ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10​ចំណុច​ដែល​អ្នកបើកបរ​គួរ​យល់​ដឹង​ដើម្បី​សន្សំ​សំចៃ​ប្រេងឥន្ធនៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រេងឥន្ធនៈ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ជា​ពិសេស វា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​យានយន្ត​នានា​ទូ​ទាំង​ពិភពលោក ។ ម្យ៉ាងទៀត ប្រេងឥន្ធនៈ​ជា​ថាមពល​មិន​ងាយ​នឹង​កកើត​ឡើង​វិញ ឬ​ប្រើ​រយៈពេល​រាប់រយ​ឆ្នាំ​ទើប​កកើត​ឡើង​វិញ ។…

រាជធានី​ភ្នំពេញ ៖ ប្រេងឥន្ធនៈ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ជា​ពិសេស វា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​យានយន្ត​នានា​ទូ​ទាំង​ពិភពលោក ។ ម្យ៉ាងទៀត ប្រេងឥន្ធនៈ​ជា​ថាមពល​មិន​ងាយ​នឹង​កកើត​ឡើង​វិញ ឬ​ប្រើ​រយៈពេល​រាប់រយ​ឆ្នាំ​ទើប​កកើត​ឡើង​វិញ ។ ដូចនេះ មនុស្ស​ត្រូវការ​សន្សំ​សំចៃ​ឲ្យ​អស់​តិច​បំផុត​តាមតែ​អាច​ធ្វើ​បាន ។

ដើម្បី​ចូលរួម​សន្សំ​សំចៃ​ប្រេងឥន្ធនៈ អ្នកបើកបរ​ទាំង​ម៉ូតូ និង​រថយន្ត គួរ​ឈ្វេងយល់ និង​អនុវត្ត​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ ៖
បើ​អាច អ្នក​គួរតែ​ធ្វើ​កិច្ចការ​ណា​ក្នុង​ពេល​តែ​មួយ ឧទាហរណ៍ ជួប​ភ្ញៀវ ឬ​មិត្តភក្តិ​ក្នុង​ផ្លូវ​តែ​មួយ ដោយ​នឹង​មិន​ចំណាយពេល​ទៅ​ផ្លូវ​នេះ រួច​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ ឬ​បើកបរ​របស់​អ្នក​កាន់តែ​វែង​ឆ្ងាយ នាំ​តែ​អស់​ប្រេង​ច្រើន ។ អ្នក​គួរ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ផ្ទាល់ខ្លួន ។

២-​ចៀសវាង​បើកបរ​ក្នុង​ពេល​ចរាចរណ៍​កំពុង​ស្ទះ ៖
សម្រាប់​កម្ពុជា ចរាចរណ៍​ស្ទះ​ខ្លាំង​នៅ​ពេល​ព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច ពោល​គឺ​នៅ​ពេល​ចេញពីផ្ទះ​ទៅ​ធ្វើការ ទៅ​សាលា និង​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ ។ គួរតែ​រង់ចាំ​ពេល​ណា​ដែល​អ្នក​គិត​ថា វា​នឹង​មិន​បង្ក​ការ​កកស្ទះ​សម្រាប់​ការ​បើកបរ​របស់​អ្នក ។ បញ្ហា​ស្ទះ​ចរាចរណ៍​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រថយន្ត​ស៊ីប្រេង​ចោល​ដោយ​មិន​ទៅ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធុញថប់ និង​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត ឬ​ស្ត្រេ​សទៀត​ផង ។

៣-​មិន​គួរ​បើក​កញ្ចក់ ឬ​ដំបូល​រថយន្ត​ពេល​កំពុង​បើកបរ ៖
ការ​បើក​កញ្ចក់​រថយន្ត ឬ​បើក​ដំបូល​រថយន្ត​ហើយ​បិទ​ម៉ាស៊ីនត្រជាក់ ក្នុង​ន័យ​សន្សំ​សំចៃ​ប្រេង​នោះ វា​គឺជា​ការ​យល់​ខុសស្រឡះ ព្រោះ​ពេល​បើកបរ​ហើយ​បើក​កញ្ចក់ ឬ​ដំបូល​រថយន្ត វា​នឹង​ធ្វើ​ខ្យល់​ចូល​រថយន្ត ហើយ​កម្លាំង​ខ្យល់​នោះ​នឹង​ទប់​ល្បឿន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីនរថយន្ត​ត្រូវ​ប្រឹង​កាន់តែ​ខ្លាំង​ដើម្បី​បន្ថែម​ល្បឿន ពេល​នោះ ការ​ស៊ីប្រេង​ក៏​កាន់តែ​ខ្លាំង​ដែរ ។

៤-​ដោះ​របាំង​ដំបូល​ចេញពី​រថយន្ត ៖
ជា​ទូទៅ មាន​អ្នកខ្លះ​ដាក់​ប្រអប់​របាំង​ដំបូល​លើ​រថយន្ត​ដើម្បី​ដាក់​អីវ៉ាន់​បន្ថែម ប៉ុន្តែ​ពេល​គ្មាន​អីវ៉ាន់​ដាក់​លើ​រថយន្ត​នោះ វា​ប្រៀប​បាន​នឹង​អ្នកបើកបរ​រថយន្ត​ដោយ​បើក​កញ្ចក់​ដែរ ព្រោះ​របាំង​នេះ​វា​នឹង​ទប់​ខ្យល់ និង​ល្បឿន​រថយន្ត​មិន​ឲ្យ​លឿន​បាន ។

៥-​កុំ​ដាក់​របស់​ណា​ធ្ងន់ និង​មិន​ចាំបាច់​នៅ​ក្នុង​រថយន្ត ៖
ការ​ដាក់​របស់​ធ្ងន់​ៗ ដែល​មិន​ចាំបាច់​នៅ​ក្នុង​រថយន្ត វា​នឹង​ធ្វើ​ឲ្យ​រថយន្ត​ប្រើ​កម្លាំង​បន្ថែម ពេល​នោះ ម៉ាស៊ីនរថយន្ត ក៏​ត្រូវការ​ស៊ីប្រេង​ឥន្ធនៈ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ល្បឿន​កាន់តែ​លឿន​តាម​តម្រូវការ​របស់​អ្នកបើកបរ ។

៦-​កុំ​បន្ថែម​ល្បឿន​ទាំង​បង្ខំ ៖
ការ​បន្ថែម​ល្បឿន​ដោយ​បង្ខំ នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីនរថយន្ត​ស៊ីប្រេង​កាន់តែ​ខ្លាំង ។ ការ​បើកបរ​យក​ល្អ អ្នក​គួរ​បើក​ក្នុង​ល្បឿន​អតិបរិមា​ប្រមាណ​៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​បាន​ហើយ ។ ល្បឿន​នេះ មិន​ត្រឹមតែ​សន្សំ​សំចៃ​ប្រេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​អ្នក​អាច​គ្រប់គ្រង​ខ្លួន​ឯង​​បាន​ពេល​មាន​ឧបសគ្គ​នៅ​ខាង​មុខ ។

៧-​កុំ​ប្តូរ​ចង្កឹះ​លេខ​ក្នុង​ល្បឿន​មិន​សមរម្យ ៖
ការ​ផ្លាស់​ប្តូរ​ចង្កឹះ​លេខ ចំពោះ​រថយន្ត​ប្រើ​លេខ​ដៃ​ភ្លាម​ៗ​ក្នុង​ល្បឿន​មិន​សមរម្យ​នោះ នឹង​ធ្វើ​ឲ្យ​រថយន្ត​ស៊ីប្រេង​បន្ថែម​ដែរ ។ ជាក់ស្ដែង​រថយន្ត​ទើបតែ​ចាប់ផ្ដើម​ចេញដំណើរ ស្រាប់​តែ​អ្នក​ប្តូរ​ពី​លេខ​២​ទៅ​លេខ​៣ ឬ​លេខ​៤​នោះ វា​នឹង​ធ្វើ​ឲ្យ​រថយន្ត​អ្នក​ស៊ីសាំង​បន្ថែម​ទៀត ឬ​រថយន្ត​អ្នក​កំពុង​រត់​ក្នុង​ល្បឿន​លឿន ដោយ​ប្រើ​លេខ​៤​ឬ​លេខ​៥ ស្រាប់តែ​អ្នក​ប្តូរ​មក​លេខ​២ ឬ​លេខ​៣ ដោយ​មិន​ទាន់​បន្ថយល្បឿន វា​ក៏​នឹង​ធ្វើ​ឲ្យ​រថយន្ត​ស៊ីប្រេង​បន្ថែម​ផង​ដែរ ។

៨-​បិទ​ម៉ាស៊ីនត្រជាក់​ពេល​បើកបរ​នៅ​តំបន់​ត្រជាក់ ៖
ចំណុច​នេះ ចំពោះ​រថយន្ត​ដែល​បើកបរ​នៅ​តំបន់​ត្រជាក់​ខ្លាំង ពេល​បិទ​ម៉ាស៊ីនត្រជាក់ ក៏​មិន​ធ្វើ​ឲ្យ​ក្នុង​រថយន្ត​ថប់ ឬ​ក្តៅ​ដែរ ។ ដូចនេះ ការ​បិទ​ម៉ាស៊ីន​នៅ​តំបន់​ត្រជាក់ ក៏​បាន​ជួយ​អ្នក​អាច​សន្សំ​ប្រេង​មួយ​កម្រិត​ដែរ ។

៩-​ព្យាយាម​បើកបរ​ក្នុង​ល្បឿន​ថេរ ៖
ការ​បើកបរ​ក្នុង​ល្បឿន​ថេរ នឹង​ធ្វើ​ឲ្យ​រថយន្ត​អ្នក​រត់​ដោយ​រលូន ពេល​នោះ រថយន្ត​នឹង​មិនសូវ​ស៊ីប្រេង​ទេ ។

១០-​ឧស្សាហ៍​មើល​សម្ពាធ​ខ្យល់​កង់​រថយន្ត​៖
អ្នកបើកបរ​គួរតែ​ឧស្សាហ៍​យក​រថយន្ត​ទៅ​ថ្លឹង​ខ្យល់​ក្នុង​កង់​ទាំងអស់ ដើម្បី​ឲ្យ​ខ្យល់​រថយន្ត​​នោះ​មិន​តឹង​ពេក ឬ​មិន​ធូរ​ពេក ។ វា​មិន​ត្រឹមតែ​អាច​សន្សំ​សំចៃ​ថាមពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នកមាន​សុវត្ថិភាព​ពេល​កំពុង​បើកបរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ