ខេត្តឧត្តរមានជ័យ ៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមជាឈ្មួញឈើគ្រញូងឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ តាមដីការបស់លោកទ្រី សុភ័ត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនឈើគ្រញូង និងឈានទៅដល់ការបង្ក្រាបទីតាំងឃ្លាំងស្តុកឈើគ្រញូងរបស់ឈ្មួញរូបនេះ ។
ក្នុងប្រតិបត្តិការចុះឃាត់ខ្លួន មេឈ្មួញឈើគ្រញូង យាយ ម៉ាយ អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣៥នាទី ស្ថិតនៅភូមិអភិវឌ្ឍន៍ឃុំអន្លង់វែង ស្រុក អន្លង់វែង ។
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យបានឲ្យដឹងថា ក្រោយពីចាប់ខ្លួន មេឈ្មួញឈើជនជាតិវៀតណាមតាមដីការបស់ចៅក្រមស៊ើបសួរតុលាការខេត្តមក លោកក៏បានបន្តដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរួមនឹងលោក អឹម សាវរិត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានបន្តចុះទៅឆែកឆេរឃ្លាំងស្តុកឈើគ្រញូង ស្ថិតនៅភូមិ១០៥ ឃុំផ្អៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅទីតាំងឃ្លាំងស្តុកឈើខាងលើរឹបអូសបានវត្ថុតាងមួយចំនួនដូចជា រថយន្តហៃឡែនដឺពណ៌ទឹកប្រាក់ គ្មានស្លាកលេខ១គ្រឿង និងរថយន្តបាឡែនពណ៌ ទឹកប្រាក់គ្មានស្លាកលេខ០១គ្រឿង ស្តុកឈើគ្រញូងពេញរថយន្តកាមារីឆ្លាមពណ៌សរច្នៃកាត់ទ្រុង០១គ្រឿង ស្លាកលេខ ២E-៨៧៧៦ ភព ម៉ាស៊ីន និងឧបករណ៍ជ្រៀកឈើគ្រញូងចំនួន៣គ្រឿង រួមទាំងគ្រញូងមួយចំនួនទៀត ។
លោក កូយ កាន់យ៉ាបានបន្ថែមថា បច្ចុប្បន្នជនសង្ស័យជាជនជាតិវៀតណាមខាងលើបានបញ្ជួនទៅសាលាដំបូងខេត្ត ដោយឡែកវត្ថុតាងឈើគ្រញូងរថយន្ត និងសម្ភារប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីកសាងសំណុំរឿងបន្តទៀត ។
គួរបញ្ជាក់ថា មេឈ្មួញគ្រញូងឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ អាយុ៣៩ឆ្នាំ ជាជនជាតិវៀតណាម ត្រូវចាប់ខ្លួនជាលើកទី២ ដែលកន្លងមកស្ត្រីរូបនេះត្រូវបានតុលាការខេត្តកំពង់ធំចាប់ដាក់ពន្ធនាគាររួចម្តងមកហើយ ពាក់ព័ន្ធនឹងការដឹកជញ្ជូនអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ តែក្រោយពីរួចខ្លួន ស្ត្រីរូបនេះនៅតែបន្តសកម្មភាពជួញដូរឈើគ្រញូងខ្លាំងលើសដើម ៕
ចែករំលែកព័តមាននេះ