ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ជួយ​រឹត​ទ្រូង​ផង​! ហ្នឹងហើយ​សាលា​រៀន​

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សិស្សានុសិស្ស​អនុ​វិទ្យាល័យ​ម្រាម​ចំនួន​១៨៧​នាក់​ដែល​គ្មាន​អគារ​សិក្សា​​បាន​ទៅ​ សុំ​អគារ​សាលា​បឋម​សិក្សា​ម្រាម​មួយ​ខ្នង​ដើម្បី​សិក្សា​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ ។ លុះ​មក​ដល់​ឆ្នាំ​សិក្សា​២០១៧-២០១៨នេះ​អគារសិក្សា​កាន់តែ​បាក់បែក កាន់​​តែ​​ចាស់ជរាទ្រុឌទ្រោម​យ៉ាង​ខ្លាំង ជួសជុល​អស់​លទ្ធភាព​ដំបូល​លិច ជញ្ជាំង​រហែក​បាំង​​កៅស៊ូ​តង់ សសរពុក…

ខេត្តស្វាយរៀង ៖ សិស្សានុសិស្ស​អនុ​វិទ្យាល័យ​ម្រាម​ចំនួន​១៨៧​នាក់​ដែល​គ្មាន​អគារ​សិក្សា​​បាន​ទៅ​ សុំ​អគារ​សាលា​បឋម​សិក្សា​ម្រាម​មួយ​ខ្នង​ដើម្បី​សិក្សា​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ ។ លុះ​មក​ដល់​ឆ្នាំ​សិក្សា​២០១៧-២០១៨នេះ​អគារសិក្សា​កាន់តែ​បាក់បែក កាន់​​តែ​​ចាស់ជរាទ្រុឌទ្រោម​យ៉ាង​ខ្លាំង ជួសជុល​អស់​លទ្ធភាព​ដំបូល​លិច ជញ្ជាំង​រហែក​បាំង​​កៅស៊ូ​តង់ សសរពុក ផ្ទោង​ផ្លាន​ក៏​ពុក​ប្រឈម​និង​ការ​ដួល​រលំថ្ងៃ​ណាមួយ ដោយ​សារ​ភ្លៀង​ខ្យល់​កន្ត្រាក់​នា​ចុងរដូវ​វស្សា​នេះ ធ្វើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ព្រមទាំង​​គណៈកម្មការ​មាតា បិតា​សិស្ស​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូន​ៗ​របស់​គាត់​ក៏​បាន​អំពាវនាវ​រក​សប្បុរសជន ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ផ្តល់​អគារសិក្សា​សម្រាប់​កូន​ចៅ​យើងខ្ញុំ​ផង ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩វិច្ឆិកា នៅ​អនុ​វិទ្យា​យ​ល័យ​ម្រាម ស្ថិត​នៅ​ភូមិ​ម្រាម​ខាងត្បូង ឃុំ​ម្រាម ស្រុក​រមាស​ហែក ។ ទាក់ទិន​ករណី​ខាងលើ​នេះ​លោក​ម៉ៅ វាន នាយក​អនុ​វិទ្យាល័យ​ម្រាម បាន​មាន​ប្រសាសន៍​ថា អនុ​វិទ្យាល័យ​ម្រាម​បាន​បង្កើត​ឡើង​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៣ បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៤ មាន​លោកគ្រូ​ចំនួន​៦​រូប​សុទ្ធតែ​បុរស ។ នៅ​ឆ្នាំ​សិក្សា​២០១៣-២០១៤ មាន​សិស្ស​១២៥​នាក់ ស្រី​៥៥​នាក់​បាន​ចូល​សិក្សា ។

ដូច្នេះ​លោក​ត្រូវ​សុំ​ខ្ចី​អគារ​ចាស់​នៃ​សាលា​បឋម​សិក្សា​ម្រាម​១​ខ្នង​មក​ជួសជុល​ដើម្បី​បង្រៀន​សិស្ស រហូត​មក​ដល់​បច្ចុប្បន្ន​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ​អនុ​វិទ្យាល័យ​ម្រាម ពុំ​ទាន់​មាន​អាគារ​សិក្សា​នៅឡើយ​ទេ ហើយ​អគារសិក្សា ដែល​កំពុង​បង្រៀន​សព្វ​ថ្ងៃនេះ​គឺជា​អគារសិក្សា​បាក់បែក​របស់​សាលា​បឋម​សិក្សា​ម្រាម ដែល​បោះបង់​ចោល​យូរ​មក​ហើយ ។ គណៈកម្មការ​មាតាបិតា​សិស្ស បាន​សុំ​ខ្ចី​យក​មក​ជួសជុល ទិញ​កៅស៊ូ​តង់​មក​បិត​បាំង​បង្រៀន​សិស្ស​រហូត​មក​៥​ឆ្នាំ​ហើយ ក៏​ប៉ុន្តែ​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ សាលា​ជួសជុល​អស់​លទ្ធភាព​បិទ​បាំង​ក៏​លែង​កើត ទើប​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ។

ទោះបី​យ៉ាងណា​ក៏​ដោយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ខំប្រឹង​ប្រែង​តស៊ូ​បង្រៀន និង​រៀន​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង ហើយ​ពេល​មាន​ភ្លៀង​គឺ​មិន​អាច​បង្រៀន​កើត​ទេ។ លោក​នា​យក​បន្ត​ទៀត​ថា អនុ​វិទ្យាល័យ​ម្រាម​គ្មាន​អគារសិក្សា គ្មាន​អគារ​ទីចាត់ការ គ្មាន​បណ្ណា​ល័យ និង​គ្មាន​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ទៀត ដូច​ជា​កុំព្យូទ័រ សម្រាប់​សាលា និង​ភ្លើង​អគ្គី​ស​នី​ជាដើម ។ លោកនាយក​បន្តទៀត​ថា សិស្ស​ចំណុះ​អនុ​វិទ្យាល័យ​ម្រាម​មាន​ចំនួន​៧​ភូមិ គឺ​៖១-​ភូមិ​ម្រាម​ខាងត្បូង ២-​ភូមិ​ម្រាម​ខាងជើង ៣-​ភូមិ​អក​មូល ៤-​ភូមិ​តា​ទ្រូ ៥-​ភូមិ​បឹង​ភេ ៦-​ភូមិ​ត្រពាំង​ជ័រ និង​៧-​ភូមិ​ព្រៃ​ស្រះ ។

ចំណែក​លោក​ម៉​ម សា​វុ​ធ នាយក​សាលា​បឋម​សិក្សា​ម្រាម បាន​ឲ្យ​ដឹង​ថា សាលា​បឋម
សិក្សា​ម្រាម មាន​ផ្ទៃដី​សរុប​៨,៩៧៧​ម៉ែត្រការ៉េ២៥ មាន​បុគ្គលិក​សិក្សា​១៥​នាក់ ស្រី​៨​នាក់ មាន​សិស្ស​សរុប​៤៧២​នាក់ ស្រី​២១០​នាក់ មាន​១៣​ថ្នាក់ ។ លោក​ថ្លែង​ថា ចំណែក​អគារសិក្សា​មាន២​ខ្នង​ស្មើ​៧​បន្ទប់ (​ចែក​ជា​២​ពេល​ព្រឹកល្ងាច​)​។ លោកនាយក​បន្ត​ទៀត​ថា អគារសិក្សា​ក៏​ចាស់​ទ្រុឌទ្រោម​ដែរ ពេល​មាន​ភ្លៀង​ខ្យល់​ត្រូវជម្លៀស​សិស្ស​ចេញពី​សាលា​រក​កន្លែង​មាន​សុវត្ថិភាព ។

ដូច្នេះ​តម្រូវការ​អាគារ​១​ខ្នង ស្មើ​៦​បន្ទប់ បំពាក់គ្រឿងសង្ហារឹម តុ កៅអី ក្តារខៀន ។ សុំ អគារ​ទីចាត់ការ​១​ខ្នង ១​បន្ទប់ បណ្ណាល័យ​១​បន្ទប់ និង​បង្គន់​អនាម័យ​១​ខ្នង ស្មើ​៤​បន្ទប់ ។​សិស្ស​ចំណុះ​សា​លាប​ឋ​សិក្សា​ម្រាម​មាន​៧​ភូមិ​ដែរ​គឺ​ភូមិ​ម្រាម​ខាងត្បូង ភូមិ​ម្រាម​ខាង​ជើង ភូមិ​ត្រពាំង​ជ័រ ភូមិ​អក​មូល ភូមិ​តា​ទ្រូ ភូមិ​ល្បើក​និង​ភូមិ​ព្រៃ​ស្រះ ។

គ្រប់​មជ្ឈដ្ឋាន​និយាយ​ថា ប្រសិនបើ​ដំណឹង​នេះ​បាន​ទៅ​ដល់​សម្តេច​តេ​ជោ​ប្រាកដជា​បាន​ភ្លាម ព្រោះ​សម្តេច​តេ​ជោ​មិន​ដែល​ទុក​ឱ្យ​មាន​ទិដ្ឋភាព​មហា​ល្ហេ​ម​ល្ហា​ម​បែប​នេះ​ឡើយ។

អត្ថបទសរសេរ ដោយ