រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈពេលជិះម៉ូតូឌុបទៅឈប់នៅចំណតរថយន្តតាក់ស៊ី ត្រូវបានអ្នករត់តាក់ស៊ីម្នាក់រួមជាមួយបក្សពួករត់ទៅដណ្ដើមយកអីវ៉ាន់គាត់ទៅដាក់នៅក្នុងរថយន្ត និងបានបង្ខំឲ្យជិះរថយន្តម្ដងហើយម្ដងទៀត ប៉ុន្តែបុរសនោះមិនព្រមជិះឡើយ។ ការរឹងទទឹងបែបនេះជាហេតុធ្វើឲ្យអ្នករត់តាក់ស៊ីឈាមក្ដៅផ្ទុះកំហឹងក៏ស្ទុះទាញដែកបំពង់ទីបចេញពីក្នុងរថយន្ត រួចបានដេញវាយបុរសនោះតែម្ដង។ ប៉ុន្តែពេលនោះជនរងគ្រោះបានរត់រួចទើបផុតពីការគ្រោះថ្នាក់ ហើយក៏ប្ដឹងទៅនគរបាលឲ្យជួយអន្តរាគមន៍ តែក្រុមជនកំណាចបានបើករថយន្តគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ២១៧ហៅផ្លូវចំការដូង ត្រង់ចំណុចស្ពានដែកក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ ។
បុរសដែលជាជនរងគ្រោះខាងលើនោះបានឲ្យដឹងថា គាត់ឈ្មោះ ជន សាវ អាយុ៣០ឆ្នាំ ប្រកបរបរលក់ដូរ ស្នាក់នៅក្នុងខេត្តសៀមរាប និងមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងខេត្តតាកែវ រងរបួសដៃឆ្វេង។ ដោយឡែកនៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីទៅលេងផ្ទះមិត្តភក្តិម្នាក់ស្ថិតនៅជិតសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ខពោធិ៍សែនជ័យ ។
បុរសខាងលើបានបន្តឲ្យដឹងទៀតថា ក្រោយ ពីបានជួបជុំនិយាយគ្នាពីនេះពីនោះជាមួយមិត្តភក្ដិរួចហើយ គាត់បានលាមិត្តភក្ដិនិងជិះម៉ូតូឌុបមករករថយន្តតាក់ស៊ី ដើម្បីបន្តដំណើរទៅផ្ទះរបស់គាត់ ដែលស្ថិតនៅក្នុងខេត្តតាកែវ។ លុះពេលជិះម៉ូតូទៅដល់ចំណតរថយន្តត្រង់ចំណុចអតីតស្ពានដែក ពេលទៅដល់មិនទាន់ទាំងបានឈប់ម៉ូតូផង ស្រាប់តែជនដៃដល់រត់ទៅដណ្ដើមយកកាបូបដាក់អីវាន់របស់គាត់រួចបានបង្ខំឲ្យគាត់ឡើងជិះរថយន្តរបស់គេតែម្តង។ ប៉ុន្តែគាត់មិនត្រឹមតែមិនជិះនោះទេ គឺបានឆក់យកកាបូបអីវាន់មកវិញថែមទៀតផង ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះស្រាប់តែអ្នកបើកបររថយន្តកំណាចម្នាក់នេះរួមនឹងបក្សពួកបានទាញយកដែកបំពង់ទីបពីក្នុងរថយន្តដេញវាយគាត់ទាំងកំរោលតែម្ដង។ ខណៈនោះគាត់គ្មានឱកាសដើម្បីតដៃបានឡើយ ក៏ស្ទុះរត់គេចខ្លួនយកតែប្រាសអាយុ បើមិនដូច្នេះទេប្រាកដជាត្រូវស្លាប់ក្រោមកណ្ដាប់ដៃជននោះបាត់ទៅហើយ។ ក្រោយមកជនកំណាចទាំងនោះបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ចំណែករូបគាត់បានទៅដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីកម្លាំងនគរបាលខណ្ឌដង្កោ ៕
ចែករំលែកព័តមាននេះ