ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ស្រាវជ្រាវ ៖ ភាព​ក្រីក្រ​ទាក់ទង​នឹង​បញ្ហា​ចិត្តសាស្ត្រ

6 ឆ្នាំ មុន

ទីក្រុង BRIGHTON ៖ ការ​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​អាច​ជា​ស្ថានការណ៍​មួយ​ដ៏​គួរ​ឲ្យ​អាម៉ាស់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​អាច​បាត់បង់​កិត្តិយស និង​តម្លៃ​របស់​ខ្លួន​បាន ។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ​មាន​ច្រើន​ណាស់ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​គិត​ថា ភាព​អាម៉ាស់…

ទីក្រុង BRIGHTON ៖ ការ​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​អាច​ជា​ស្ថានការណ៍​មួយ​ដ៏​គួរ​ឲ្យ​អាម៉ាស់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​អាច​បាត់បង់​កិត្តិយស និង​តម្លៃ​របស់​ខ្លួន​បាន ។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ​មាន​ច្រើន​ណាស់ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​គិត​ថា ភាព​អាម៉ាស់ គឺ​អ្វី​ដែល​ភ្ជាប់​ជាមួយ​ភាព​ក្រីក្រ ។

ការ​ស្រាវជ្រាវ​នា​ពេល​ថ្មី​ៗ​នេះ​របស់​សាកលវិទ្យាល័យ Oxford បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ មិន​ថា​កុមារ ឬ​មនុស្ស​ពេញវ័យ គឺ​តែង​ជួបនឹង​ភាព​អាម៉ាស់ និង​ការ​បាក់ទឹកចិត្ត ។

បើ​ទោះជា​មានការ​ស្រាវជ្រាវ​បង្ហាញ​ថា ភាព​ក្រីក្រ​ទាក់ទង​នឹង​បញ្ហា​ចិត្តសាស្ត្រ​ឪ​ក្តី គោលនយោបាយ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ​នេះ មិន​គិតដល់​បញ្ហា​ចិត្ត​វិទ្យា​ទេ ប៉ុន្តែ​បែរជា​ផ្តោត​សំខាន់​លើ​ប្រាក់​ចំណូល និង​ការ​អប់រំ​ទៅ​វិញ ។ ជា​លទ្ធផល មនុស្ស​បែរជា​គិត​ថា ដំណោះស្រាយ​ភាព​ក្រីក្រ ការ​បង្កើន​ប្រាក់​ចំណូល ឬ​គុណភាព​រស់នៅ​របស់​មនុស្ស អាច​នឹង​បង្កើន​ភាព​រីករាយ​ក្នុង​ជីវិត​ផង​ដែរ ។ ប៉ុន្តែ​ការ​គិត​ដូចនេះ គឺ​ខុស​ហើយ។ ប្រសិនបើ​យើង​ចង់​កាត់​បន្ថយ​ទុក្ខ​លំបាក​របស់​មនុស្ស និង​សម្រេច​គោលដៅ Sustainable Development Goal (SDG) ដើម្បី​កម្ចាត់​ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០៣០​នោះ យើង​ត្រូវ​ងាក​មក​កាន់ការ​ដោះស្រាយ​បញ្ហា​ភាព​អាម៉ាស់​ផង​ដែរ ។

ភាព​អាម៉ាស់ និង​ការ​បាក់ទឹកចិត្ត ដែល​ភ្ជាប់​មក​ជាមួយ​ភាព​ក្រីក្រ បាន​រាំងស្ទះ​មនុស្ស​ក្នុង​ការ​ធ្វើ​សកម្មភាព​វិជ្ជមាន ដើម្បី​ជួយ​ធ្វើ​ឲ្យ​ស្ថានការណ៍​របស់​ខ្លួន​ប្រសើរ​ឡើង​វិញ ។
នៅ​ក្នុង​ប្រទេស​ឥណ្ឌា ភាព​អាម៉ាស់​ដែល​បាន​មក​ពី​ការ​ប្រមូល​ទិន្នផល​កសិកម្ម​មិន​បាន​ល្អ រួម​ជាមួយ​បញ្ហា​ហិរញ្ញវត្ថុ​ផង បាន​ជំរុញ​ឲ្យ​កសិករ​ទាំងនោះ​អនុវត្ត​អំពើ​ហិង្សា និង​ពេល​ខ្លះ ធ្វើ​អត្តឃាត​ថែម​ទៀត ។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​ភាព​អាម៉ាស់​ភ្ជាប់​ជាមួយ​ភាព​ក្រីក្រ​នេះ វិធានការ​ជា​ច្រើន​ត្រូវ​តែ​អនុវត្ត ។

ជាដំបូង អ្នក​បង្កើត​ច្បាប់​គួរតែ​ទទួលស្គាល់​បញ្ហា​នេះ​។ ពួក​គេ​មិន​គួរ​មើលទៅ​ភាព​អាម៉ាស់​ថា គ្រាន់តែ​ជា​លទ្ធផល​នៃ​ភាព​ក្រីក្រ​ទេ ប៉ុន្តែ​គួរតែ​គិត​ថា ភាព​ក្រីក្រ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មនុស្ស ។ លើស​ពី​នេះ ភាព​អាម៉ាស់ ការ​បាក់ទឹកចិត្ត និង​ការ​មិន​ជឿជាក់​លើ​ខ្លួនឯង អាច​ប៉ះពាល់​ដល់​ទស្សនៈ​របស់​មនុស្ស​ទៅ​លើ​សមត្ថភាព​ផ្លាស់​ប្តូរ​របស់​ខ្លួន ហើយ​ក៏​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​ចាកចេញ​មិន​ផុត​។

ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ចាកចេញ​ផុត​នោះ អ្នក​បង្កើត​ច្បាប់​គួរតែ​គិត​ពី​វិធី​ជំរុញ​ផ្លូវចិត្ត​ដល់​មនុស្ស​ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​មាន​សមត្ថភាព​ផ្លាស់​ប្តូរ​ស្ថានការណ៍​អ្វីមួយ​ក្នុង​ជីវិត​របស់​ខ្លួន​បាន ។

ជា​ចុង​ក្រោយ អ្នក​បង្កើត​ច្បាប់​ត្រូវ​តែ​យល់​ថា កម្មវិធី​ដែល​មាន​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ អាច​នឹង​បង្កើន​ភាព​អាម៉ាស់​ថែម​ទៀត​។ ឧទាហរណ៍ អ្នក​ស្រាវជ្រាវ​ធ្វើការ​ក្នុង​ប្រទេស​ឥណ្ឌា កាលពី​ឆ្នាំ​២០០៥ ប្រទះ​ឃើញ​ថា ស្ត្រី​ឥណ្ឌា​ឈប់​ទៅ​កាន់​គ្លីនិក​សុខភាព ព្រោះ​ពួក​គេ​គិត​ថា ការ​ឲ្យ​អ្នក​ដទៃ​មើលថែ​ខ្លួន​គេ និង​កូន​ៗ​របស់​ពួក​គេ គឺជា​ការ​កាត់​បន្ថយ​តម្លៃ​ខ្លួនឯង ។

បញ្ហា​ភាព​អាម៉ាស់​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ច្រើន ។ បណ្ឌិត​ដែល​ស្រាវ​ជ្រាវ​ពី​ទុក្ខ​លំបាក​របស់​មនុស្ស បាន​ទទួលស្គាល់​ថា​កិត្តិយស​គឺជា​កត្តា​មួយ​ដ៏​សំខាន់​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ជោគជ័យ ។ ឧទាហរណ៍ តាម​ការ​សិក្សា​ពី​កម្មវិធី​ផ្ទេរ​ប្រាក់​នៅ​អាហ្វ្រិក​ក្នុង​ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា ពេល​គ្មាន​វត្តមាន​ភាព​តានតឹង និង​អាម៉ាស់ អតិថិជន​មាន​ជំនឿ​ចិត្ត​កាន់តែ​ខ្លាំង​ឡើង ហើយ​ធ្វើ​ឲ្យ​ការ​សម្រេចចិត្ត និង​សមត្ថភាព​ធ្វើការ​របស់​ពួក​គេ​កើនឡើង​ផង​ដែរ ។

កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​កំពុង​តែ​ដើរទៅ​រក​ទិស​ដៅ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​នៅ​មាន​កត្តា​ច្រើន​ទៀត​ដែល​មិន​ទាន់​បាន​សម្រេច ដើម្បី​រួម​បញ្ចូល​កត្តា​ចិត្តសាស្ត្រ​នៃ​ភាព​ក្រីក្រ​ចូល​ទៅ​ក្នុង​ការ​រៀបចំ​គោលនយោបាយ ។

ពិភពលោក​អាច​បញ្ចប់​ភាព​ក្រីក្រ​បាន​ទាំងស្រុង និង​គ្រប់​ប្រភេទ ប្រសិនបើ​អ្នក​បង្កើត​ច្បាប់ និង​គោលនយោបាយ​ទទួលស្គាល់​ថា កិត្តិយស និង​ការ​ឲ្យ​តម្លៃ​ខ្លួនឯង គឺ​ជៀស​មិន​ផុត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ