រាជធានីភ្នំពេញ ៖ អតីតទីលានចាក់សំរាម និងកាកសំណល់ផ្សេងៗ ដែលប្រជាពលរដ្ឋក្រីក្រ និងក្មេងអនាថារាប់រយនាក់តែងនាំគ្នាទៅរើសសំរាមជាប្រចាំនោះ បច្ចុប្បន្នទីនោះបានប្រែក្លាយរូបរាងមកជាទីទួលដែលត្រូវបោះបង់ចោលអស់រយៈពេលជិត១០ឆ្នាំមកហើយ និងមានស្មៅដុះហ៊ុមព័ទ្ធដូចភ្នំ ។ នោះគឺទីលានចាក់សំរាមស្ទឹងមានជ័យ ដែលមានផ្ទៃដីជិត៦ហិកតា និងមានកម្ពស់ជាង៥០ម៉ែត្រ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
កំឡុងពេលអតីតទីលានចាក់សំរាមនេះពុំទាន់បានទុកចោល ពោលគឺប្រមាណជាង១០ឆ្នាំមុន គេតែងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋក្រីក្រដែលប្រកបរបររើសអេតចាយដើម្បីចិញ្ចឹមជីវិត តែងនាំគ្នាទៅកាន់ទីលានចាក់សំរាមមួយនេះ ដើម្បីកាយយកថង់ និងគ្រឿងអេតចាយដូចជា ជ័រ ដែក ស្ពាន់ និងអាលុយមីញ៉ូមជាដើម ដែលអាចយកទៅលក់បានប្រាក់បន្តិចបន្តួចត្រឡប់មកវិញ គ្រាន់ចិញ្ចឹមជីវិតនិងផ្គត់ផ្គង់ជីវភាពគ្រួសារ ។
ប្រជាពលរដ្ឋដែលទៅរើសអេតចាយនៅអតីតទីលានចាក់សំរាមនិយាយថា ពួកគាត់អាចរកចំណូលបានចាប់ពី៣ម៉ឺនរៀលទៅ៤ម៉ឺនរៀលក្នុង១ថ្ងៃ ។ ប៉ុន្តែនៅថ្ងៃខ្លះអាចរកបានតែ១៥.០០០រៀលក៏មានដែរ ព្រោះសំរាមដែលប្រមូលមកពីទីប្រជុំជន នៅថ្ងៃខ្លះពុំមានគ្រឿងអេតចាយ ដូចជាដបទឹកបរិសុទ្ធ និងសម្បកកំប៉ុងទឹកក្រូចច្រើនទេ ដូច្នេះហើយចំណូលក៏ពុំសូវរកបានច្រើនទៅតាមនោះដែរ ។
គួរបញ្ជាក់ថា កាលពីកំឡុង១០ឆ្នាំមុន លំនៅឋាននៅក្បែរនោះ គឺជាប្រភេទផ្ទះខ្ទមតូចៗ
សង់ឡើងពីឈើប្រក់សង្ក័សីចាស់ៗ ឬប្រក់ស្បូវ ដែលបងប្អូនពលរដ្ឋក្រីក្រជ្រកកោនដើម្បីប្រកបរបររើសអេតចាយនៅអតីតទីលានចាក់សំរាមខាងលើ ។ ប៉ុន្តែបើយើងក្រឡេកមកមើលនាពេលបច្ចុប្បន្ននេះវិញ លំនៅឋានប្រភេទខ្ទមប្រក់ស្បូវនោះស្ទើរតែ១០០ភាគរយពុំមានដូចមុនទៀតឡើយ គឺប្រែក្លាយមកជាលំនៅឋានប្រភេទផ្ទះថ្មតូចធំមួយចំនួនមកវិញ ខណៈដែលទីលានចាក់សំរាមចាស់ត្រូវបញ្ឈប់លែងអនុញ្ញាតឲ្យចោលសំរាម ហើយផ្លាស់ប្តូរពីទីតាំងចាស់ទៅកាន់ទីតាំងថ្មី ស្ថិតក្នុងទឹកដីនៃសង្កាត់ជើងឯក ខណ្ឌដង្កោ វិញ ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានប្រាប់កោះសន្តិភាពតាមរយៈប្រព័ន្ធទំនាក់ទំនង WhatsApp កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកាថា អតីតទីលានចាក់សំរាមខាងលើនេះ លោកក្តាប់ព័ត៌មានមិនសូវជុំទេ ព្រោះជាការងាររបស់សាលារាជធានីភ្នំពេញ ។ ប៉ុន្តែលោកបានដឹងខ្លះៗត្រឹមថា ទីលាននេះដូចជាបានវិនិយោគឲ្យទៅដៃគូរឯកជនមួយរួចហើយ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ តែលោកមិនដឹងថាគេមានគម្រោងអភិវឌ្ឍន៍តំបន់នេះឲ្យទៅជាអ្វីឲ្យប្រាកដឡើយ ។
លោកអភិបាលខណ្ឌបន្ថែមថា តាមការសន្និដ្ឋាន នៅថ្ងៃអនាគតតំបន់នេះអាចអភិវឌ្ឍន៍
ទៅជាសាលារៀន ផ្សារទំនើប ឬជាមន្ទីរពេទ្យជាដើម ប៉ុន្តែអ្វីឱ្យប្រាកដ១០០ភាគរយនោះលោកពុំដឹងច្បាស់នៅឡើយទេ ។
គួររំឭកថា កាលពីកំឡុងឆ្នាំ១៩៩៥ មានអង្គការមួយឈ្មោះ «អង្គការស្នាមញញឹមនៃកុមារ-PSE» ដែលបានបង្កើតឡើងដោយប្តីប្រពន្ធជាជនជាតិបារាំងគឺ លោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយែរ និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ បានជួយសង្គ្រោះនិងកែប្រែវាសនាក្មេងៗរាប់ពាន់នាក់ដែលរស់នៅជាមួយនឹងគំនរសំរាមខាងលើ ឲ្យរួចផុតពីភាពតោកយ៉ាក លំបាកក្រីក្រ និងគ្មានទីពឹង ទីជម្រកជាដើម ។
អង្គការមួយនេះ បានយកកុមារតូចៗខាងលើ ទៅអប់រំណែនាំឱ្យរៀនសូត្រតាមកម្រិតនៃសាលារដ្ឋ បង្ហាត់បង្រៀនទាំងចំណេះដឹង ចំណេះធ្វើ និងជំនាញផ្សេងៗ និងជួយរកការងារឱ្យពួកគេធ្វើក្រោយពីបញ្ចប់ការសិក្សាផងដែរ ។ បន្ថែមពីនេះ អង្គការក៏មានផ្តល់ទីកន្លែងស្នាក់នៅដល់ក្មេងៗដែលភាគច្រើនមកពីជនបទ និងមួយចំនួនជាក្មេងកំព្រាឪពុកម្តាយ ដោយប្តីប្រពន្ធជនជាតិបារាំងដែលជាស្ថាបនិកអង្គការ PSE បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនទិញដីដ៏ធំមួយទំហំជាង១ហិកតា ដើម្បីសាងសង់ជាអគារសិក្សា បណ្ណាល័យ បន្ទប់ហូបចុក ស្នាក់នៅ និងអគាររដ្ឋបាលទូទៅជាច្រើនទៀត សម្រាប់ផ្គត់ផ្គង់ដល់ការរៀនសូត្រ និងការរស់នៅរបស់ក្មេងៗទាំងនោះ ។
លោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយែរ (Christian GAUQUELIN des PALLIERES) ដែលសិស្សទូទៅហៅលោកថា «ប៉ាប៉ា-PAPA» និងជាស្ថាបនិកនៃអង្គការខាងលើនេះ បានទទួលមរណភាពកាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយជរាពាធក្នុងវ័យ៨២ឆ្នាំ ។ លោក និងភរិយា គឺលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ
ជាជនជាតិបារាំង និងបានចូលមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩០មកម្ល៉េះ។
ពួកគាត់បានស្នើទៅដល់ព្រះមហាក្សត្រ ដើម្បីសុំចូលជាសញ្ជាតិខ្មែរ ក៏ត្រូវបានព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យឲ្យចូលសញ្ជាតិខ្មែរ តាំងពីឆ្នាំ២០០៤ ។
គិតមកដល់បច្ចុប្បន្ន ក្រុមកុមារតូចៗដែលអង្គការយកមកចិញ្ចឹមបីបាច់តាំងពីឆ្នាំ១៩៩៥មកនោះ ម្នាក់ៗបានចេញធ្វើការងារនៅតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន ឬតាមជំនាញផ្សេងៗ អស់ហើយដែរ ទៅតាមបទពិសោធន៍ និងចំណេះដឹងដែលបានឆ្លងកាត់ការរៀនសូត្រ់ពីអង្គការPSE រួចមក ។ នេះបើតាមតំណាងអង្គការបានប្រាប់ភ្នាក់ងារកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ