ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ផ្ទុះ​ការ​តវ៉ា​ទាមទារ​១៨​ចំណុច

6 ឆ្នាំ មុន
  • ភ្នំពេញ

លីង​វី​ដេ​អូ ៖ https://youtu.be/cIeWqWo8OV4 រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ​《H-EVERGREEN CAMBODIA KNITTING CO.,LTD》​…

លីង​វី​ដេ​អូ ៖ https://youtu.be/cIeWqWo8OV4

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ​《H-EVERGREEN CAMBODIA KNITTING CO.,LTD》​ ​ចំនួន​ជាង ៣០០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​អត់​ចូល​ធ្វើការ ដោយ​អ្នកខ្លះ​នៅផ្ទះ និង​មួយ​ចំនួន​ទៀត​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ចំណុច​មុខ​រោងចក្រ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​១៨​ចំណុច​ជូន​ពួក​គេ ហើយ​ក្នុង​ការ​ធ្វើ​កូដកម្ម​នោះ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​រោងចក្រ​កាត់ដេរ​《H-EVERGREEN CAMBODIA KNITTING CO.,LTD》​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ កម្មករ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​មួយ​នេះ​មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​ចំនួន​ជាង​៣០០​នាក់ ហើយ​ភាគច្រើន​គឺជា​កម្មការិនី ដែល​ម្នាក់​ៗ​បាន​ធ្វើការ​នៅ​ទីនោះ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​សិទ្ធិ​សេរីភាព​នោះ​ទេ ពួក​គេ​បាន​ទទួល​រង​នូវ​ការ​គាបសង្កត់​គ្រប់​បែប​យ៉ាង​ពី​សំណាក់​ថៅកែ​រោងចក្រ ដែល​បាន​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ដោយ​គ្មាន​គោល​ការ​ស្ម័គ្រចិត្ត​ឡើយ​។

មិនតែប៉ុណ្ណោះ​បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​នៅ​រៀងរាល់ថ្ងៃ​បុណ្យ​ជាតិ​ផ្សេង​ៗ មិន​ដែល​ឲ្យ​ឈប់​សម្រាក​ដូច​ជា​នៅ​រោងចក្រ​កាត់ដេរ​ផ្សេង​ៗ​ទៀត​នោះ​ទេ ហើយ​រៀងរាល់ថ្ងៃ​អាទិត្យ​ក៏​មិន​ដែល​បាន​ឈប់​សម្រាក​ដែរ ជាង​នេះ​ទៀត​បាន​បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង​ចាប់ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៩​យប់​ទៀត​ផង បើ​នរណា​ហ៊ាន​តវ៉ា​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រៅពី​នេះ​រោងចក្រ​មួយ​នេះ​គ្មាន​កន្លែង​សម្រាប់​កម្មករ​ហូប​បាយ ឬ​កន្លែង​ទុក​ម៉ូតូ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ទេ គ្មាន​ក្រុម​គ្រូពេទ្យ ប្រចាំការ​សម្រាប់​ព្យាបាល​ពេល​ដែល​កម្មករ​មាន​គ្រោះថ្នាក់ ឬ​មាន​ជំងឺ​ជាយថាហេតុ​ដែល​ត្រូវ​សង្គ្រោះ​បឋម និង​គ្មាន​ការ​ទទួលខុសត្រូវ​ក្នុង​ពេល​ដែល​កម្មករ ជួប​គ្រោះថ្នាក់​ការងារ​ឡើយ មិនតែប៉ុណ្ណោះ​បន្ទប់ទឹក​កខ្វក់​គ្មាន​អនាម័យ​ទេ​។ ម្យ៉ាងទៀត​មិន​ដែល​គិតលុយ​ឲ្យ​កម្មករ​ដែល​ធ្វើការ​នៅ​ថ្ងៃ​បុណ្យ​និង​ថ្ងៃអាទិត្យ​នោះ​ឡើយ ដោយសារ​តែ​គ្មាន​ការ​គិតគូ និង​កេងប្រវ័ញ្ច​នូវ​កម្លាំង​ពលកម្ម​របស់​កម្មករ​គ្រប់​បែប​យ៉ាង​បែប​នេះ​ហើយ ទើប​ពួក​គេ​បាន​សម្រេចចិត្ត​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ជូន​ពួក​គេ​ទាំងអស់​គ្នា ហើយ​បើ​គ្មាន​ការ​ដោះស្រាយ​ទេ​ពួក​គេ​នឹង​មិន​ព្រម​បញ្ឈប់​កូដកម្ម​នេះ ឡើយ​។

កម្មករ​បាន​បន្ត​ទៀត​ថា លក្ខខណ្ឌ​ការងារ​ទាំង​១៨​ចំណុច​នោះ​រួម​មាន​១, សុំ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​រោង​បាយ និង​រោង​ដាក់​កង់​ម៉ូតូ​ឲ្យ​បាន​ត្រឹមត្រូវ ២,​សុំ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ទឹក​ស្អាត​សម្រាប់​កម្មករ​ហូប ៣,​ក្រុមហ៊ុន​មិន​ត្រូវ​បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង​នោះ​ទេ ការ​ថែម​ម៉ោង​គឺ​តាម​គោល​ការ​ស្ម័គ្រចិត្ត ៤,​ក្រុមហ៊ុន​ត្រូវ​រៀបចំ​បន្ទប់ទឹក​ឲ្យ​បាន​ស្អាត ៥,​ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ច្បាប់​ឈប់​សម្រាក​ជូន​កម្មករ​ពេល មានធុរៈ ៦,​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឲ្យ​មាន​ពេទ្យ​ប្រចាំការ​នៅ​ក្នុង​រោងចក្រ ៧,​ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ​ពេល​កម្មករ​ជួប​គ្រោះថ្នាក់​ក្នុង​ម៉ោង​ការងារ ៨,​ពេល​កម្មករ​ឈប់​សម្រាក​សុំ​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់​ព្រី​ម​តាម​សម​មាត្រ ៩,​នៅ​ពេល​បើក​ប្រាក់ខែ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន បើក​កុំ​ឲ្យ​លើស​ពី​ម៉ោង​៤​ល្ងាច ១០,​សុំ​ឲ្យ​ក្រុមហ៊ុន​គិតលុយ​ជូន​កម្មករ​ដែល​ធ្វើការ​នៅ​ថ្ងៃ​បុណ្យ និង​ថ្ងៃអាទិត្យ​ក្នុង​ខែតុលា​កន្លង​មក ១១,​ក្រុមហ៊ុន​មិន​ត្រូវ​កាត់​លុយ​ក្នុង​ថ្ងៃ​ដែល​កម្មករ​ឈប់​សម្រាក​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ វិច្ឆិកា​កន្លង​មកនេះ ១២,​សុំ​កុំ​ឲ្យ​ក្រុមហ៊ុន រើសអើង​ពេល​កម្មករ​ឈប់​មានច្បាប់ និង​មាន​សំបុត្រ​ពេទ្យ ១៣,​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​កិច្ចសន្យា​របស់​កម្មករ​កម្មការិនី ១៤,​សូម​ឲ្យ​ក្រុមហ៊ុន​ណែនាំ​ប្រាប់​នៅ​ពេល​កម្មករ​គិត​ខុស និង​ធ្វើការ​ខុស ១៥,​សុំ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ចេញ​មុន​ម៉ោង​១៥​នាទី និង​បាន​ឈប់​សម្រាក​ក្នុង​ខែ​បាន​១​ថ្ងៃ ១៦, សុំ​ឲ្យ​ក្រុមហ៊ុន​ណែនាំ​ប្រធាន​ក្រុម និង​ប្រធាន​ក្រុម ឲ្យ​ប្រើ​ពាក្យ​សម្ដី​ជាមួយ​កម្មករ​ឲ្យ​បាន​សមរម្យ ១៧, ក្រុមហ៊ុន​មិន​ត្រូវ​គុំ​គួ​ន​ជាមួយ​កម្មករ​នោះ​ទេ និង​១៨,​ក្រុមហ៊ុន​ត្រូវ​រក្សា​ប្រាក់​អត្ថប្រយោជន៍ ជូន​កម្មករ​ក្នុង​ពេល​កំពុង​ធ្វើ​កូដកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ