ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពត ប្រារព្ធ​ធ្វើ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​វិច្ឆិកា

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​រង្វង់​មូល​ក្រុង​កំពត រដ្ឋបាល​ខេត្តកំពត បាន​ប្រារព្ធ​ធ្វើ​ពិធី ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​រង្វង់​មូល​ក្រុង​កំពត រដ្ឋបាល​ខេត្តកំពត បាន​ប្រារព្ធ​ធ្វើ​ពិធី ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០១៧ ក្រោម​ប្រធានបទ “​តោះ​នាំ​គ្នា​សម្អាតផ្ទះ​របស់​យើង​”​។ ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម អ៊ឹ​ង ម៉េ​ង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និស្សិត ក្រុម​យុវជន​កាយ​រិ​ទ្ធ យុវជន​កាកបាទក្រហម យុ​ជន ស​.​ស​.​យ​.​ក រួម​នឹង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​២.០០០​នាក់​។ លោក ស៊ុ​យ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ ឆ្នាំ​២០១៧​នេះ ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា បាន​ធ្វើ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​បំផុស​ចលនា​អប់រំ​ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់ និង​អាជីវករ ឲ្យ​មានការ​ចូលរួម​ជា​សកម្មភាព ទាំង​ស្មារតី សម្ភារ និង​ថវិកា ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​ក្នុង​ចលនា​កិច្ច​គាំពារ​បរិស្ថាន​។

ពិសេស​គឺ​ការ​កែប្រែ​ផ្នត់គំនិត និង​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ស្រលាញ់ បរិស្ថាន មាន​ស្មារតី ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​ការ​អភិរក្ស​ជីវចម្រុះ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចិ​រ​ភាព​។ មាន​ប្រសាសន៍ ក្នុង​អង្គពិធី​នោះ ឯកឧត្ដម ចាន់ ចេស្ដា អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​កម្ពុជា​យើង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ គឺ​ស្ថិត​ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព និង​ការ​ដឹកនាំ​របស់់​សម្ដេច​តេ​ជោ ហ៊ុន សែន ដ៏​ឆ្នើម​។ ហើយ​ទន្ទឹម​នឹង​មានការ​អភិវឌ្ឍន៍ ក៏​យើង​ទាំងអស់​គ្នា​មិន​បាន​ព្រងើយកន្តើយ និង​ការ​ថែរក្សា​បរិស្ថាន​ផង​ដែរ​។ ជា​ការ​ជាក់​ស្ដើង ទិវា​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ២០១៧ ដែល​បាន​ប្រារព្ធ​ឡើង​នា​ពេល​នេះ គឺ​ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ទាំងអស់​គ្នា​ស្រលាញ់​បរិស្ថាន ស្រលាញ់​ភាព​ស្រស់​ស្អាត​។ ឯកឧត្តម អភិបាលខេត្ត​ក៏​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទីរ បរិស្ថាន​ខេត្ត អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មន្ទីរ អង្គភាព​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ​នានា បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដែល​តែងតែបាន​សហការ​គ្នា យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ស្រលាញ់​បរិស្ថាន ស្រលាញ់​ភាព​ស្រស់​ស្អាត និង​ការពារ​គុណភាព​បរិស្ថាន អភិរក្ស​ធនធានធម្មជាតិ និង​សោភ័ណ​ភាព នៅ​ខេត្តកំពត​នា​ពេល​កន្លង​មក​។

ក្នុង​គោលដៅ​ដើម្បី​សុខមាលភាព​ទាំងអស់​គ្នា ក៏​ដូច​ជា​គោលដៅ​នៃ​ការ​គាំទ្រ​ដល់ ការ​ប្រលងប្រណាំង​ទីក្រុង​ស្អាត ដែល​ខេត្តកំពត​ត្រូវ​បាន​ដើរតួ​នាទី​ជា​ម្ចាស់ផ្ទះ​សម្រាប់​បុណ្យ​សមុទ្រ នា​ឆ្នាំ​ក្រោយ​២០១៨​នេះ​ផង​ដែរ​។ ឯក​ឧត្ដ ចាន់ ចេស្ដា ក៏​បាន​អំពាវនាវ​ដល់់​សាធារណៈជន គ្រប់​មជ្ឈដ្ឋាន​ទាំង​នៅ​ក្នុង ឬ​ក្រៅ​ខេត្តកំពត​ក្ដី បណ្ដា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នានា ដែល​មក​កម្សាន្ត​លើ​ទឹកដី​ខេត្តកំពត ក៏​ដូច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ការ​ចូលរួម​សម្អាត អនាម័យ សោភ័ណ​ភាព​ទីក្រុង ទីប្រជុំជន​ឲ្យ​បាន​ទាំងអស់​គ្នា ស្រប​តាម​គោលការណ៍​បរិស្ថាន​ល្អ​ស្អាត​បី គឺ ស្អាត​ដី ស្អាត​ទឹក និង​ស្អាត​ខ្យល់​។ បន្ទាប់​ពី​បញ្ចប់​អង្គពិធី​ឯកឧត្ដម អ៊ឹ​ង ម៉េ​ង​ហួរ ឯកឧត្ដម ចាន់ ចេស្ដា និង​សមាជិក​អង្គពិធី​ទាំងអស់ បាន​ចូលរួម​សកម្មភាព​ដើម្បី​បំផុសស្មារតី​ប្រជាពលរដ្ឋ​ដោយ​បាន​សម្អាត​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ សួន​សាធារណៈ និង​ព្រែក​ក្នុង​ក្រុង​កំពត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ