ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ អ៊ូ និយាយ​ពី​ការងារ​ដឹកនាំ​កីឡាករ​បរទេស​មក​ប្រកួត​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ប្រដាល់​នា​ពេល​ចុង​ក្រោយ គេ​កត់សម្គាល់​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​រវាង​កីឡាករ​ម្ចាស់ផ្ទះ​កម្ពុជា និង​កីឡាករ​បរទេស​រៀង​រាល់​ស​ប្ដា​ហ៍​តែ​ម្ដង ដោយ​ស្ទើរ​មិន​មាន​សង្វៀន​ណាមួយ​មិន​មានការ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នោះ​ទេ ខណៈ​ដែល​ការ​ប្រកួត​នៅ​ក្នុង​សង្វៀន​ប្រដាល់​គឺ​មាន​អ្នក​ចូល​ចិត្ត​ទស្សនា​ការ​ប្រដាល់​គូ​បរទេស​ច្រើន​ជាង ។ យ៉ាងណា​ក៏​ដោយ ជាមួយនឹង​ការ​ដឹកនាំ​កីឡាករ​បរទេស​ឱ្យមក​ប្រកួត​នេះ​ក៏​មាន​ផលវិបាក​ណាស់​ដែរ…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ប្រដាល់​នា​ពេល​ចុង​ក្រោយ គេ​កត់សម្គាល់​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​រវាង​កីឡាករ​ម្ចាស់ផ្ទះ​កម្ពុជា និង​កីឡាករ​បរទេស​រៀង​រាល់​ស​ប្ដា​ហ៍​តែ​ម្ដង ដោយ​ស្ទើរ​មិន​មាន​សង្វៀន​ណាមួយ​មិន​មានការ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នោះ​ទេ ខណៈ​ដែល​ការ​ប្រកួត​នៅ​ក្នុង​សង្វៀន​ប្រដាល់​គឺ​មាន​អ្នក​ចូល​ចិត្ត​ទស្សនា​ការ​ប្រដាល់​គូ​បរទេស​ច្រើន​ជាង ។ យ៉ាងណា​ក៏​ដោយ ជាមួយនឹង​ការ​ដឹកនាំ​កីឡាករ​បរទេស​ឱ្យមក​ប្រកួត​នេះ​ក៏​មាន​ផលវិបាក​ណាស់​ដែរ ជា​ពិសេស​នៅ​ពេល​កីឡាករ​ថៃ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​ប្រកួត​មិនសូវ​បាន​ល្អ ដែល​នាំ​ឱ្យ​ផ្ទុះ​នូវ​ការ​រិះគន់​ថា​យក​កីឡាករ​បរទេស​មិនល្អ​ឱ្យមក​ប្រកួត ។

លោក ថៃ អ៊ូ ដែល​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ និង​បរទេស​ឱ្យមក​ប្រកួត​នៅ​កម្ពុជា​បាន​អះ​អាង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក​គឺជា​អ្នកដឹកនាំ​កីឡាករ​បរទេស​ឱ្យមក​ប្រកួត​នៅ​កម្ពុជា​​ច្រើន​ជាងគេ ពោល​គឺ​តាំងពី​ទើបតែ​មាន​សង្វៀន​ប៉ុស្ដិ៍​លេខ​៥​តែ​មួយ​ជា​អ្នក​ហ៊ាន​ចំណាយ​លើ​ថ្លៃ​ជួល​កីឡាករ​បរទេស​ឱ្យមក​ប្រកួត​នោះ​ទៅ​ទៀត ។ ក្នុង​អំឡុង​ឆ្នាំ​២០១៣ លោក​ថា​មាន​តែ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ និង​ប៉ុស្តិ៍​បាយ័ន​ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​ចំណាយ​​លុយ​យក​កីឡាករ​មក​ពី​ប្រទេស​ថៃ​ឱ្យមក​ប្រកួត ខណៈ​ដែល​តម្លៃ​ខ្លួន​របស់​កីឡាករ​ថៃ​នៅ​ក្នុង​ពេល​នោះ​ក៏​ខ្ពស់ ។

យ៉ាងណាមិញ លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នកដឹកនាំ​កីឡាករ​បរទេស​ឱ្យមក​ប្រកួត មិនមែន​មាន​តែ​លោក​នោះ​ទេ គឺ​មាន​ក្រុម​ផ្សេង​ផង​ដែរ ដូច​ជា​ក្រុម​ដឹកនាំ​កីឡាករ​ថៃ​នៅ​ប៉ុស្ដិ៍​បាយ័ន និង​ប៉ុស្ដិ៍​អប្សរា​ជាដើម គឺ​មិនមែន​លោក​ទេ គឺ​លុះត្រាតែ​គេ​ស្រឡាញ់​កីឡា​ករ​​ថៃ ឬ​កីឡាករ​បរទេស​របស់​លោក​ទើប​គេ​ទាក់ទង​យក ។ លោក​ទទួលភារៈ​ដឹកនាំ​តែ​កីឡាករ​ថៃ និង​កីឡាករ​បរទេស​ឱ្យទៅ​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥ អាស៊ី​អាគ្នេយ៍ និង​ប៉ុស្ដិ៍ PNN ម្ដងម្កាល​ប៉ុណ្ណោះ ដោយ​ក្នុង​មួ​យស​ប្ដា​ហ៍​ៗ​គឺ​លោក​ត្រូវ​ដឹកនាំ​កីឡាករ​ថៃ និង​បរទេស មិន​ក្រោម​១០​នាក់​នោះ​ទេ លើកលែងតែ​ស​ប្ដា​ហ៍​ខ្លះ​ដែល​ខាង​ប៉ុស្ដិ៍​ទូរទស្សន៍​ដូច​ជា​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​លើក​ពេល​មិន​ធ្វើការ​ប្រកួត​អន្តរជាតិ ។

លោក​បាន​រៀបរាប់​ឱ្យ​ដឹង​ពី​ផលវិបាក​ថា សម្រាប់​ការងារ​​ដឹកនាំ​កីឡាករ​ថៃ ឬ​កីឡាករ​បរទេស​ឱ្យមក​ប្រកួត មិនមែន​ងាយស្រួល​នោះ​ទេ ជា​ពិសេស​ប្រសិនបើ​កីឡាករ​នោះ​ជា​កីឡាករ​ល្អ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​គឺ​រឹតតែ​ស្មុគ​ស្មាញ​ពិបាក​យក​មក ។ លោក​បាន​ពន្យល់​ថា នៅ​ក្នុង​ប្រទេស​ថៃ សហព័ន្ធ​កីឡាប្រដាល់​របស់​គេ​មានការ​កំណត់​គោល​ការណ៍​តឹង​រ៉ឹ​ង​ជាង​នៅ​កម្ពុជា ដោយសារ​តែ​ក្នុង​កីឡាករ​ម្នាក់​គេ​មិន​អនុញ្ញាត​ឱ្យ​ឡើង​ប្រកួត​​បណ្ដាក់​គ្នា​នៅ​ក្នុង​រយៈពេល​ក្រោម​២​អាទិត្យ​នោះ​ទេ គឺ​មាន​ន័យ​ថា សម្រាប់​កីឡា​ករ​ម្នាក់​គេ​ឱ្យ​ប្រកួត​ត្រឹមតែ​២​ដង​ប៉ុណ្ណោះ និង​កំណត់​ឱ្យ​មាន​គម្លាត​គ្នា​យ៉ាងតិច​១៤​ថ្ងៃ ឬ​១៥​ថ្ងៃ ហើយ​ប្រ​សិន​មាន​របួស​ធ្ងន់ធ្ងរ​ទៀត​នោះ​គឺ​រឹតតែ​កំណត់​ឱ្យ​សម្រាក​យូរ​ទៅ​ទៀត ដែល​ខុស​ពី​កីឡាករ​កម្ពុជា​គឺ​អាច​ចាប់​ដាក់​ដោយ​កីឡាករ​ម្នាក់​អាច​ប្រកួត​គម្លាត​គ្នា​ត្រឹម​តែ​១​អាទិត្យ​ក៏​មិន​អី ។

លោក​ថា សម្រាប់​កីឡាករ​កម្ពុជា អាច​មាន​លក្ខណៈ​ចាប់​ដាក់​បាន​ខ្លះ តែ​សម្រាប់​កីឡា​ករ​ថៃ​គឺ​លុះត្រាតែ​មានការ​ស្នើ​សុំ​ពី​ចម្ងាយ​ទើប​ខាង​សហព័ន្ធ​ថៃ​អនុញ្ញាត​ឱ្យ​ឡើង​ប្រកួត ។ ក្នុង​ស​ប្ដា​ហ៍​ខ្លះ​លោក​ថា​មាន​បញ្ហា​រឿង​អត់​កីឡាករ​ថៃ​មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ក្រោយ​ការ​ផ្គូផ្គង​ក៏​មាន​ដែរ ដោយសារ​តែ​កីឡាករ​ដែល​បាន​ផ្គូផ្គង​ហើយ ស្រាប់តែ​មាន​ជំងឺ​តិចតួច​ហើយ​ត្រូវ​គណៈកម្មការ​សហព័ន្ធ​ថៃ​មិន​ឱ្យមក​ប្រកួត ដោយ​សូ​ម្បី​តែ​ស្ថានភាព​ជំងឺ​នោះ​គ្រាន់តែ​ជា​ជំងឺ​ផ្ដាសាយ​តិចតួច ដែល​លោក​យល់​ថា​គេ​អាច​ធ្វើការ​ប្រកួត​ជា​ធម្មតា ។ ប៉ុន្តែ​សម្រាប់​កីឡាករ​ដែល​គ្រាន់តែ​ធ្វើការ​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​ជា​ដៃគូ ហើយ​មិន​ទាន់​មានការ​ចុះ​បញ្ជី​នៅ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​ថៃ គឺ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការយ​កមក​ប្រកួត តែ​ក៏​មិន​ហ៊ាន​ដាក់​យក​មក​ប្រកួត​ច្រើន​នាក់​នោះ​ដែរ ដោយ​សារ​តែ​កីឡាករ​ទាំងនោះ​មិន​ទាន់​ល្អ និង​មិន​អាចយ​កមក​ប្រកួត​បាន​ច្រើន​នោះ​ទេ ដើម្បី​កុំឱ្យ​យក​មក​អន់​មិន​អាច​ទទួលយក​បាន ។ លោក​ឧទាហរណ៍​ថា «​ក្នុង​ពេល​ខ្លះ​កីឡាករ​ហ្នឹង​ត្រូវ​បាន​សហព័ន្ធ​ថៃ​ហាមឃាត់​មិន​ឱ្យ​ប្រកួត អ៊ីចឹង​ដើម្បី​កុំឱ្យ​គាត់​មានរឿង​គឺ​យើង​ត្រូវ​តែ​ដូរ​ឈ្មោះ​គាត់​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ ប្រសិនបើ​កីឡាករ​នោះ​គាត់​មក​ប្រកួត​ដើម្បី​យក​លុយ​ដែរ​!»​។ លោក​បាន​ទាំង​ធ្លាប់​យក​កីឡាករ​ប្រដាល់​សាកល​អាជីព​របស់​ថៃ​មក​ប្រកួត​សេរី​នៅ​កម្ពុជា ដោយ​សម្រេច​ដូរ​ឈ្មោះ​មិន​ឱ្យ​សហព័ន្ធ​ថៃ​ចាប់អារម្មណ៍​នោះ​ផង ដើម្បី​ជួយ​ឱ្យ​កីឡាករ​ទាំងនោះ​បាន​លុយ និង​ដើម្បី​កុំឱ្យ​អត់​មាន​កីឡាករ​បរទេស​មក​ប្រកួត​នៅ​កម្ពុជា ។

លោក​ថៃ អ៊ូ បន្ត​ថា សម្រាប់​កីឡាករ​ដែល​លោក​ដឹកនាំ​មក​ប្រកួត​គឺ​យក​មក​តែ​ពី​ប្រទេស​ថៃ​តែ​មួយ​ប៉ុណ្ណោះ តែ​មាន​ចម្រុះ​ដោយ​កីឡាករ​ថៃ និង​កីឡាករ​ប្រទេស​ផ្សេង​ៗ ពោល​គឺ​ឱ្យ​តែ​ក្លិប​ដែល​លោក​សហការ​មាន​កីឡាករ​ប្រទេស​ណា​មក​ទទួល​ការ​ហ្វឹកហាត់ ហើយ​លោក​កត់​សម្គាល់ថា​អាច​ឡើង​ប្រកួត​បាន គឺ​លោក​យក​មក​ទាំងអស់ ដើម្បី​ឱ្យ​សង្វៀន​របស់​កម្ពុជា​មាន​កីឡាករ​ចម្រុះ​ទាំង​ថៃ និង​ប្រទេស​ផ្សេង ។ នា​ពេល​កន្លង​មក កីឡាករ​បរទេស​ដែល​លោក​ធ្លាប់​យក​មក​រួម​មាន កីឡាករ​ថៃ កីឡាករ​ឡាវ និង​កីឡាករ​ជនជាតិ​អឺរ៉ុប​មួយ តែ​កីឡាករ​ខុស​ពី​ថៃ​ទាំងនោះ​ភាគច្រើន​គេ​អាច​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​បាន​ត្រឹមតែ​ពេល​គេ​នៅ​ហ្វឹកហាត់​ក្នុង​ក្លិប​របស់​ថៃ​ដែល​លោក​សហការ​ប៉ុណ្ណោះ តែ​ដល់​ពេល​កីឡាករ​ទាំងនោះ​ចាក​ចេញពី​ប្រទេស​ថៃ​អស់ គឺ​អត់​អាចយ​កមក​ប្រកួត​ទៀត​ទេ ទើប​កីឡាករ​បរទេស​ដែល​លោក​ជ្រើស​មក​ប្រកួត​ភាគច្រើន​តែ​កីឡាករ​ថៃ ។

ក្រៅពី​ដឹកនាំ​កីឡាករថៃ​ឱ្យមក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ក៏​ជា​អ្នកដឹកនាំ​កីឡាករ​កម្ពុជា​ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ដោយ​គ្រាន់តែ​ក្នុង​រយៈពេល​ចុង​​ក្រោយ​គឺ​មិនសូវ​បាន​ដឹកនាំ​ទៅ ដោយសារ​តែ​លោក​រវល់​តែ​កុងត្រា​ដឹកនាំ​កីឡាករ​បរទេស​ឱ្យមក​ប្រកួត​នៅ​សង្វៀន​កម្ពុជា​ច្រើន​ឡើង​ៗ​ហើយ​មិន​អាច​រក​ពេល​ដឹកនាំ​កីឡា​ករ​កម្ពុជា​ឱ្យទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​។ រៀង​រាល់​ស​ប្ដា​ហ៍​លោក​ត្រូវ​ដឹកនាំ​កីឡាករ​មក​ប្រកួត​អន្តរជាតិ​នៅ​កម្ពុជា​តាំងពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃអាទិត្យ ដោយនៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​តម្រូវ​ឱ្យ​លោក​ដឹកនាំ​កីឡាករ​មក​ប្រកួត​នៅ​រៀងរាល់ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ ហើយ​សម្រាប់​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ គឺ​លោក​ត្រូវ​ដាក់​ម្នាក់​ៗ​ឱ្យ​ប្រកួត​រៀងរាល់ថ្ងៃ​សៅរ៍ ។ លោក​ក៏​ជា​អ្នក​រៀបចំ​ការ​ប្រកួត​នៅ​តាម​វត្ត​នៅ​ក្នុង​ប្រទេស​ថៃ ដែល​លោក​តែងតែ​ដឹកនាំ​កីឡាករ​កម្ពុជា​ឱ្យទៅ​ប្រកួត​ញឹកញាប់​ផង​ដែរ បើ​ទោះជា​ក្នុង​ពេល​នេះ​លោក​មានការ​រវល់​ខ្លាំង ហើយ​មិន​អាច​បន្ត​ការ​ដឹកនាំ​បាន​ច្រើន​ដូច​មុន​ក្ដី ។ សម្រាប់​តម្លៃ​ខ្លួន​លោក​អះអាង​ថា ក្នុង​ចំណោម​កីឡាករ​ថៃ​ម្នាក់​គឺ​មាន​តម្លៃ​១០០០​ដុល្លារ តែ​ក៏​មាន​កីឡាករ​ខ្លះ​មាន​តម្លៃ​ក្រោម​១០០០​ដុល្លារ និង​លើស​១០០០​ដុល្លារ​អាស្រ័យ​ទៅ​លើ​សមត្ថភាព និង​ភាព​ល្បីល្បាញ​របស់​កីឡាករ​ផង​ដែរ ។ ប៉ុន្តែ​ជា​ទូទៅ​សម្រាប់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គឺ​លោក​ច្រើន​ទទួល​បាន​តម្លៃ​មួយ​រួម​គឺ​១០០០​ដុល្លារ​ស្មើ ដោយ​គ្រាន់តែ​លោក​ត្រូវ​ដាក់​កីឡាករ​ដែល​មាន​តម្លៃលើស​១០០០​ដុល្លារ​ខ្លះ ផ្គួប​នឹង​កីឡាករ​ដែល​មាន​តម្លៃ​ក្រោម​១០០០​ដុល្លារ​តិចតួច ដើម្បី​អាច​ឱ្យ​លោក​ទទួល​បាន​ផល​ចំណេញ​ឱ្យ​សម​នឹង​តម្លៃ​ដែល​បាន​ទទួល​។

លោក ថៃ អ៊ូ បន្ត​ថា លោក​ជា​អ្នកស្រុក​នៅ​ខេត្តបន្ទាយមានជ័យ ហើយ​ប្រវត្តិ​ដែល​នាំ​ឱ្យ​លោក​ឈាន​ទៅ​ដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត គឺ​បណ្ដាល​មក​ពី​លោក​គឺជា​អ្នក​ស្រឡាញ់​​ចូល​ចិត្ត​វិស័យ​ប្រដាល់ ដោយ​បាន​បើក​ក្លិប​មួយ​បង្វឹក​សិស្ស​កម្ពុជា​នៅ​ក្នុង​ខេត្ត​នោះ និង​តែង​ដឹកនាំ​កីឡាករ​របស់​លោក​ឱ្យទៅ​ប្រកួត​នៅ​ជាយ​ៗ​ក្នុង​ទឹកដី​ថៃ ទើប​លោក​បាន​ស្គាល់​ក្លិប​ល្អ​ៗ​នៅ​ក្នុង​ប្រទេស​ថៃ ។ ហើយដោយ​សារ​តែ​លោក​ចេះ​ថៃ និង​មាន​ទំនាក់​ទំនង​ជាមួយ​សហព័ន្ធ​ថៃ​ជា​ច្រើន​ឆ្នាំ​ផង ទើប​លោក​មានឱកាស​ដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​នៅ​កម្ពុជា ដោយ​ទទួល​បាន​ជោគជ័យ​មក​ទល់​បច្ចុប្បន្ន ។ លោក​នៅ​តែ​បន្ត​បើក​ក្លិប​នៅ​ខេត្តបន្ទាយមានជ័យ ដោយ​កូនសិស្ស​របស់​លោក​គឺ​មាន​ទាំង​ក្មេង និង​កីឡា​ករ​ល្អ​ៗ​ដែល​បាន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ និង​សង្វៀន​អាស៊ី​អាគ្នេយ៍​។

ទោះបី​យ៉ាងណា​លោក​សារភាព​ថា មហាជន​បាន​ស្គាល់​លោក​ត្រឹមតែ​ជា​អ្នកដឹកនាំ​កីឡាករ​ពី​ប្រទេស​ថៃ​ឱ្យមក​ប្រកួត​ច្រើន​ជាង ប៉ុន្តែ​សម្រាប់​ក្លិប​ប្រដាល់​របស់​លោក​គឺ​មិនសូវ​មាន​សកម្មភាព​ខ្លាំងក្លា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ