រាជធានីភ្នំពេញ ៖ សារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងទៅកាន់ជនរួមជាតិ នៅល្ងាចថ្ងៃទី១៦ វិច្ឆិកា បន្ទាប់ពីតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ។ សម្តេចតេជោបានថ្លែងថា ខ្ញុំមានការចាំបាច់ដើម្បីថ្លែងសារទៅកាន់ជនរួមជាតិ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ។ ទោះបីជារយៈពេលកន្លងទៅសភាពការណ៍ពិភពលោក ក៏ដូចជាបានមានការប្រែប្រួលយ៉ាងណាក៏ដោយតែគណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ខ្ជាប់ឥតងាករេនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន ធ្វើការរួមសុខរួមទុក្ខជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈ ។ យើងបានបន្តជាមួយនឹងគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងឯកភាពជាតិ ដើម្បីប្រមូលកម្លាំងសាមគ្គី ក្នុងនោះគឺធានាឱ្យបាននូវឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី ។ យើងក៏បានខិតខំដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ ។
គណបក្សសង្គ្រោះជាតិពីការធំធាត់យ៉ាងរហ័សមកបញ្ចប់ត្រឹមអាយុជាង៥ឆ្នាំ
លោក អ៊ឹង ប៊ុនថន អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ បានរំឭកឡើងវិញពីការកកើតគណបក្សប្រឆាំងនេះពីការរីកធំធាត់ដ៏ឆាប់រហ័ស តែការរលាយទៅវិញក៏រហ័សដែរ ។ កោះសន្តិភាព បានដកស្រង់ចំណុចសំខាន់ៗនេះមកបន្តផ្សព្វផ្សាយដូចខាងក្រោម ៖ គណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គឺជាការចាប់កំណើតដោយមានការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី ដែលមានរូបសញ្ញាភ្លើងទៀន ដឹកនាំដោយ លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានរូបសញ្ញាព្រះចន្ទពេញវង់ ដឹកនាំដោយលោក កឹម សុខា ។ ការច្របាច់បញ្ចូលគ្នានេះ ត្រូវបានធ្វើឡើងតាមរយៈកិច្ចប្រជុំពិសេសមួយរវាងលោក សម រង្ស៊ី និងលោក កឹម សុខា នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ហើយរូបសញ្ញាគណបក្សសង្គ្រោះជាតិត្រូវបានប្រែទៅជារូបព្រះអាទិត្យរះវិញ ដោយលោក សម រង្ស៊ី ធ្វើជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ។
ក្រោយពីការចាប់ដៃគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងធំជាងគេនេះ បានទទួលការគាំទ្ររហូតដល់៥៥អាសនៈសភានៃលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ។ ទោះជាយ៉ាងណា ដំបូងឡើយគណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់លទ្ធផលនោះទេ ដោយបានធ្វើបាតុកម្មតវ៉ាលទ្ធផលឆ្នោតជិតមួយឆ្នាំ គឺតាំងពីចុងឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៤ ។ ភាពខ្លាំងរបស់គណបក្សសង្គ្រោះជាតិ គឺនៅមុនពេលបោះឆ្នោតឆ្នាំ២០១៣ គណបក្សនេះបានឃោសនាគោលនយោបាយរបស់ខ្លួនដល់ម្ចាស់ឆ្នោត ស្តីពីការដំឡើងប្រាក់ខែមន្ដ្រីរាជការនិងកម្មករ ការផ្ដល់ប្រាក់ឧបត្ថម្ភដល់ជនចាស់ជរា ការផ្ដល់ការព្យាបាលជំងឺដល់អ្នកក្រីក្រដោយឥតគិតថ្លៃ គោលនយោបាយដីធ្លី ការបញ្ចុះតម្លៃជីកសិកម្ម និងប្រេងសាំងជាដើម ។
ក្រោយពីការធ្វើបាតុកម្ម គណបក្សប្រឆាំងមួយនេះបានជួបព្យុះភ្លៀងជាបន្តបន្ទាប់។ ព្យុះភ្លៀងដែលសមាជិកគណបក្សសង្គ្រោះជាតិបានជួបប្រទះនោះរួមមាន ការចាប់ខ្លួនបេក្ខជនជាប់
ឆ្នោតតំណាងរាស្ត្រចំនួន៧រូប ខណៈមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែត្រូវបានដោះលែងវិញ ។
លុះប៉ុន្មានខែក្រោយមក ក៏មានការចាប់កាត់ទោសមន្ត្រីនិងសកម្មជនសរុបជិត២០រូបរបស់
គណបក្សប្រឆាំង ដោយចោទប្រកាន់ថាជាប់ទាក់ទងនឹងបាតុកម្មហិង្សានៅជិតទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ ។ លើសពីនេះទៀត នៅឆ្នាំ២០១៥ ក៏មានការចាប់កាត់ទោស តំណាងរាស្ត្រ លោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ទាក់ទងនឹងរឿងផែនទីព្រំដែន ។ ប៉ុន្តែលោក ហុង សុខហួរ ត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីពេលថ្មីៗនេះ ឯលោក អ៊ុំ សំអាន នៅបន្តជាប់ពន្ធនាគារ ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ តំណាងរាស្ត្រ២រូបមកពីគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវបានគេវាយដំនៅក្បែវិមានរដ្ឋសភា ខណៈមានបាតុកម្មទាមទារឲ្យ លោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា ។ លុះដល់ខែឧសភា ឆ្នាំ២០១៦ លោក កឹម សុខា ត្រូវបានឃុំខ្លួនឯងនៅក្នុងទីស្នាក់ការគណបក្សអស់រយៈពេល៦ខែ បន្ទាប់ពីតុលាការចោទប្រកាន់ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទ ។ ប៉ុន្តែលោក កឹម សុខា បានចាកចេញពីការឃុំខ្លួនឯងវិញ ក្រោយពីព្រះមហាក្សត្រលើកលែងទោស ។
ចំណែក លោក សម រង្ស៊ី ដែលនិរទេសខ្លួននៅក្រៅប្រទេសនោះ បានប្រកាសលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ ខណៈច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្មជាលើកទី២ ហាមទណ្ឌិតជាប់ពាក់ព័ន្ធនឹងគណបក្ស ។ បន្ទាប់ពីនោះមក គណបក្សសង្គ្រោះជាតិ បានធ្វើសមាជដោយជ្រើសរើសលោក កឹម សុខា ធ្វើប្រធានគណបក្សនេះ ដោយដឹកនាំធ្វើការឃោសនាការបោះឆ្នោតថ្នាក់មូលដ្ឋាននៅឆ្នាំ២០១៧នេះ និងមានអនុប្រធាន៣រូប គឺលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែមិថុនាកន្លងទៅ គណបក្សសង្គ្រោះជាតិដណ្តើមបានអាសនៈក្រុមប្រឹក្សាឃុំ -សង្កាត់ជាង៥ពាន់អាសនៈ ជាមេឃុំ ចៅសង្កាត់ជិត៥រយនាក់ គឺជាចំនួនជិតស្មើពាក់កណ្តាលនៃអាសនៈសរុបទូទាំងប្រទេសជាង១.៦០០ឃុំ-សង្កាត់ ។
៣ខែក្រោយមក គឺនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនយកទៅឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុង ក្រោមបទចោទថា ក្បត់ជាតិ ។ ដ្បិតមកដល់ពេលនេះ លោក កឹម សុខា មិនទាន់ត្រូវបានបើកសវនាការកាត់ទោសនៅឡើយ ប៉ុន្តែគណបក្សសង្គ្រោះជាតិដែលស្ថិតក្រោមការដឹកនាំរបស់លោក ត្រូវបានតុលាការកំពូលបើកសវនាការរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ហើយលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះសរុប១១៧រូបផ្សេងទៀត ក៏ត្រូវបានតុលាការកំពូលហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ