ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​៣០០​ម៉ែត្រ បាន​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​ហើយ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​៣០០​ម៉ែត្រ ដែល​ជា​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ត្រូវ​បាន​សាលាស្រុក​បរិបូរណ៍ ទម្លាក់​កញ្ចប់​ថវិកា​កសាង និង​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​ផ្លូវ​ក្រាល​បេតុង ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​៣០០​ម៉ែត្រ ដែល​ជា​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ត្រូវ​បាន​សាលាស្រុក​បរិបូរណ៍ ទម្លាក់​កញ្ចប់​ថវិកា​កសាង និង​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​ផ្លូវ​ក្រាល​បេតុង ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ព្រោះ​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ផង​ដែរ សម្រាប់​ប្រជាពលរដ្ឋ​ចេញចូល​ផ្សារ​ពន្លៃ​។ សមិទ្ធផល​ថ្មី​មួយ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រីករាយ​សាទរ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោយ​បាន​រួមចំណែក​ផល​ប៉ះពាល់​បន្តិចបន្តួច​ដើម្បី​បាន​ផ្លូវ​ថ្មី​យ៉ាង​ស្អាត​ល្អ​មួយ​ខ្សែ​នេះ​។ លោក អ៊ុយ ប៊ុ​ន​ធឿ​ន មេ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ​មាន​ប្រសាសន៍​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​សារៈសំខាន​ខ្លាំង​ណាស់ សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ធ្វើ​ដំណើរ​ចេញចូល​ផ្សារ​ពន្លៃ ដែល​កាល​ដើម​ជា​ផ្លូវ​តូច​ចង្អៀត ដោយសារ​ការ​ដាក់​លក់​នូវ​ទំនិញ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ចេះ​តែ​លយ​ចូល​ដល់​ចំណី​ផ្លូវ​។

ប៉ុន្តែ​ក្រោយ​ពេល​មាន​ផែនការ​ឈូស​ឆាយ​ពង្រីក កសាង​ជា​ផ្លូវ​ចាក់​បេតុង​ប្រជាពលរដ្ឋ តាម​ដងផ្លូវ​បាន​ចូលរួម​ទាំងអស់​គ្នា និង​ធ្វើ​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ មាន​សភាព​ធំ​ទូលាយ និង​រឹង​មាំ​ជាង​មុន​ជា​ពុំខាន​។ ជាមួយ​គ្នា​នេះ​ដែរ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ភូមិ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ស្រុក ដែល​បាន​ជួយ​កែ​លម្អ​ផ្លូវ​មួយ​ខ្សែ​នេះ ពី​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម មក​ជា​ផ្លូវ​ចាក់​បេតុង​យ៉ាង​ស្អាត និង​មានគុណ​ភាព​ជាប់​បាន​យូរ ហើយ​ពង្រីក​ផ្លូវ​បាន​ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ដំណើរ​បាន​ស្រួល​ជាង​មុន​។ ជុំវិញ​ការ​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ដែរ លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរណ៍ បាន​មាន​ប្រសាសន៍​ថា ពេល​ចាប់ផ្តើម​កសាង មាន​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ និង​សាទរ​ព្រមទាំង​បាន​ចូល​រូ​ម​ជា​ច្រើន​ណាស់​។

ផ្លូវ​មួយ​ខ្សែ​នេះ បាន​ចំណាយ​កញ្ចប់​ថវិកា​កសាង​ដោយ​រាជរដ្ឋាភិបាល ក្នុង​គម្រោង​កែ​លម្អ និង​អភិវឌ្ឍន៍​ផ្លូវ​ក្នុងស្រុក​ឆ្នាំ​២០១៧ ដោយ​បាន​ដាក់​ឲ្យ​ដេញថ្លៃ មាន​ក្រុមហ៊ុន​ចំនួន​៣ បាន​ចូលរួម​ដេញថ្លៃ ហើយ​បាន​ទៅ​លើ​ក្រុមហ៊ុន​ឈ្មោះ សុខ អាន ក្នុង​តម្លៃ​ទឹកប្រាក់ ១៧៩​លាន​រៀល ដោយ​ចាប់ផ្តើម​កសាង​ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា និង​បញ្ជ​ប់​គម្រោង​នៅ​បំណាច់​ខែធ្នូ ឆ្នាំ​២០១៧ ដែល​មាន​ប្រវែង ៣២៧​ម៉ែត្រ មាន​ទទឹង​បេតុង​៤​ម៉ែត្រ​កន្លះ និង​មាន​កម្រាស់​១​តឹក​កន្លះ​។ ជាមួយ​សមិទ្ធផល​ថ្មី​នេះ​ដែរ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ស្រុក​បរិបូរណ៍ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ដោយ​មិន​ត្រូវ​បើកបរ​រថយន្ត​ដឹក​ធ្ងន់​ៗ​លើស​ចំណុះ​លើ​ផ្លូវ​នោះ​ទេ ពិសេស​ពេល​ទើប​កសាង​ហើយ​ថ្មី​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ