ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ទាមទារ​ឱ្យ​មាន​វិធានការ​តឹងរ៉ឹង​លើ​អគារ​ខុន​ដូ​ខ្ពស់​ៗ

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ សហគមន៍​ចំនួន​៨ ក្នុង​សង្កាត់ Phaya Thai ទីក្រុង​បាងកក បាន​ដាក់​ញត្តិ​ទៅ​កាន់​ការិយាល័យ Ombudsman ដើម្បី​ទាមទារ​ឱ្យ​ស៊ើបអង្កេត​លើ​ភ្នាក់ងារ​រដ្ឋ…

ទីក្រុង​បាងកក ៖ សហគមន៍​ចំនួន​៨ ក្នុង​សង្កាត់ Phaya Thai ទីក្រុង​បាងកក បាន​ដាក់​ញត្តិ​ទៅ​កាន់​ការិយាល័យ Ombudsman ដើម្បី​ទាមទារ​ឱ្យ​ស៊ើបអង្កេត​លើ​ភ្នាក់ងារ​រដ្ឋ ដែល​ទទួលខុសត្រូវ​អនុញ្ញាត​ឱ្យ​សាងសង់​ខុន​ដូ​ខ្ពស់​ៗ​នៅ​ក្នុង​សង្កាត់​របស់​ពួក​គេ ។

លោក Phumrat Kasemsomboonchai តំណាង​ឱ្យ​សហគមន៍​ក្នុង​សង្កាត់ Phaya Thai បាន​និយាយ​ថា ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ជាង​១០០​នាក់​នៅ​តាម​ដងផ្លូវ Phahon Yothin ត្រូវ​បាន​ប៉ះពាល់​ដោយសារ​គម្រោង​លំនៅ​ឋាន​ថ្មី ។

លោក​និយាយ​ថា ដំបូង​ឡើយ ពួក​គេ​ត្រូវ​ទ្រាំទ្រ​នឹង​សំឡេង​ខ្លាំង​ៗ ពេល​ខ្លះ មាន​ធ្លាក់​វត្ថុ​ក្នុងអំឡុងពេល​សាងសង់ ហើយ​ឥឡូវនេះ ពួក​គេ​មាន​បញ្ហា​ស្ទះចរាចរណ៍​ធ្ងន់ធ្ងរ និង​ទឹកជំនន់​មិន​ធ្លាប់​មាន​ពី​មុន​មក ។

លោក Phumrat បន្ត​ថា កង្វះខាត​ការ​គ្រប់គ្រង​ត្រឹមត្រូវ ដោយសារ​ការ​កើនឡើង​នៃ​អគារ​ខុន​ដូ​ខ្ពស់​ៗ​ទាំងនេះ ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា គម្រោង​ទាំងនោះ​បាន​ពិភាក្សា​ដោយ​អាជ្ញាធរ​ជា​មុន ។

លោក​ក៏​បាន​ចង្អុលបង្ហាញ​ថា ផ្លូវ​មួយ​ចំនួន​ដែល​មាន​ប្រវែង​តិច​ជាង​១០​ម៉ែត្រ មិន​គួរ​អនុញ្ញាត​ឲ្យ​សាងសង់​អគារ​ខ្ពស់​នៅ​តំបន់​នោះ​ទេ​។ ដោយ​ផ្អែក​លើ​បទបញ្ជា​របស់​រដ្ឋមន្ត្រី ក្រោម​ច្បាប់​គ្រប់គ្រង​អគារ​ឆ្នាំ​១៩៧៩ អគារ​មាន​កម្ពស់​ខ្ពស់​ជាង​២៣​ម៉ែត្រ ឬ​៨​ជាន់ គឺ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​លើ​ផ្លូវ​មាន​ទទឹង​តិច​ជាង​១០​ម៉ែត្រ​ទេ ។

លោក​និយាយ​ថា ៖« បញ្ហា​ចរាចរណ៍​បាន​កើនឡើង បន្ទាប់​ពី​គម្រោង​ទាំងនេះ​ចាប់ផ្តើម​។ វា​អាច​រារាំង​ដល់​ការ​ជួយ​សង្គ្រោះ​ក្នុង​ករណី​ភ្លើង​ឆេះ​ផង​ដែរ ។ ចំណែកឯ​ប្រព័ន្ធ​បង្ហូរទឹក ក៏​មាន​បញ្ហា​មិន​អាច​ទទួលយក​បាន » ។

យោង​តាម​លោក Phumrat គឺ​មាន​គម្រោង​លំនៅ​ឋាន​ជាង​២០​ក្នុង​សហគមន៍​ចំនួន​៧ និង​កំណត់​ការ​សាងសង់​សម្រាប់​៥​កន្លែង​ផ្សេង​ទៀត​។

លោក​បន្ត​ថា គម្រោង​ខ្លះ​ត្រៀម​បញ្ជូន​ការ​សិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​សុខភាព និង​បរិស្ថាន​ទៅ​កាន់​អាជ្ញាធរ ទោះបីជា​ការ​ចរចា​ជាមួយ​អ្នកស្រុក​មិន​ទាន់​បញ្ចប់​ក្តី ។ លោក​ថា ៖«​ដូច្នេះ យើង​បាន​ស្នើ​សុំ​ការិយាល័យ Ombudsman ពិនិត្យ​មើល​តួនាទី​ភ្នាក់ងារ​រដ្ឋ រួម​ទាំង​ការិយាល័យ​ខណ្ឌ រដ្ឋបាល​ក្រុង​បាងកក និង​ការិយាល័យ​ផែនការ​ក្រុង » ។

លោក Norarit Kasemsomboonchai ជា​អ្នក​រស់នៅ​ច្រក​ផ្លូវ Phahon Yothin 5 និយាយ​​ថា ចរាចរណ៍​ណែនណាន់ គឺជា​បញ្ហា​ប្រឈម​មុខ​ខ្លាំង​បំផុត​របស់​ប្រជាពលរដ្ឋ ។ លោក​​ថា ៖«​យើង​មិន​ប្រឆាំង​នឹង​ការ​សាងសង់​អគារ​ខ្ពស់​ៗ​ទេ ប៉ុន្តែ​យើង​ចង់ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធានា​ថា ការ​សាងសង់​ទាំងនោះ​នឹង​មិន​ប៉ះពាល់​ដល់​ជីវ​ភាព​រស់នៅ​របស់​អ្នក​ដទៃ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ