រាជធានីភ្នំពេញ ៖ ដើម្បីជំរុញគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតឱ្យសម្រេចទៅតាមកាលកំណត់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជនដែលមានលទ្ធភាពចូលរួមវិនិយោគ ដោយផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរហូត២០ឆ្នាំ ជាថ្នូរនឹងការពង្រីកបណ្តាញចែកចាយទឹកស្អាតប្រកបដោយនិរន្តរភាព គុណភាព និងតម្លៃសមរម្យ ហើយកំណត់ថា ប្រជាពលរដ្ឋរស់នៅតំបន់ទីប្រជុំជននឹងទទួលបានទឹកស្អាតប្រើប្រាស់១០០%នៅត្រឹមឆ្នាំ២០២៥ ។ នេះបើយោងតាមលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានប្រសាសន៍កាលពីថ្ងៃទី២០ វិច្ឆិកា នៅភោជនីយដ្ឋានទន្លេបាសាក់២ថា នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភា ក្រសួងបានដាក់ចេញវិធានការថ្មីៗ គឺការលើកទឹកចិត្ត និងប្រើប្រាស់សក្តានុពលរបស់ផ្នែកឯកជន ដែលមានលទ្ធភាពវិនិយោគឱ្យធ្វើការផលិតផ្គត់ផ្គង់ទឹកនៅតំបន់ដែលរដ្ឋមិនទាន់មានលទ្ធភាពធ្វើបាន ក្នុងនោះត្រូវបានផ្តល់អាជ្ញាប័ណ្ណរហូតដល់រយៈពេល២០ឆ្នាំ (ពីមុន៣ឆ្នាំ) ជាថ្នូរមកវិញនូវការអភិវឌ្ឍ និងការពង្រីកបណ្តាញចែកចាយទឹកស្អាតប្រកបដោយនិរន្តរភាព គុណភាព ជាមួយតម្លៃសមរម្យ ។
ទោះបីយ៉ាងណា ក្រសួងក៏មានវិធានការ ម៉ឺងម៉ាត់ជាក់លាក់ផងដែរ បើសិនជាពិនិត្យឃើញថា អាជីវករដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងហើយ មិនបានអនុវត្តនូវចំណុចណាមួយ ស្របតាមការកំណត់ក្នុងប្រកាសទេនោះ ក្រសួង នឹងធ្វើការដកហូតប្រកាស ឬបញ្ឈប់ការធ្វើអាជីវកម្មទាំងស្រុង ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋ ស្ថិតជាចំណាប់ខ្មាំងរបស់អាជីវករនោះឡើយ ។
លោកទេសរដ្ឋមន្ត្រីបន្តថា ៖« យើងត្រូវតែហ៊ានអារកាត់ធ្វើឱ្យបាន បើពុំនោះទេ នឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តទិសដៅគោលនយោបាយផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវបានកំណត់ថា ប្រជាជនរស់នៅតាមតំបន់ទីប្រជុំជន ទទួលបានទឹកស្អាតប្រើប្រាស់១០០% នៅឆ្នាំ២០២៥ »។
លោកថា ៖« ការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជនបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស អត្រាគ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្តាញក្នុងតំបន់ទីប្រជុំជន បានកើនឡើងពី៥២%នៅឆ្នាំ២០០៨ ដល់៦៨,៥%នៅឆ្នាំ២០១២ និង៨៦%នៅឆ្នាំ២០១៧ ដែលគិតជាចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់កើនដល់២,៣លានគ្រួសារ » ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Marketing Consulting មានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី២១ វិច្ឆិកាថា តំបន់មួយចំនួននៅជាយក្រុងមិនទាន់មានទឹកស្អាតប្រើទេ ហើយវាជាតំបន់អាទិភាពដែលត្រូវបំពេញរយៈពេល២-៣ឆ្នាំទៅទៀត ហើយវត្តមានប្រតិបត្តិករទឹកស្អាតខ្នាតតូចវាមានសារសំខាន់ ដើម្បីបំពេញបន្ថែមនូវការខ្វះខាតនេះ ។
លោកបន្តថា ការលើកទឹកចិត្តរបស់ក្រសួងឱ្យវិស័យឯកជនចូលរួមវិនិយោគនេះ វាជារឿងល្អ ព្រោះការវិនិយោគក្នុងវិស័យទឹកស្អាតនេះ តាមដែលខ្ញុំដឹង គឺត្រូវការពេលវេលាយ៉ាងតិច ប្រហែល៨ឆ្នាំ ទើបអាចរួចខ្លួនពីការវិនិយោគ ប៉ុន្តែបើការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរហូតដល់២០ឆ្នាំ វាជារឿងល្អ ប៉ុន្តែទន្ទឹមនឹងនេះ និយ័តករគួរតែបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនជាមួយចំណុចស្តង់ដា និងគុណភាពទឹក ។
គោលនយោបាយរបស់ក្រសួងកំណត់ឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅតំបន់ទីប្រជុំជននឹងមានទឹកស្អាតប្រើប្រាស់១០០%នេះ តាម លោក ង៉ែត ជូ មានប្រសាសន៍ថា ៖« ខ្ញុំមើលថា គួរតែអាចទៅរួច ។ ខ្ញុំគិតថា ការវិនិយោគក្នុងវិស័យទឹកស្អាតនេះ ជារឿងមានភាពទាក់ទាញខ្លាំង បើទោះបីការវិនិយោគនេះត្រូវការពេល៧ឬ៨ឆ្នាំ ដើម្បីរួចខ្លួន តែវាជាអាជីវកម្មមួយមានស្ថិរភាពខ្ពស់ ជាងមុខរបរផ្សេងៗ » ។
លោកបន្តថា ៖«សម្រាប់ខ្ញុំមានជំនឿចិត្តច្រើនទៅលើគោលនយោបាយនេះ វាអាចនឹងសម្រេចបានទៅតាមគោលដៅដែលបានកំណត់ ព្រោះមិនឃើញមានចំណុចឧបសគ្គអ្វីជាធំដុំ ហើយកន្លងមក វិស័យនេះទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគ » ។
តាមលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ លើកឡើងថា នៅមុនឆ្នាំ២០០៨ ក្រុមហ៊ុនឯកជនវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត មានតែ៧៦ទីប្រជុំជនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ បានកើនដល់២២២ទីប្រជុំជន ហើយកំណើននេះ ដោយសារការចូលរួមពីវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងក្រោមជំនួយឥណទាន, ជំនួយកម្ចីហិរញ្ញប្បទានរបស់អង្គការ និងដៃគូអភិវឌ្ឍន៍នានា តាមរយៈអង្គការ JICA, អង្គការ UN-HABITAT, កម្មវិធីទឹកស្អាត និងអនាម័យនៃធនាគារពិភពលោក(WSP), អង្គការសុខភាពពិភពលោក (WHO), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) លើការងារពង្រីកប្រព័ន្ធផ្គត់ផ្គង់និងបណ្ដាញចែកចាយ និងការពង្រីកសមត្ថភាពផលិតទឹកស្អាត ព្រមទាំងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីតាមបណ្តាអង្គភាពរដ្ឋាករទឹកសាធារណៈ ៕
ចែករំលែកព័តមាននេះ