ខេត្តឧត្តរមានជ័យ ៖ តាមការឱ្យដឹងពីមន្ត្រីអាវុធហត្ថស្រុកអន្លង់វែងខេត្តឧត្តរមានជ័យនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា សមត្ថកិច្ចចាប់បានជនសង្ស័យដែលបានបោកគ្រាប់បែក និងបាញ់មកលើ កម្លាំងអាវុធហត្ថ នៅពេលចុះប្រតិបត្តិការអនុវត្តន៍ដីកាបណ្តាលឱ្យមន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់រងរបួសក្នុងអំឡុងប៉ុន្មានថ្ងៃមុន ។
មន្ត្រីអាវុធហត្ថស្រុកបានឱ្យដឹងទៀតថា ដោយកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យបានសហការជាមួយកម្លាំង អាវុធហត្ថខេត្តសៀមរាបបានធ្វើការតាមប្រមាញ់ជនសង្ស័យអស់រយៈពេល២ថ្ងៃក្រោយពីជនសង្ស័យគប់គ្រាប់បែក និងបាញ់រះមកលើសមត្ថកិច្ចទើបធ្វើការឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងព្រៃក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៨ឆ្នាំ រួមនឹងបក្ខពួកជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មស៊ីឈ្នួលសម្លាប់មនុស្ស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ និងកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមប្រមាញ់តាំងពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមជនសង្ស័យបានគប់គ្រាប់បែក និងបាញ់សន្ធាប់មកលើកងកម្លាំងប្រដាប់អាវុធបណ្តាលឲ្យរងរបួសមន្ត្រីអាវុធម្នាក់ ហើយក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់តែក្រោយពីកម្លាំងសមត្ថតាមប្រមាញ់អស់រយៈពេលច្រើនថ្ងៃទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហ៊ាប ធី និងធ្វើការដកហូតបានកាំភ្លើងម៉ាក K59 ចំនួន១ដើម និងគ្រាប់ចំនួន៦គ្រាប់ ចំណែកបក្ខពួកបានរត់គេចខ្លួនបាត់ ។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្មនៅខេត្តកណ្តាល ហើយរត់គេចខ្លួនមកក្នុងភូមិសាស្ត្រ ព្រំប្រទល់ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ស្ថិតក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។ នៅពេលសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ក៏ត្រូវបានជនសង្ស័យគប់គ្រាប់បែកចំនួន២គ្រាប់ និងបាញ់រះមកលើក្រុមសមត្ថកិច្ចអាវុធហត្ថបណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ុយ ចយ ជានាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាបឲ្យរងរបួសស្រាលត្រង់ជើង រីឯជនសង្ស័យក៏បានរត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោលតែម្ដង ៕
https://www.youtube.com/watch?v=jPhkaMgfKAU
ចែករំលែកព័តមាននេះ