ខេត្តបន្ទាយមានជ័យ ៖ សិស្សសាលាជាច្រើននាក់មកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជនក្រុងប៉ោយប៉ែតហៅកាត់ថា YDC Poipet រួមជាមួយសាលារៀនចិនម៉េងហួណ័រវ៉េស្គសហការណ៌ជាមួយអាជ្ញាធរនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះបានធ្វើយុទ្ធនាការរើសសំរាមតាមដងផ្លូវដើម្បីចូលរួមសំអាតបរិស្ថានសង្គម ។ យុទ្ធនាការរើសសំរាមតាមដងផ្លូវនេះគេឃើញមានជនបរទេសដែលធ្វើការជាអង្គការក្រៅរដ្ឋាភិបាលចូលរួមផងដែរ ។
សំរាមដែលរើសប្រមូលពីតាមទីតាំងមួយចំនួនត្រូវបានវេចខ្ចប់ដើម្បីទុកឲ្យក្រុមហ៊ុនប្រមូលសំរាមក្រុងប៉ោយប៉ែតដឹកយកទៅចាក់ចោល ជាមួយគ្នានេះអាជ្ញាធរក៏បានប្រើប្រាស់គ្រឿងចក្រដើម្បីឈូសកៀរភក់ និងដីតាមដងផ្លូវបេតុងចេញដោយអះអាងថា បញ្ចៀសការរអិលក្រោយភ្លៀងម្តងៗព្រោះតែងឃើញមានម៉ូតូរអិលដួលជាញឹកញាប់ ។
តំណាងមជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជនប៉ោយប៉ែតYDCប្រាប់ កោះសន្តិភាព ថាសិស្សដែលមកចូលរួមសកម្មភាពរើសសំរាមនេះខ្លះជាសិស្សនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជនប៉ោយប៉ែតខ្លះមកពីសាលារៀនចិនម៉េងហួណ័រវ៉េស្គសហការណ៌ជាមួយអង្គការដៃគូ អាជ្ញាធរដែនដី និងក្រុមហ៊ុនសុខស្រេង ។
តំណាងរូបនេះលើកឡើងថា ការបង្កើតកម្មវិធីរើសសំរាមនេះគឺក្នុងគោលបំណងបណ្តុះផ្នត់គំនិតដល់សិស្សគ្រប់គ្នាឲ្យយល់ដឹងពីបរិស្ថានដើម្បីលប់បំបាត់ការចោលសំរាមពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់ ។
ម្យ៉ាងជាគំរូមួយឲ្យពលរដ្ឋផ្សេងៗទៀតអនុវត្តតាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទោះជាបែបនេះក្តីសំរាមតាមដងផ្លូវនៅក្រុងប៉ោយប៉ែតនៅតែជាបញ្ហាចោទគឺក្លាយជាគំនរកន្លែងខ្លះមានដង្កូវ និងពពួកចម្លងមេរោគ(រុយ)ទៀតផង ៕
ចែករំលែកព័តមាននេះ