ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប​ល្បុក្កតោ​ក្មេង​វត្ត​ប្រកាស​សុំ​ជំនួយដល់​កីឡាការិនី ពេជ្រ ចរណៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​ចុង​ក្រោយ តារា​សម្ដែង​នាង​ពេជ្រ ចរណៃ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​សិស្ស​គុន​ល្បុក្កតោ​ផង កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ដោយ​សារជំងឺ​បេះដូង​ប្រហោង និង​ដាច់​សរសៃ​ប្រឹស​បេះ​ដូង​របស់​នាង​អត់​មាន​ជំនួយ​វះ​កាត់ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​ចុង​ក្រោយ តារា​សម្ដែង​នាង​ពេជ្រ ចរណៃ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​សិស្ស​គុន​ល្បុក្កតោ​ផង កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ដោយ​សារជំងឺ​បេះដូង​ប្រហោង និង​ដាច់​សរសៃ​ប្រឹស​បេះ​ដូង​របស់​នាង​អត់​មាន​ជំនួយ​វះ​កាត់ ។ នាង​ត្រូវ​គេ​ដឹង​ថា កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ប្រទេស​ថៃ ដោយ​ប្រើ​ថ្នាំ​​ពន្យារ​ជីវិត​ដើម្បី​រង់​ចាំ​ជំនួយ​ពី​ខាង​ផលិតកម្ម​ទេពនិករ ដែល​បាន​ប្រកាស​ចេញ​មុខ​ស្វែង​រក​ជំនួយ​ពី​សប្បុរសជន​ដើម្បី​ឱ្យ​នាង​មាន​លទ្ធភាព​ទទួល​ការ​វះកាត់​បេះ​ដូង ប៉ុន្តែ​មក​ទល់​ពេល​នេះ​ផលិតករ​របស់​ផលិតកម្ម​ទេពនិករ​អះអាង​ថា រក​មិន​បាន​អ្នក​មានចិត្ត​ធម៌​សប្បុរស​តាម​ការ​ប្រកាស​នោះ​ឡើយ ។

លោក វិ​រៈ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​គ្រូបង្វឹក​ប្រចាំ​ក្លិប​ល្បុក្កតោ​ក្មេង​វត្ត និង​ជា​គ្រូបង្វឹក​របស់​​​នាង​ផង​បាន​អះអាង​ថា លោក​នឹង​ចេញ​មុខ​អំពាវនាវ​ឱ្យ​បាន​ពេញទំហឹង តាម​រយៈ​ការ​ផលិត​វី​ដេ​អូ និង​បង្ហោះ​សារ​ជា​ច្រើន​ដើម្បី​សុំ​ជំនួយ​សង្គ្រោះ​ជីវិត កញ្ញា ពេជ្រ ចរណៃ ដែល​នាង​ក៏​ជា​តារា​សម្ដែង​មួយ​រូប​ផង ។ លោក​ថា​នាង​គឺជា​កូនសិស្ស​មួយ​រូប​ក្នុង​ចំណោម​​​សិស្ស​គុន​ល្បុក្កតោ ដែល​ស្ថិត​ក្នុង​ស្ថានភាព​មិន​ខុស​ពី​ដេកចាំ​ស្លាប់​នោះ​ទេ ដោយសារ​តែ​ថវិកា​ដែល​រំពឹង​ថា​នឹង​ទទួល​បាន​ពី​ផលិតករ​របស់​ផលិតកម្ម​ទេពនិករ គឺ​មិន​មាន​តម្រុយ​ទេ​មក​ទល់​ពេល​នេះ ។ លោក​អះអាង​ថា មុន​ពេល​ចាកចេញ ភាគី​អ្នក​ជំងឺ​រំពឹង​ទាំងស្រុង​ទៅ​លើ​ផលិតកម្ម​ទេពនិករ ថា​នឹង​អាច​រកបាន​ថវិកា​ពី​សប្បុរសជន​​ជួយ​លើ​ការ​វះកាត់​ទើប​ចាកចេញ​ទៅ ប៉ុន្តែ​ដំណឹង​ចុង​ក្រោយ​គឺ​មិន​អាច​រកបាន​អ្នក​ចេញ​មុខ​ជួយ​ដល់​កញ្ញា ពេជ្រ ចរណៃ នោះ​ទេ ទើប​លោក​យល់​ថា សិស្ស​គុន​របស់​លោក​មិន​ខុស​ពី​ដេកចាំ​ស្លាប់​ដោយសារ​តែ​នាង​អត់​មាន​លទ្ធភាព​ក្នុង​ការ​វះកាត់​ថែម​ទាំង​ដល់​ដំណាក់កាល​ពន្យារ​ស្ថានភាព​ជំងឺ​លែង​ចង់បាន​ទៀត ។

លោក​ថា​អត់​មាន​សង្ឃឹម​នោះ​ទេ ដោយសារ​តែ​ជំនួយ​ដែល​នាង​ទទួល​បាន​ពី​ខាង​គ្រួសារ​តារា​កម្ពុជា និង​ពី​សប្បុរស​ជន​ផ្សេង​ៗ គឺ​បាន​ត្រឹមតែ​ទប់​លើ​ចំណាយ​ក្នុង​ការ​ចាយវាយ និង​លើ​ថ្លៃ​ថ្នាំ​ក្នុង​ពេល​បេះដូង​​ធ្វើទុក្ខ​ម្ដង​ៗ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ​។ លោក​ថា ជម្រើស​ចុង​ក្រោយ គឺ​មាន​តែ​លោក និង​សិស្ស​គុន​ល្បុក្កតោ​ទាំងអស់​នឹង​បន្ត​ធ្វើការ​អំពាវនាវ​ដើម្បី​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​មានធម៌​សប្បុរស ទើប​អាច​ជួយ​សង្គ្រោះ​ជីវិត​តារា​ស្រី​រូប​នេះ​បាន ។ ទោះបី​យ៉ាងណា លោក​នៅ​តែ​សង្ឃឹមថា ផលិតករ​ផលិតកម្ម​ទេពនិករ ដែល​នាង​បាន​ថត​រឿង​«​អាគម​ស្បែក​ដាច​»​ឱ្យពិតជា​អាច​រក​ជំនួយ​សង្គ្រោះ​ជីវិត​នាង​បាន ដោយសារ​តែ​ផលិតកម្ម​នេះ​បាន​អះអាង​ថា ខ្លួន​ស្គាល់​អ្នកមាន​មុខមាត់​ជាន់ខ្ពស់​ច្រើន​នៅ​ក្នុង​សង្គម ។

នៅ​លើ​ផេ​ក​របស់​ផលិតកម្ម​ទេពនិករ គេ​ឃើញ​មានការ​ប្រកាស​ថា ផលិតកម្ម​បាន​ស្វះ
ស្វែង​ដាក់​លិខិត​ទៅ​កាន់​មន្ត្រីជាន់ខ្ពស់​ច្រើន​នាក់ ដើម្បី​ឱ្យ​ជួយ​ដល់​ពេជ្រ ចរណៃ ប៉ុន្តែ​រាល់​សំណើ​ដែល​បាន​ដាក់​ទៅ​គឺ​មិន​មាន​មន្ត្រី និង​អ្នកមាន​លុយ​ណា​ម្នាក់​ចាប់អារម្មណ៍​ចង់​ជួយ​នោះ​ទេ ទើប​មក​ទល់​ពេល​នេះ​ដំណឹង​វះកាត់​របស់​តារា​សម្ដែង​រូប​នេះ នៅ​មិន​មាន​តម្រុយ​នៅឡើយ​។ លោកគ្រូ​វិ​រៈ បញ្ជាក់​ថា ពេជ្រ ចរណៃ បើ​គ្មាន​លទ្ធភាព​វះកាត់ គឺ​មិន​ខុស​ពី​ការ​ប្រឈម​នឹង​អាយុជីវិត​នោះ​ទេ ដោយសារ​តែ​ជំងឺ​របស់​នាង​ដែល​បាន​បន្ត​ពន្យារ​មក​ទល់​ពេល​នេះ កាន់តែ​ធ្វើទុក្ខ​ខ្លាំង បើ​ទោះជា​បាន​ទទួល​ការ​លេបថ្នាំ​ពន្យារ​ពី​គ្រូពេទ្យ​ថៃ ក៏​ជំងឺ​របស់​នាង​វា​ដល់​ដំណាក់កាល​ត្រូវ​វះកាត់​ហើយ បើ​មិន​ដូច្នោះ​ទេ​គឺ​មិន​ខុស​ពី​ដេកចាំ​ស្លាប់​ឡើយ ។ លោក​ប្រកាស​ថា កំពុង​ទាក់ទង​ឱ្យ​នាង​ត្រឡប់​មក​វិញ ប៉ុន្តែ​មិន​ហ៊ាន​និយាយ​ថា ផលិតកម្ម​ទេពនិករ​ដែល​ជា​ក្ដី​សង្ឃឹម​តាំងពី​មុន​ពេល​ចេញ​ទៅ​ថៃ​នោះ មិន​អាច​រក​អ្នកមាន​លទ្ធភាព​ជួយ​នាង​ឱ្យ​បាន​វះកាត់​នោះ​ទេ ដើម្បី​កុំឱ្យ​នាង​បាក់​ទឹកចិត្ត​កាន់តែ​ខ្លាំង​។

លោក​បន្ត​ថា គឺជា​រឿង​គួរ​ឱ្យ​សង្វេគ​ណាស់​ដែល​នាង​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​នេះ ក្នុង​ពេល​នាង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ព្យាបាល ។ លោក​ថា នាង​គឺជា​កូនកំព្រា​ឪពុក​តាំងពី​អាយុ​៧​ឆ្នាំ ដោយសារ​តែ​ពុល​ដំឡូង​ស្លាប់ ហើយ​ម្ដាយ​របស់​នាង​ក៏​មាន​ជំ​ងឹ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល ដោយ​ទម្រាំ​អាច​ធូរស្រាល​ដូច​បច្ចុប្បន្ន គឺ​នាង​ត្រូវ​លក់​ផ្ទះ​អស់​មួយ​កន្លែង​ព្រោះ​តែ​ត្រូវ​ឡើង​ចុះ​ព្យាបាល​នៅ​ក្នុងស្រុក​ផង និង​ក្រៅ​ស្រុក​ផង ។ លោក​ថា នាង​ជា​សិស្ស​ស្លូតបូត​គួរ​ឱ្យ​អាណិត អ៊ីចឹង​ហើយ​ទើប​លោក​មិន​អាច​បណ្ដោយ​ឱ្យ​នាង​ប្រឈម​នឹង​ការ​ស្លាប់​បាន​ទេ គឺ​ត្រូវ​តែ​ប្រើ​យុទ្ធសាស្ត្រ​អំពាវនាវ​ចុង​ក្រោយ ដោយ​គ្រោង​ផលិត​វី​ដេ​អូ​បង្ហាញ​​ពី​ស្នាដៃ​របស់​នាង និង​បំផុស​ឱ្យ​កីឡាករ​ក្នុង​ក្លិប​ទាំងមូល​ធ្វើការ​អំពាវនាវ​ឱ្យ​បាន​ពេញទំហឹង​ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍​ជួយ​សង្គ្រោះ​ដល់​ជីវិត​នាង ។ លោក​ថា នាង​ជា​កីឡាការិនី​ស្វាហាប់ ហើយ​បើ​ទោះជា​នាង​ទើបតែ​បាន​ហ្វឹកហាត់​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​នាង​មាន​ទេព​កោសល្យ​ប្រើ​ក្បាច់គុន​បាន​ល្អ ដោយ​លោក​បាន​ហៅ​សមត្ថភាព​របស់​កីឡា​ការិនី​រូប​នេះ​ថា ជា​ធនធាន​កីឡាការិនី​ជំនាន់​ក្រោយ​មិន​ងាយ​នឹង​ស្វែងរក​នោះ​ផង។

លោក​ថា ជា​រឿង​សង្វេគ​ណាស់​ដែល​ជំងឺ​របស់​នាង​ត្រូវការ​ថ្លៃ​ព្យាបាល​រហូត​ដល់​ប្រមាណ​​ជា​៤​ម៉ឺន​ដុល្លារ ហើយ​លោក​ក៏​មិនដឹង​ថា​នឹង​អាច​ស្វែងរក​ម្ចាស់​ជំនួយ​មកពីណា​អាច​ជួយ​នាង​បាន​ដែរ ដោយ​គ្រាន់តែ​លោក​ដឹង​ថា នឹង​ប្រើ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ជួយ​ឱ្យ​នាង​មានការ​ចាប់អារម្មណ៍​ជ្រោមជ្រែង​ពី​អ្នកមាន​លុយ​ប៉ុណ្ណោះ​នៅ​ក្នុង​កាលៈទេសៈ​ដែល​​ស្ថានភាព​ជំងឺ​របស់​នាង​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ទៅ​ហើយ មិន​អាច​ពន្យារ​ពេល​ទៀត​បាន ។ លោក​ថា ផ្អែក​តាម​ស្ថានភាព​នាង​ត្រូវ​ពេទ្យ​ថៃ​ជំរុញ​ឱ្យ​វះកាត់​ដើម្បី​កុំ​ឱ្យ​​ស្ថានភាព​មាន​ឈាម​ក្នុង​ច្រមុះ​បន្ត​ទៀត ប៉ុន្តែ​នាង​អត់​មាន​លទ្ធភាព​ទេ ក្នុង​ពេល​ដែល​ផ្ទះ​ដែល​នាង​ជួល​រស់នៅ និង​បើក​ជា​ហាង​កាត់សក់​ផង ក៏​មិន​មានដំណើរ​ការ​តាំងពី​នាង​ឈឺ​ធ្ងន់ ។ លោក​គ្រោង​ទាក់ទង​តារាចម្រៀង​ល្បី​ណា​ម្នាក់ ជា​ពិសេស​គឺ​អ្នក​នាង​ពេជ្រ សោភា ឱ្យ​ចេញ​មុខ​ជួយ​ស្វែងរក​ថវិកា​ដើម្បី​ជួយ​នាង ប៉ុន្តែ​មិន​ទាន់​ដឹង​ថា តើ​តារា​ចម្រៀង​​រូប​នេះ​នឹង​ឆ្លើយ​តប​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​ស្ថានភាព​ជំងឺ​របស់​ពេជ្រ ចរណៃ ក៏​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ មិនដឹង​ថា​ទម្រាំ​តែ​បាន​ទទួល​ចម្លើយ​ជ្រោមជ្រែង​ពី​ពេជ្រ សោភា តើ​អាច​ទាន់​សភាព​ជំងឺ​របស់​នាង​បាន ឬ​មិន​បាន ។

នៅ​លើ​ផេ​ក​របស់​ក្លិប​លោក​បាន​បង្ហោះ​វី​ដេ​អូ​ពី​សកម្មភាព​ហ្វឹកហាត់​របស់​ពេជ្រ ចរណៃ ដោយ​ក្នុង​វី​ដេ​អូ​នោះ គឺ​បាន​បង្ហាញ​ពី​ភាព​ស្វាហាប់​ជា​ច្រើន​របស់​នាង​នៅ​ក្នុង​វិស័យ​ល្បុក្កតោ ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​សង្វេគ​ចិត្ត​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​ដែល​ស្ថាន​ភាព​របស់​នាង​ត្រូវ​បាន​ប្រកាស​ថា​ស្ថិត​ក្នុង​កម្រិត​ត្រូវ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ថៃ ហើយ​អត់​មាន​លទ្ធភាព​ព្យាបាល ព្រោះតែ​ការ​ផ្សព្វផ្សាយ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​សប្បុរសជន​ណា​ម្នាក់​ចេញ​មុខ​ផ្ដល់​កម្រៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ឱ្យ​បាន​វះកាត់ ។ លោកគ្រូ​វិ​រៈ ក៏​បាន​ប្រកាស​ថា នឹង​ធ្វើការ​អំពាវនាវ​ដល់​សម្ដេច និង​សប្បុរស​ជន​​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​ជួយ​ដល់​នាង​ផង​ដែរ ដោយ​រំពឹង​ថា សេចក្ដី​ព្យាយាម​របស់​​លោក និង​កីឡាករ​ល្បុក្កតោ​ទាំងអស់ នឹង​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ