ទីក្រុងបាងកក ៖ អ្នកបើកដំណើរការអន្តេវាសិកដ្ឋានបានប្តឹងទាមទារឲ្យការិយាល័យមន្ត្រីសវនកម្ម ស្នើឲ្យតុលាការធម្មនុញ្ញពិចារណា ដោយលើកហេតុផលថា ច្បាប់អន្តេវាសិកដ្ឋានឆ្នាំ២០១៥ បានរំលោភសិទ្ធិរបស់ពួកគេដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ។
សមាគមអ្នកដំណើរការអន្តេវាសិកដ្ឋានបានចូលរួមជាមួយនិសិត្សមកពីសាកលវិទ្យាល័យ Thammasat កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យមានការសម្រេចថា ផ្នែកទី៤ និងទី៣៦នៃច្បាប់នេះ ស្របទៅតាមរដ្ឋធម្មនុញ្ញដែរឬទេ ។
លោក Prinya Thaewanarumitkul ជាអ្នកជំនាញផ្នែកច្បាប់បានចូលរួមជាមួយពួកគេ។
មាត្រាខាងលើបានចែងថា អ្នកដែលអាចរស់នៅក្នុងអន្តេវាសិកដ្ឋានទាំងនោះ ត្រូវតែជានិស្សិតកំពុងបន្តបរិញ្ញាបត្រ និងមានអាយុ២៥ឆ្នាំចុះក្រោម ។
លោក Prinya បាននិយាយថា មាត្រានេះបានប៉ះពាល់ដល់អ្នកដំណើរការអន្តេវាសិកដ្ឋាននិងអ្នកប្រើប្រាស់សេវាកម្មនេះ ។
អ្នកល្មើសនឹងមាត្រាខាងលើ នឹងត្រូវពិន័យជាប្រាក់ប្រមាណ៣ពាន់ដុល្លារ ។ អ្នករិះគន់មួយចំនួននិយាយថា វាបង្កឲ្យអ្នកដំណើរការបាត់បង់អតិថិជន និងប្រាក់ចំណូល ។
លោកបានបន្តថា មាត្រានេះល្មើសនឹងផ្នែកទី៤០ និង២៦ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងពីសិទ្ធិសេរីភាពក្នុងការប្រកបមុខរបរសមរម្យ និងច្បាប់ដែលច្នៃឡើងដើម្បីដាក់កម្រិតលើសិទ្ធិ និងសេរីភាពមួយចំនួន ។
លោក Prinya និយាយថា អ្នកដំណើរការអន្តេវាសិកដ្ឋានបានវិនិយោគជាច្រើនក្នុងអាជីវកម្មរបស់ពួកគេ ប៉ុន្តែច្បាប់នេះបានដាក់កម្រិតលើសិទ្ធិ និងសេរីភាពទាំងនោះ ។
ជាលទ្ធផល ចំនួនអន្តេវាសិកចុះឈ្មោះជាផ្លូវការបានធ្លាក់ចុះពីខ្ទង់១ម៉ឺន មកត្រឹមប៉ុន្មានរយប៉ុណ្ណោះ ខណៈចំនួនអន្តេវាសិកខុសច្បាប់កំពុងតែកើនឡើង ។
អ្នកប្រកបអាជីវកម្មទាំងនោះធ្លាប់ចង់ឲ្យលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha លុបផ្នែកទី៤៤ចេញ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែបន្ទាប់ពីអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលធានាដល់សិទ្ធិ និងសេរីភាពពលរដ្ឋក្នុងការប្រកបអាជីវកម្ម លោក Prinya ផ្តល់យោបល់ដល់អាជីវករទាំងនោះឲ្យប្តឹងទាមទារដូចខាងលើ ៕
ចែករំលែកព័តមាននេះ