង​មួយ​ក្បាល ។ ដោយឡែក​ថ្ងៃ​បុណ្យ​ទាន​លក់​ឡើងថ្លៃ​បន្តិច ព្រោះ​ចាប​មិនសូវ​សម្បូរ ហើយ​ក្នុង​មួយ​ថ្ងៃ​គេ​លក់​ចាប​បាន​ចាប់ពី​១០​ម៉ឺន ទៅ​១៥​ម៉ឺន​រៀល ។

ក្មេង​ស្រី​គឹ​ម សាន អាយុ​១៥​ឆ្នាំ ដែល​លក់​ចាប​នៅ​ព្រះ​អង្គ​ដង​កើ ដែរ​នោះ​ឲ្យ​ដឹង​ថា ទំនេរ​ពី​ការ​រៀនសូត្រ​នាង​ជួយ​លក់​ចាប​ម្តាយ ហើយ​ក្នុង​មួយ​ថ្ងៃ​នាង​លក់​បាន​ពី​១០០​ទៅ​២០០​ក្បាល ។ អ្នកលក់​ចាប​មាន​ចំនួន​ច្រើន​ជាង​១០​នាក់ ហើយ​ពេល​ខ្លះ​ក៏​ធ្លាប់​មាន​បញ្ហា​ឈ្លោះ​ដណ្តើម​ភ្ញៀវ​ដែរ តែ​មិន​ប្រើ​អំពើ​ហិង្សា​វាយតប់​គ្នា​ទេ ។

លោកតា​អាចារ្យ​ប្រចាំ​ព្រះ​អង្គ​ដង​កើ​មាន​ប្រសាសន៍​ថា អ្នកលក់​ចាប​រក្សា​សណ្តាប់ធ្នាប់​រៀបរយ​ល្អ ពួក​គេ​លក់​បាន​ថ្លៃ នៅ​ខណៈ​ពេល​មាន​ក្រុម​គ្រួសារ​លោក​ជំទាវ ឧកញ៉ា ដែល​ទៅ​ទិញ​ចាប ទាំង​ទ្រុង​ៗ​ដើម្បី​លាបំណន់ ឬ​បុណ្យ ផ្សេង​ៗ ។ ក្នុង​មួយ​ថ្ងៃ​អាច​មាន​ក្រុម​គ្រួសារ​អ្នកធំ​ទៅ​ធ្វើ​ពិធី​លាបំណន់ ដោយ​ខ្លះ​ទិញ​ចាប​១០​ក្បាល ហើយ​អ្នកខ្លះ​ទៀត​ទិញ​យក​ទាំង​ទ្រុង​ដែល​មាន​ចំនួន​៥០ ឬ​១០០​ក្បាល ។

អ្នក​នាង​សេង លាង ដែល​បាន​ទៅ​ទិញ​ចាប លែង​នៅ​មុខ​ព្រះ​អង្គ​ដង​កើ និយាយ​ថា​នាង និង​ក្រុម​គ្រួសារ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ការ​លែង​ចាប ដែល​ត្រូវ​គេ​ចាប់​ដាក់​ទ្រុង​ឱ្យ​មាន​សេរីភាព​វិញ គឺ​អាច​ជួយ​នាង និង​សមាជិក​ក្រុម​គ្រួសារ​ទទួល​បាន​សេចក្តីសុខ និង​ជីវិត​រស់នៅ​មាន​សេរីភាព ។

អ្នក​នាង​សេង លាង ដែល​ជា​ស្ត្រី​មេផ្ទះ​នៅ​ខណ្ឌចំការមន​និយាយ​ថា​៖ «​ខ្ញុំ​មក​ទី​នេះ​យ៉ាង​ហោច​ណាស់​ក៏​២​ដង​ដែរ​ក្នុង​មួ​យស​ប្តា​ហ៍ ជា​ពិសេស​សម្រាប់​ថ្ងៃសីល គឺ​ខ្ញុំ និង​ក្រុម​គ្រួសារ​មិន​ដែល​រំលង​ទេ​តែងតែ​មក​ទី​នេះ ព្រោះ​មាន​ជំនឿ​ថា​ព្រះ​អង្គ​ដង​កើ​មាន​បារមី​ពូកែ​ខ្លាំងក្លា ហើយ​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​គឺ​បាន​សម្រេច​មែន ។ ពេល​ដែល​មក​ទី​នេះ គឺ​ខ្ញុំ​តែង​តែ​ជាវ​សត្វ​ចាប ៤ ឬ​៥​ក្បាល​ដើម្បី​លែង ហើយ​មុន​នឹង​លែង​គឺ​បាន​បន់ស្រន់​ថា​ពេល​លែង​ចាប​ទៅ គឺ​ប្រៀប​ដូច​ជា​ការ​ផ្តល់​សេរីភាព មាន​អារម្មណ៍​ស្រឡះ និង​ជឿ​ថា​ការ​លែង​ចាប​នាំ​ឱ្យ​មាន​ក្តី​សុខ​ក្នុង​គ្រួសារ និង​ផុត​អស់​គ្រោះ​ចង្រៃ​» ។

ក្រុម​សណ្តាប់ធ្នាប់​សាលា​ខណ្ឌដូនពេញ​ដែល​ប្រចាំការ​នៅ​មុខ​ព្រះ​បរមរាជវាំង​ឲ្យ​ដឹង​ថា នៅ​មុខ​ព្រះ​អង្គ​ដ​ង្កើ​នា​ពេល​បច្ចុប្បន្ន​មាន​អ្នកលក់ «​ចាប​»​ប្រហែល​ជាង​ដប់​អ្នក តែ​ពួក​គេ​បាន​រក្សា​សណ្តាប់ធ្នាប់​ល្អ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មិន​រត់​ដណ្តើម​ភ្ញៀវ​ទេ បើ​មិន​ស្តាប់​តាម​ការ​ណែនាំ​ប្រឈម​មុខ​នឹង​ការ​ឲ្យ​ឈប់​លក់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ