ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​ជនជាតិ​វៀតណាម​ប្ដូរ​ឯកសារ​ចាស់ ផ្លាស់​យក​ឯកសារ​ថ្មី

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គិត​មក​ដល់​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ការ​ប្រមូល​ឯកសារ​មិន​ប្រក្រតី ពី​ជនបរទេស ជា​ជនជាតិ​វៀតណាម របស់​មន្ត្រី​នគរបាល​ការិយាល័យ​ជនអន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ គិត​មក​ដល់​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ការ​ប្រមូល​ឯកសារ​មិន​ប្រក្រតី ពី​ជនបរទេស ជា​ជនជាតិ​វៀតណាម របស់​មន្ត្រី​នគរបាល​ការិយាល័យ​ជនអន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​រយៈពេល​៦​ថ្ងៃ​ហើយ ទើបតែ​បាន​ឯកសារ​មិន​ប្រក្រតី​ជាង​៤០០​ច្បាប់​ប៉ុណ្ណោះ ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ចំនួន​១.៧៣៣ គ្រួសារ​។ ហេតុនេះ​ហើយ នាយការិយាល័យ​ជំនាញ សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ វៀតណាម​ទាំងអស់​ត្រូវ​ប្រញាប់​រូតរះ​យក​ឯកសារ​មិន​ស្របច្បាប់​ទាំងនោះ មក​ប្រគល់​ជូន​មន្ត្រី​ជំនាញ ដើម្បី​ប្តូរ​យក​បង្កាន់ដៃ​សម្គាល់​ជនអន្តោប្រវេសន៍​ស្របច្បាប់​វិញ​។ លោក​លោក ប៉ាន់ ឡៃ​ឃាង នាយការិយាល័យ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា យោង​តាម​អនុ​ក្រឹ​ត​លេខ​១២៩ អន​ក្រ ប្រក ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្តី​ពី​ការ​លុប​ចោល និង​ការ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ពី​ជនបរទេស ដែល​កំពុង​កាន់កាប់​និង​ប្រើប្រាស់​ក្នុង​ទឹកដី​កម្ពុជា​។

ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​មន្ត្រី​នគរបាល​ជនអន្តោប្រវេសន៍ ដកហូត​នូវ​ឯកសារ​មិន​ស្របច្បាប់​ទាំងនោះ​ដូច​ជា ៖ សៀវភៅ​ស្នាក់​នៅ ,​សៀវ ភៅ​គ្រួសារ ,​អត្ត​ស​ញ្ណា​ញ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ,​សំបុត្រ​កំណើត ,​សេចក្តីចម្លង​សំបុត្រ​កំណើត ,​សំបុត្រ​អាពាហ៍ពិពាហ៍​, និង​លិខិតឆ្លងដែន​ជាដើម​ពី​ជនជាតិ​វៀតណាម​ដែល​កំពុង​ប្រើប្រាស់​។ ក្រោយ​ពេល​ដកហូត​រួច​ជនបរទេស​ទាំងនោះ ត្រូវ​ដាក់​ពាក្យសុំ​ធ្វើ​ជា​ជនអន្តោប្រវេសន៍ និង​បំពេញបែបបទ​មួយ​ចំនួន​ថែម​ទៀត ដើម្បី​បាន​ក្លាយជា​ជនអន្តោប្រវេសន៍​ស្រប់ច្បាប់​របស់​ប្រទេស​កម្ពុជា​។ ចំពោះ​ជន​ណា​មិន​ព្រមយក​ឯកសារ លិខិត​ស្នាម​ទាំងនោះ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ដើម្បី​បំពេញ​ពាក្យ​ស្នើ​សុំ​ថ្មី​នោះ​ទេ គាត់​នឹង​ក្លាយជា​ជនអន្តោប្រវេសន៍​ដោយ​ខុសច្បាប់​ជា​ពុំខាន​។

លោក​បាន​បញ្ជាក់​ថា ជនជាតិ​វៀតណាម ដែល​ត្រូវ​ដកហូត​ឯកសារ​មិន​ប្រក្រតី​ទាំងនោះ​មាន​ចំនួន ១.៧៣៣​គ្រួសារ ដែល​កំពុង​រស់នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​។ ក្នុង​នាម​លោកនាយ​ការិយាល័យ គ្រប់គ្រង​ជនអន្តោប្រវេសន៍ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​វៀតណាម​ក៏​ដូច​ជា​ជនបរទេស​ផ្សេង​ទៀត សូម​ប្រញាប់​យក​លិខិត​មិន​ប្រក្រតី​ទាំងនោះ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ឲ្យ​បាន​រួសរាន់​ទាន់​ពេលវេលា​។ ទោះជា​យ៉ាងនេះ​ក្តី​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​វៀតណាម​មួយ​ចំនួន​បាន​ប្រាប់​ថា គ្រួសារ​ខ្លះ​បាន​បាត់​ឯកសារ​ទាំងអស់ ដោយសារ​ការ​លិច​ទូក (​ទូក​ស្នាក់​នៅ​) និង​ដោយ​ខ្យល់​ប៉ើង​រហូត​ពី​ជញ្ជាំង​ផ្ទះស្លឹក​ស្នាក់​នៅ​ជាដើម ដោយសារ​តែ​ពួក​គាត់​ខ្វះ​ការ​យល់​ដឹង​ទុកដាក់​មិន​បាន​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ