ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិបទ​សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា​បច្ចុប្បន្ន អាច​ប៉ះពាល់​ដល់​ EBA​ ដែរ​ឬទេ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ។ ជាមួយ​គ្នា​នេះ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​វាយតម្លៃ​ថា កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅ​ក្នុង​តំបន់ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ថានភាព​នយោបាយ​កម្ពុជា​ហាក់ដូចជា​អួអាប់ ពិសេស​ក្រោយ​ការ​រំលាយ​គណបក្ស​នយោបាយ…

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ។ ជាមួយ​គ្នា​នេះ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​វាយតម្លៃ​ថា កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅ​ក្នុង​តំបន់ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ថានភាព​នយោបាយ​កម្ពុជា​ហាក់ដូចជា​អួអាប់ ពិសេស​ក្រោយ​ការ​រំលាយ​គណបក្ស​នយោបាយ និង​បាន​ក្លាយជា​ក្រសែភ្នែក​របស់​អន្តរជាតិ ។ ទន្ទឹម​នឹង​នេះ ក៏​បាន​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​គម្រោង​អនុគ្រោះ​ពន្ធ «Everything But Arms» (EBA) របស់​សហភាព​អឺរ៉ុប​មក​លើ​ប្រទេស​កម្ពុជា​ផង​ដែរ ។

EBA គឺជា​គំនិត​ផ្តួចផ្តើម​របស់​សហភាព​អឺរ៉ុប ដែល​អនុញ្ញាត​ឱ្យ​នាំ​ចូល​ទំនិញ​ទាំងអស់ លើកលែងតែ​សព្វាវុធ ទៅ​សហភាព​អឺរ៉ុប​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទទួល​នូវ​ការ​អនុ​គ្រោះ​ដោយ​មិន​ជាប់ពន្ធ​នាំ​ចូល និង​កូតា ។

ទាក់ទង​នឹង EBA នេះ តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា ៖«​យើង​អាច​នាំ​អីវ៉ាន់​ទាំងអស់​ទៅ​អឺរ៉ុប អត់​មាន​កូតា អត់​មាន​ពន្ធ លើកលែងតែ​គ្រឿង​សព្វាវុធ អីចឹង វា​ជាទី​ផ្សារ​ធំ​សម្រាប់​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) » ។

លោក​ថ្លែង​ថា ៖« ប្រទេស​មួយ​ឈប់​លែង​ទទួល​បាន EBA ពី​សហភាព​អឺរ៉ុប ទាល់តែ​ប្រទេស​នោះ​ចេញ​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​, ចំណូល​ប្រជាជន​ឡើង​ដល់​កម្រិត​កំណត់ ហើយ​ទទួល​បានការ​វាយតម្លៃ​ជា​អន្តរជាតិ​ថា ប្រទេស​នោះ​បាន​ឡើង​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច តែបើ​ម្ចាស់​ប្រទេស​នោះ​បាន​វាយតម្លៃ​ដល់​កម្រិត​នេះ​មែន ប៉ុន្តែ​មិន​ទាន់​បាន​ប្រុងប្រៀប​ខ្លួន​រួចរាល់ អីចឹង នៅ​តែ​ទទួល​បាន​ប្រយោជន៍​ពី EBA ដដែល » ។

លោក ស៊ា​ង ថៃ បន្ត​ថា ៖« ការ​ផ្តាច់​មិន​ផ្តល់ EBA ទៅ​ដល់​ប្រទេស LDC ណាមួយ វា​មិន​ស្រួល​ប៉ុន្មាន​ទេ ។ ប្រទេស​មួយ​មិន​អនុវត្ត​តាម​ចំណុច​អ្វីមួយ ដែល​ពាក់ព័ន្ធ​នឹង​ទំនិញ​អ្វីមួយ គេ​ឃាត់​តែ​មុខទំនិញ​មួយ​នោះ​ទេ មិន​ឱ្យ​នាំ​ចូល ដោយសារ​យើង​ធ្វើ​មិន​ត្រូវ​ទៅ​តាម​លក្ខណៈ​របស់​គេ តែ​ដោយឡែក មុខទំនិញ​ផ្សេង​ទៀត​នៅ​នាំ​ចូល​បាន​ដូច​មុន » ។

លោក​បន្ត​ថា ៖« កម្រិត​ពាណិជ្ជកម្ម​យើង​នា​ពេល​សព្វ​ថ្ងៃនេះ គឺ​គ្មាន​បញ្ហា​អី​ទេ ។ ចំពោះ​កម្ពុជា​សព្វថ្ងៃ អត់​ទាន់​មាន​ស្អី​ទេ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ EBA ។ បញ្ហា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច អត់​មាន​ជា​របាំង​អាច​មក​ដក​យើង​បាន​ទេ រីឯ​បញ្ហា​នយោបាយ បើ​ទោះបី​ខ្ញុំ​ដឹង​មិន​ជ្រៅ ក៏​ប៉ុន្តែ​ស្ថានភាព​សព្វថ្ងៃ ខ្ញុំ​ថា មិន​ទាន់​ដល់​គេ​ធ្វើ​អីចឹង​ទេ » ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ថា ៖«​យើង​ដឹង​ហើយ​ទីផ្សារ​ធំ​របស់​កសិផល​ខ្មែរ​ទាំង​សម្លៀក​បំពាក់ និង​វិស័យ​ស្រូវ​អង្ករ គឺ​ពឹងផ្អែក​លើ​ទីផ្សារ​អឺរ៉ុប ។ យើង​ចង់ឱ្យ​ទីផ្សារ​យើង​រីក​ធំ មិន​អាច​បោះបង់​ទីផ្សារ​នេះ​បាន​ទេ ហើយ​​យើង​ធ្វើ​យ៉ាងម៉េច រក្សា​ទីផ្សារ​នេះ​ឱ្យ​បាន​រហូត​ទៅ​» ។ លោក​ថា ការ​ធ្វើ​ពាណិជ្ជ​កម្ម​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​នេះ កន្លង​មក កម្ពុជា​អនុវត្ត​បាន​ទៅ​តាម​លក្ខខណ្ឌ​របស់ EU ហើយ​គេ​ក៏​សរសើរ និង​ទទួលស្គាល់​កម្ពុជា​ផង​ដែរ ។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ប្រសាសន៍​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​មិន​បានដឹង​ថា សហភាព​អឺរ៉ុប និង​អា​មេ​រិ​ក​គេ​កំពុង​ធ្វើ​អ្វី​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា នៅ​ពេល​មានការ​សម្រេច​អ្វីមួយ រឿង​នយោបាយ វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ចៀស​មិន​រួច​ទេ តែបើ​ប្រទេស​ធំ​អត់​មាន​បញ្ហា​ទេ ហើយ​បញ្ហា​តូច​ឬ​ធំ គឺ​អាស្រ័យ​តាម​ស្ថានការណ៍​ជាក់ស្តែង ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​រូប​នេះ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា ៖«​ប្រទេស​ក្រីក្រ​ដូច​យើង​អីចឹង ពេល​មានការ​សម្រេច​អ្វីមួយ​រឿង​នយោបាយ អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច តែ​សម្រាប់​ប្រទេស​ធំ គេ​គ្មាន​បញ្ហា​ទេ ហើយ​បើ​មាន​បញ្ហា​តូច​ឬ​ធំ ចាំ​មើល​ស្ថានការណ៍​ជាក់ស្តែង » ។

លោក​បណ្ឌិត​ថា ៖« ខ្ញុំ​ឮ​ថា អា​មេ​រិ​កាំ​ង គេ​អត់​ជួយ​រឿង​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ រឿង​ហ្នឹង វា​អត់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទេ តែ​ខ្លាច​បញ្ហា​គេ​អត់​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​ទៅ​លើ​ផលិត​ផល​នាំ​ចូល​ទៅ​ប្រទេស​គេ នេះ​ទើប​ពិបាក​បន្តិច​។ ឧបមា​ថា បើ​គេ​បិទ​មិន​ឱ្យ​នាំ​ចូល​ទៅ​ប្រទេស​គេ​នោះ ការ​នាំ​ចេញពី​ប្រទេស​យើង​នឹង​ពិបាក » ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម ឱ្យ​ដឹង​ថា អ្វី​ៗ​គ្រប់យ៉ាង លើក​លែង​តែ​អាវុធ (EBA) ត្រូវ​បាន​អនុម័ត​ដោយ​វិធាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប លេខ No.416/2001 ចុះ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០០១​។ EBA គឺជា​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​សហភាព​អឺរ៉ុប ដែល​បាន​ចូល​ជា​ធរមាន ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០០១​មក និង​គ្មាន​កំណត់​ពេលវេលា​បញ្ចប់​ទេ ។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា ទំនិញ​នាំ​ចូល​ទាំងអស់ នឹង​ត្រូវ​ទទួល​បាន​នូវ​ការ​អនុគ្រោះ​មិន​ជាប់ពន្ធ​នាំ​ចូល និង​កូតា ប្រសិនបើ​អនុលោម​ទៅ​តាម​វិធាន​ប្រភព​ដើម​ទំនិញ និង​បណ្តា​វិធាន​ពាក់ព័ន្ធ​ដទៃ​ទៀត ។ គម្រោង​នេះ​គ្របដណ្តប់​ទៅ​លើ​ផលិតផល​ប្រមាណ​៧.២០០​បន្ទាត់​ពន្ធគយ ក្នុង​នោះ​៩១៩​បន្ទាត់​ពន្ធគយ គឺជា​ផលិតផល​កសិកម្ម ។

ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន​៤៨ រួម​ទាំង​កម្ពុជា​ផង​ដែរ ទទួល​បានការ​អនុគ្រោះ​ពី​គំនិត​ផ្តួចផ្តើម​នេះ ។ ចំពោះ​កម្ពុជា EBA ផ្តល់​ផលប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​វិស័យ​កសិកម្ម ជា​ពិសេស អង្ករ និង​ផលិតផល​សក្តានុពល​មួយ​ចំនួន​ទៀត ។ ជាក់ស្តែង ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​បង្កើន​ការ​នាំ​ចេញ​អង្ករ​យ៉ាងច្រើន​ទៅ​សហភាព​អឺរ៉ុប ជា​ពិសេស​ប្រទេស​បារាំង និង​អុ​ី​តា​លី ជាដើម ។ ដូច​គ្នា​នេះ​ដែរ ការ​នាំ​ចេញ​សម្លៀក​​បំពាក់​ទៅ​សហភាព​អឺរ៉ុប ក៏​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែរ ។ ការ​នាំ​ចេញ​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយសារ​តែ​ការ​បន្ធូរបន្ថយ​លើ​វិធាន​ប្រភព​ដើម​ទំនិញ ដែល​កំណត់​ធាតុ​ផ្សំ​ក្នុងស្រុក (Local content) ត្រឹមតែ​៣០%​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ