ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​១១៣​គ្រួសារ បាន​ទទួល​អំណោយ​ពី​កាកបាទក្រហម

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី ពៅ សុភាព អភិបាលរង​ខេត្ត…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី ពៅ សុភាព អភិបាលរង​ខេត្ត និង​ជា​ហិ​រញ្ញឹក​គណៈកម្មាធិការ​សាខា ព្រមទាំង​មន្ត្រី​អនុ​សាខា​ស្រុក​ស្វាយ​ជ្រំ បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង​សរុប​ចំនួន​១១៣​គ្រួសារ​។ ក្នុង​នោះ​ជន​ចាស់ជរា​គ្មាន​ទីពឹង​៤៤​គ្រួសារ ជន​ពិកា​២​នាក់ និង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត ៦៧​គ្រួសារ មក​ពី​ឃុំ​ចំនួន​០៦​ក្នុងស្រុក​ស្វាយ​ជ្រំ គឺ​ឃុំ​ស្វាយ​ធំ ៣៤​គ្រួសារ ឃុំ​គោក​ព្រីង ៥​គ្រួសារ ឃុំ​បា​សាក់ ៣៩​គ្រួសារ ឃុំ​ឈើទាល ២​គ្រួសារ ឃុំ​ក្រោលគោ ៣០​គ្រួសារ និង​ឃុំ​ចំបក់ ៣​គ្រួសារ​។

ក្នុង​ឱកាស​នោះ​ដែរ​លោកស្រី ពៅ សុភាព ហិ​រញ្ញឹក​គណៈកម្មាធិការ​សាខា​កាក​បទ​ក្រហម​កម្ពុជា​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក ហើយ​ជា​និច្ចកាល សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា​។ លោកស្រី​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កាកបាទក្រហមកម្ពុជា នៅ​ថ្នាក់​សាខា និង​អនុ​សាខា បាន​យកចិត្តទុកដាក់ និង​ដោះស្រាយ​បន្ទាន់​ដល់​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ដូច​ជា៖

ខ្យល់​កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​ធូ​ស្រាល​មួយ​ចំណែក ហើយ​ពេល​នេះ​សាខា​បាន​គិតគូ​ដល់​លោកតា លោកយាយ ចាស់ជរា​ដែល​គ្មាន​ទីពឹង អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ ជន​ពិកា កុមារ​កំព្រា ព្រោះ​មិនមែន​តែ​ស្រុក​ស្វាយ​ជ្រំ​មួយ​ទេ​ដែល​សាខា​ត្រូវ​ដោះស្រាយ គឺ​ត្រូវ​ដោះស្រាយ​ដល់​ស្រុក​ក្រុង​ទាំង​០៨​ក្នុង​ខេត្ត​តាម​លទ្ធភាព​ដែល​សាខា​មាន​។ ហើយ​អំណោយ​មាន​ស្បៀង និង​សម្ភារ​ដែល​បាន​ចែក​ជូន​ទាំង ១១៣​គ្រួសារ ក្នុង​១​គ្រួសារ ទទួល​បាន​អង្ករ ៣០​គីឡូក្រាម កន្ទេល​បត់​១ មី​១​កេស ត្រីខ​១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦​ដប មុង​១ ភួយ​១ ក្រមា​១ សារុង​១ ថវិកា ៤០,០០០​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ