ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រណាំង​កង់ ដើម្បី​កុមារ​លើក​ទី​១២

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប មាន​រៀបចំ​សន្និសីទកាសែត​មួយ ស្តី​ពី​កម្មវិធី​ប្រណាំង​កង់​ដើម្បី​កុមារ លើក​ទី​១២ ក្នុង​គោលបំណង​ជិះ​កង់​ប្រណាំង​ជា​លក្ខណៈ​សាមគ្គី មិត្តភាព​នៅ​ខេត្តសៀមរាប ដើម្បី​រៃ​អង្គាស​ប្រមូល​ថវិកា​យក​ទៅ​ជួយ​ដល់​កុមារ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប មាន​រៀបចំ​សន្និសីទកាសែត​មួយ ស្តី​ពី​កម្មវិធី​ប្រណាំង​កង់​ដើម្បី​កុមារ លើក​ទី​១២ ក្នុង​គោលបំណង​ជិះ​កង់​ប្រណាំង​ជា​លក្ខណៈ​សាមគ្គី មិត្តភាព​នៅ​ខេត្តសៀមរាប ដើម្បី​រៃ​អង្គាស​ប្រមូល​ថវិកា​យក​ទៅ​ជួយ​ដល់​កុមារ និង​ស្ត្រី តាម​រយៈ​អង្គការ IL NODO ដែល​ជា​អង្គការ​ក្នុងស្រុក​ធ្វើការ​ផ្ទាល់ ជាមួយ​កុមារ ដែល​រស់នៅ​ក្នុង​ពន្ធនាគារ ជាមួយ​ម្តាយ និង​ស្ត្រី​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ប្រណាំង​កង់​នោះ​ដែរ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ខាង​មុខ​នេះ​។ លោកស្រី អាណា ពិ​ផល ប្រធាន​អង្គរការ​មនុស្សធម៌​ដើម្បី​កុមារ និង​ស្ត្រី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​កម្មវិធី​ប្រណាំង​កង់​ដើម្បី​កុមារ​លើក​ទី​១២ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នេះ​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រៃ​អង្គាស​ប្រមូល​ថវិកា​យក​ទៅ​ជួយ​ដល់​កុមារ និង​ស្ត្រី តាម​រយៈ​អង្គការ IL NODO ដែល​ជា​អង្គការ​ក្នុងស្រុក​ធ្វើការ​ផ្ទាល់​ជាមួយ​កុមារ​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​នឹង​ស្ត្រី ដែល​រស់នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា តាម​រយៈ​ព្រឹត្តិការណ៍​ប្រណាំង​កង់​នេះ នឹង​ប្រមូល​ថវិកា​ទិញ​កង់​ហើយ​ធ្វើការ​បែងចែក​ជូន​នូវ​កង់​ផ្តល់​ទៅ​ដល់​សិស្សានុសិស្ស​ក្រីក្រ ដែល​ខ្វះ​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សិក្សា ដែល​នេះ​ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់ និង​ជំរុញ​ការ​សិក្សា​របស់​កុមារ​ក្រីក្រ មានឱកាស​សិក្សា​ដូច​កុមារ​ទូទៅ ដើម្បី​ចូលរួម​ជាមួយ​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​កាលពី​ឆ្នាំ​២០១៦ បាន​ឧបត្ថម្ភ​កង់​ចំនួន​៥០​គ្រឿង​ដល់​សិស្ស​ក្រីក្រ​នៅ​សាលា​បឋម​សិក្សា​លាងដៃ ក្នុង​ខេត្តសៀមរាប និង​កង់​៥០​ទៀត ជូន​ទៅ​សិស្ស​ក្រីក្រ​នៅ​សាលា​បឋម​សិក្សា​ព្រៃ​អារ ក្នុង​ខេត្តតាកែវ​។ ក្នុង​សន្និសីទកាសែត​នា​ពេល​នោះ​ដែរ លោក ប្រាក់ សោភ័ណ ប្រធាន​ស្តីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំបូង ហើយ​ក៏​ជា​លើក​ទី​១​ដែរ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​ចូលរួម​សហ​ការណ៍​ជាមួយ​អង្គរការ​មនុស្សធម៌​ដើម្បី​កុមារ និង​ស្ត្រី ព្រំ​ទាំង​អាជ្ញាធរ​អប្សរា ក្រុមហ៊ុន Khmer Beverage និង​អង្គភាព​ពាក់ព័ន្ធ​នានា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ដើម្បី​កុមារ ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា និង​ប្រមូល​ថវិកា​ដែល​នៅ​សល់​ពី​ការ​ចំណាយ​ក្នុង​កម្មវិធី​ទៅ​ជួយ​កុមារ និង​ស្ត្រី ដែល​រស់នៅ​ក្នុង​ពន្ធ​ធនាគារ និង​ចែក​កង់​ជូន​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា តែ​ខ្វះខាត​មធ្យោបាយ ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​លើកកម្ពស់ និង​ជំរុញ​ការ​សិក្សា​របស់​កុមារ​ដែល​មាន​ជីវភាព​ខ្វះខាត មានឱកាស​សិក្សា​ដូច​កុមារ​ទូទៅ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​ទើបតែ​ជា​លើក​ដំបូង​ដែល​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ និង​ស្ត្រី​ស្វែងរក​កិច្ចសហការ ហើយ​ព្រឹត្តិការណ៍​នេះ​មិន​គ្រាន់តែ​លើក​ស្ទួយ​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ ជា​ព្រឹត្តិការណ៍​មួយ​ជួយ​ជំរុញ និង​លើក​ស្ទួយ​វិស័យ​មនុស្សធម៌ ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ និង​ជា​ផលិតផល​ថ្មី​ៗ​សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យមក​ទស្សនា​ខេត្តសៀមរាប​កាន់តែ​ច្រើន​ជា​បន្តបន្ទាប់ ។ លោក សុខ សង្វារ បាន​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ជាតិ​អប្សរា សូម​គាំទ្រ និង​ត្រៀម​សហ​ការណ៍​ដោយ​ចាត់​មន្ត្រី​នៅ​តាម​ទីតាំង​គោលដៅ​ចាំបាច់ ដើម្បី​ជួយ​ការពារ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ រៀបចំ​សម្អាត​បរិស្ថាន​តាម​ផ្លូវ​ដែល​បាន​កំណត់ ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​នៃ​ព្រឹត្តិការណ៍​ប្រព្រឹត្តិ​ទៅ​ដោយ​រហូត និង​ជោគជ័យ ហើយ​តាម​រយៈ​នៃ​កម្មវិធី​នេះ សូម​អំពាវនាវ​ដល់​សប្បុរស​ជនជាតិ និង​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​កុមារ​លើក​ទី​១២ នេះ ឲ្យ​បាន​ច្រើន​កុះករ​។ សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រណាំង​កង់​ដើម្បី​កុមារ​លើក​ទី​១២​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដែល​រៀបចំ​នៅ​ទី​លានជល់ដំរី​ក្នុង​តំបន់​អង្គរ ចម្ងាយ​វែង​ប្រវែង​១១៧​គីឡូម៉ែត្រ និង​ចម្ងាយ​ខ្លី​ប្រវែង​១៧​គីឡូម៉ែត្រ និង​មាន​រង្វាន់​សម្រាប់​អ្នក​ទទួល​បាន​ចំណាត់ថ្នាក់​ក្នុង​កម្រិត​ចម្ងាយ​វែង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ