ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ខូចគុណភាព​ជិត​៦​តោន ត្រូវ​បាន​ដុត​កម្ទេច​ចោល

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ទំនិញ​ខូចគុណភាព និង​ទំនិញ​ហាមឃាត់​ជិត​៦​តោន ដែល​មន្ត្រី​កាំកុងត្រូល​ត្រួតពិនិត្យ និង​ដកហូត​បាន​ពី​អាជីវករ​គ្រប់​ទីកន្លែង​កន្លង​មកនេះ បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡាដ្ឋាន​ខេត្ត…

ខេត្តពោធិ៍សាត់ ៖ ទំនិញ​ខូចគុណភាព និង​ទំនិញ​ហាមឃាត់​ជិត​៦​តោន ដែល​មន្ត្រី​កាំកុងត្រូល​ត្រួតពិនិត្យ និង​ដកហូត​បាន​ពី​អាជីវករ​គ្រប់​ទីកន្លែង​កន្លង​មកនេះ បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡាដ្ឋាន​ខេត្ត ក្រោម​វត្តមាន​លោក សាយ សុ​ជាតិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ។

លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ បាន​ជម្រាប​ជូន​ថា សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ បាន​រួម​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​, រថយន្ដ​មន្ទីរ​ពិសោធ​ចល័ត និង​អាជ្ញាធរ​ដែនដី ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ តាម​ស្ដង់ ដេប៉ូ និង​ផ្ទះ​លក់ដូរ​មួយ​ចំនួន​នៅ​ទូ​ទាំង​ខេត្តពោធិ៍សាត់ រក​ឃើញ​ទំនិញ និង​ចំណីអាហារ​មួយ​ចំនួន​ហួស​សុពលភាព និង​ច្បាប់​ហាមឃាត់ ដកហូត​យក​មក​រក្សា​ទុក​ដើម្បី​ដុត​បំផ្លាញ​ចោល ព្រមទាំង​បាន​ណែនាំ​អំពី​ការ​រៀបចំ​ទុកដាក់​តាំង​លក់ និង​របៀប​ជ្រើសរើស​យក​ផលិតផល​មានគុណ​ភាព​សុវត្ថិភាព​មក​ប្រើប្រាស់​ទៀត​ផង ។ ជាក់ស្ដែង​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព និង​ទំនិញ​ហាមឃាត់​ដែល​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នា​ពេល​នេះ មាន​គ្រប់​ប្រភេទ​ទាំងអស់​សរុប​៥,៧៤៣​គ​ក្រ ។

លោក សាយ សុ​ជាតិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត បាន​កោតសរសើរ​ដល់​មន្ត្រី​កាំកុងត្រូល និង​មន្ទីរ​ជំនាញ ដែល​បាន​សហការ​គ្នា​ស្វែងរក​ទំនិញ​ខូចគុណភាព​នៅ​តាម​ទីផ្សារ និង​នៅ​តាម​គេហដ្ឋាន​លក់ដូរ​នានា មក​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នា​ពេល​នេះ ។ ផលិតផល​ចំណីអាហារ​ហួស​កាលបរិច្ឆេទ និង​ទំនិញ​ហាមឃាត់​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ពិសេស​សិស្សានុសិស្ស​ដែល​មាន​អនាគត​នៅ​វែង​ឆ្ងាយ និង​ជា​ទំពាំង​ស្នង​ឫស្សី នៃ​ប្រទេស​ជាតិ ។ ការ​ឃ្លាំ​ពិនិត្យ​ទំនិញ​នៅ​តាម​ទីផ្សារ​គឺជា​កិច្ចការ​បម្រើ​ឲ្យ​គោលដៅ​អនុវត្ត​ច្បាប់ ទប់ស្កាត់​ការ​ធ្វើ​ចរាចរ​ផលិតផល​ខ្វះ​អនុលោម​ភាព​តាម​បទ​បញ្ញត្ត រឺ​បទដ្ឋាន​បច្ចេកទេស ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ រួមចំណែក​បង្កើន​គុណភាព សុវត្ថិភាព ផលិតផល​ចំណីអាហារ ដែល​ផលិត​ក្នុង និង​ក្រៅ​ស្រុក ។ លោក សាយ សុ​ជាតិ សូម​ឲ្យ​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​ចេះ​ពិនិត្យ​អាយុកាល​ទំនិញ​ឲ្យ​បាន​ទូលំទូលាយ​ទូ​ទាំង​ខេត្តពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ