ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម២ថ្ងៃ​បំបែកបាន ពិរុទ្ធជនដែល​គប់គ្រាប់បែកលើប៉េអឹម

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កងរាជអាវុធហត្ថស្រុក​អន្លង់​វែង នា​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា បាន​ចាប់​​​ជន​ដៃដល់​ដែល​តដៃ​ជាមួយ​សមត្ថកិច្ច ដោយ​គប់​គ្រាប់បែក​២​គ្រាប់ បណ្តាល​ឱ្យ​មន្ត្រី​អាវុធ​ហត្ថ​ម្នាក់​របួស​ជើង កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​កន្លង​ទៅ…

ខេត្តឧត្តរមានជ័យ ៖ កងរាជអាវុធហត្ថស្រុក​អន្លង់​វែង នា​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា បាន​ចាប់​​​ជន​ដៃដល់​ដែល​តដៃ​ជាមួយ​សមត្ថកិច្ច ដោយ​គប់​គ្រាប់បែក​២​គ្រាប់ បណ្តាល​ឱ្យ​មន្ត្រី​អាវុធ​ហត្ថ​ម្នាក់​របួស​ជើង កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​កន្លង​ទៅ ។  ទោះបីជា​បែប​ណា មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​បន្លុយ​ឱ្យ​ដឹង​ខ្លះ​ៗ​ថា កម្លាំង​អាវុធ​ហត្ថ​ចាប់ខ្លួន​ពិរុទ្ធ​ជន​​​នោះ​​បាន​មែន ប៉ុន្តែ​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ទេ ខណៈ​កំពុង​ដំណើរ​ការ​តាម​​នីតិវិធី ។

សូម​រំឭក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​កន្លង​ទៅ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត
ឧត្តរមានជ័យ និង​ខេត្តសៀមរាប បាន​សហការជាមួយ​កង​អាវុធហត្ថ​ស្រុក​អន្លង់​វែង ចុះ​អនុវត្ត​ដីកាចាប់ខ្លួន​ពិរុទ្ធជន​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណីឃាតកម្ម​នៅ​ឯ​ខេត្តកណ្តាល ។ ខណៈ​កំពុងឡោម​ព័ទ្ធ ពិរុទ្ធជន​រូប​នោះ​បាន​គប់​គ្រាប់បែកដៃ​ចំនួន​២​គ្រាប់​សំដៅ​សមត្ថ​កិច្ច បណ្តាល​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​រង​របួស​ភ្លៅ​ឆ្វេងធ្ងន់ ហើយ​ជន​នោះ​ក៏​បាន​រត់គេច​ចូល​ទៅ​ក្នុងព្រៃ​បាត់​ទៅ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ស្រាវជ្រាវ​អស់​ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​មាន​ឃាតកម្ម​នៅ​ឯ​ខេត្តកណ្តាល​នោះ រហូត​មក​ដល់​វេលា​ម៉ោង៦​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​នោះ ក៏​បាន​កំណត់មុខសញ្ញា​ជន​ជាប់ពិរុទ្ធ​ដែល​កំពុង​លាក់ខ្លួននៅ​ក្នុងផ្ទះ​មួយ​ក្បែរ​តំបន់​ព្រៃ​ស្អា​ក ក្នុងភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។​

ទោះជា​បែប​ណា ការ​ឡោម​ព័ទ្ធ​ដើម្បី​ចាប់ខ្លួន​ជនជាប់ពិរុទ្ធ​តាម​ដីកា​នេះ​មិន​អាច​ធ្វើ​បាន​ភ្លាម​ៗទេ ដោយសារ​ម្ចាស់ផ្ទះ​ចេញ​មុខរា​រាំង​មិន​ឱ្យសមត្ថកិច្ច​ចូល​ឆែកឆេរ​និង​មាន​កាន់​កាំបិត​ជាប់នឹង​ដៃ​ផង​ដែរ ។ការ​ឡោម​ព័ទ្ធ​ផ្ទះ​នោះ​បាន​អូស​បន្លាយ​រហូត​ដល់​មេឃងងឹត​បន្តិច ស្រាប់តែ​ពិរុទ្ធជន​រូប​នេះ​បាន​គប់​គ្រាប់បែកដៃ​ចំនួន​២​គ្រាប់​មក​លើ​សមត្ថកិច្ច ធ្វើ​ឱ្យ​ផ្ទុះ​កក្រើក​ដី និង​បណ្តាល​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ម្នាក់​ឈ្មោះ អ៊ុយ ច​យ រង​របួស​ជើង​ឆ្វេង ។ ក្រោយ​ពី​គប់​គ្រាប់បែក​រួច​ហើយ ពិរុទ្ធជន​រូប​នេះ​និង​ម្ចាស់ផ្ទះ​ក៏​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ ។

តាម​ប្រភព​ព័ត៌មាន​ថា ម្ចាស់ផ្ទះ​ដែល​លាក់​បំពួន​ជន​ជាប់ពិរុទ្ធ​នេះ ប្រពន្ធ​បាន​ទៅ​ធ្វើការ
នៅ​រោងចក្រ​ឯ​ភ្នំពេញ​ដោយ​នាំ​កូនស្រី​២​នាក់​ទៅ​ជាមួយ​ផង ដូច្នេះ​ក្នុងផ្ទះ​នេះ​មាន​តែ​ជន​២​នាក់​នេះ​រស់នៅ ។ ឯ​តាម​ប្រភព​មួយទៀត​ថា មន្ត្រី​កងរាជអាវុធហត្ថ​ដែល​របួស​នោះ ដោយសារ​តែ​ត្រូវ​ពិរុទ្ធជន​បាញ់ ។ ទោះជា​យ៉ាងណា​មិន​មានការ​អះអាង​ផ្លូវការ​នៅ​ឡើយ​ទេ ដោយសារ​តែ​មន្ត្រី​សមត្ថកិច្ច​មិន​ទាន់​ផ្តល់​ព័ត៌មាន​ផ្លូវការ​នៅឡើយ ដោយ​សំអាង​ថា​កំពុង​តាម​ប្រមាញ់​បក្សពួក​២​នាក់​ទៀត ។

តាម​មន្ត្រី​កងរាជអាវុធហត្ថ​ឱ្យ​ដឹង​ថា ជន​ជាប់ពិរុទ្ធ​ដែល​មាន​ដីកាចាប់ខ្លួន​នេះ​ឈ្មោះ ហ៊ា​ត ប៊ុ​ន​ហ៊ាន ហៅ​ស ហៅ ហាក់ ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ។ យោង​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួនដែល​ចេញ​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​គឺ​ជន​នេះ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាលខេត្តកណ្តាល ៕

អត្ថបទសរសេរ ដោយ