ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​បោសសម្អាត​មីន​ឲ្យ​អស់ទិស​ដៅ​ឆ្នាំ​២០២៥

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក សេរី កុសល ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​សិក្ខាកាម ក្រុម​បោសសម្អាត​មីន​ទាំង​១៧​ខេត្ត​ក្រុង​ថា…

ខេត្តកំពង់ឆ្នាំង ៖ លោក សេរី កុសល ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​សិក្ខាកាម ក្រុម​បោសសម្អាត​មីន​ទាំង​១៧​ខេត្ត​ក្រុង​ថា ផែនការ​ជាតិ​បោសសម្អាត​មីន​ឲ្យ​អស់ពី​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២៥ គឺ​អាស្រ័យ​លើ​អស់លោក​ជា​សិក្ខាកាម និង​ជា​ប្រតិបត្តិ​ករ​ទាំងអស់​គ្នា​ដែល​មក​រៀន​នេះ​ហើយ ។ ដូច្នេះ​ដើម្បី​សម្រេច​ឲ្យ​បាន យើង​ត្រូវ​ចេះ​ធ្វើ​ផែនការ​ប្រចាំឆ្នាំ​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​តែ​អនុវត្ត​ផែនការ​នោះ​ឲ្យ​បាន​សម្រេច ។ មាន​ប្រសាសន៍​បែប​នេះ ក្នុង​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ ផា​ម៉ា កាលពី​រសៀល ថ្ងៃ​ទី​២៣ ខែវិច្ឆិកា កន្លង​ទៅ​នេះ ។

លោក​បាន​បន្ត​ថា ៖ ក្នុង​ឆ្នាំ​២០១៧ គិត​មក​ដល់​ថ្ងៃនេះ ប្រជាពលរដ្ឋ​យើង​បាន​ស្លាប់​ដោយសារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៤៧​នាក់ ដែល​បញ្ហា​នេះ​រាជរដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​របស់​យើង គេ​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​យើង​ស្លាប់​បែប​នេះនោះ​ឡើយ ។ ផែនការ​យើង​នៅ​ក្នុង​ឆ្នាំ​២០១៨ ទាំង​ប្រតិបត្តិ​ករ​ជាតិ និង​អង្គការ​មួយ​ចំនួន​ដែល​ជួយ​យើង ត្រូវ​បោសសម្អាត​មីន​ឲ្យ​អស់​លើ​ផ្ទៃដី​២៥៧​គីឡូ​ម៉ែត្រការ៉េ ដែល​ត្រូវ​រក​លុយ​ប្រមាណ​៥២​លាន​ដុល្លារ សម្រាប់​ធ្វើ​កិច្ច​ការងារ​នេះ ។ សូម​មន្ត្រី​យើង​កុំ​យក​ការងារ​ដោះ​មីន​ដែល​ជា​ការងារ​មនុស្សធម៌​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ព្រោះ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ វា​មិន​ស្គាល់​គណៈ​បក្សនយោបាយ​ណា​នោះ​ទេ ចំណែក​អ្នក​ស្លាប់​គឺ​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​ខ្មែរ មិនមែន​អ្នកនយោបាយ​នោះ​ឡើយ ។ ខ្ញុំ​សូម​ផ្តាំផ្ញើ​ដល់​មន្ត្រី​យើង​ទាំងអស់ ពេល​ត្រលប់​ទៅ​កាន់​អង្គភាព​វិញ ត្រូវ​យកចំណេះ​ដឹង​ក្នុង​ពេល​រៀនសូត្រ​នេះ​ទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព និង​ត្រូវ​សហការ​ជិត​ស្និត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាបន​ពាក់​ព​ន្ធ័ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ភារកិច្ច​ចំពោះ​មុខ ដែល​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ ។

ដោយឡែក លោក ប្រាក់ សុភាព អគ្គ​រង​អាជ្ញាធរ​មីន​កម្ពុជា បាន​រាយការណ៍​ឲ្យ​ដឹង​ថា ៖ សិក្ខាសាលា​នេះ ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ នៅ​ក្នុង​សណ្ឋាគារ​ផា​ម៉ា ក្នុង​ក្រុង​កំពង់ឆ្នាំង ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីណែនាំ​បច្ចេកទេស ស្តី​ពី​ការ​រៀបចំ និង​កសាង​ផែនការអភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ និង​ការ​កែសម្រួល​ថ្មី ដោយ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​មីន​ត្រូវ​តែ​កែសម្រួល​គោលការណ៍​ណែនាំ និង​គោលការណ៍​ប្រតិបត្តិការ​ស្តី​ពី​ការ​គ្រប់គ្រង​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កសាង​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ