ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​លាង​រថយន្ដ​ចំណាយ​ទុន​ច្រើន​បន្ដិច តែ​កើប​លុយ​រាល់ថ្ងៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បើក​អាជីវកម្ម​បម្រើសេវា​លាង​រថយន្ដ​នៅ​ភ្នំពេញ​សព្វថ្ងៃ កំពុង​រីក​ដូច​ផ្សិត ព្រោះ​ជា​សេវាកម្ម​ដែល​មាន​តម្រូវការ​ចាំបាច់​មួយ​នៅ​ក្នុង​វិស័យ​យានយន្ដ ។ ការ​បើក​កន្លែង​លាង​រថយន្ដ​នេះ ថ្វីបើ​ត្រូវ​ចំណាយ​ទុន​ច្រើន​បន្ដិច ប៉ុន្ដែ​ជា​មុខរបរ​មួយ​ដែល​ងាយ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ថែម​ទាំង​ចំណេញ​ច្រើន​ទៀត…

រាជធានី​ភ្នំពេញ ៖ ការ​បើក​អាជីវកម្ម​បម្រើសេវា​លាង​រថយន្ដ​នៅ​ភ្នំពេញ​សព្វថ្ងៃ កំពុង​រីក​ដូច​ផ្សិត ព្រោះ​ជា​សេវាកម្ម​ដែល​មាន​តម្រូវការ​ចាំបាច់​មួយ​នៅ​ក្នុង​វិស័យ​យានយន្ដ ។
ការ​បើក​កន្លែង​លាង​រថយន្ដ​នេះ ថ្វីបើ​ត្រូវ​ចំណាយ​ទុន​ច្រើន​បន្ដិច ប៉ុន្ដែ​ជា​មុខរបរ​មួយ​ដែល​ងាយ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ថែម​ទាំង​ចំណេញ​ច្រើន​ទៀត ព្រោះ​មិនសូវ​ចំណាយ​ច្រើន​ដូច​អាជីវកម្ម​ដទៃ ។

បើ​តាម​ម្ចាស់​ទីតាំង​លាង​រថយន្ដ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៧១ ក្បែរ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ឲ្យ​ដឹង​ថា របរ​មួយ​នេះ ពិតជា​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​នៅ​គ្រា​ដំបូង ដោយ​ត្រូវ​រៀបចំ​កន្លែង ទិញ​សម្ភារ​ផ្សេង​ៗ រៀបចំ​បុគ្គលិក និង​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ ហើយ​ប្រសិនបើ​ទីតាំង​ត្រូវ​ជួល​គេ​វិញ កាន់តែ​ធ្ងន់ធ្ងរ​ទៀត ប៉ុន្ដែ​ក្រោយ​ពី​ដំណើរការ​ហើយ របរ​នេះ​ពិតជា​ងាយស្រួល​ទទួល​បាន​ចំណូល និង​មិនសូវ​ប្រឈម​នឹង​ការ​ខាតបង់ ។

លោក សៀម សូ​រិ​យា ម្ចាស់​អាជីវកម្ម​នេះ​បាន​និយាយ​ថា ៖« ខ្ញុំ​បើកមុខ​របរ​ហ្នឹង គិត​មក​ពេល​នេះ គឺ​បាន​ដំណើរការ​អស់​រយៈពេល​១៣​ឆ្នាំ​ហើយ ។ ចំពោះ​ការ​ចំណាយ​វិញ គ្រាន់​តែ​​ធ្វើ​ដំបូល​ស័ង្កសី​អស់​ជាង​១​ម៉ឺន​ដុល្លារ ហើយ​នៅ​រៀបចំ​កន្លែង និង​ទិញ​សម្ភារ​ជា​ច្រើន​ទៀត គិត​ទៅ​ច្រើន​គួរសម​ដែរ » ។ យ៉ាងណា​ក៏​ដោយ លោក​ថា ៖« បន្ទាប់​ពី​ដំណើរការ​ហើយ​ឃើញ​ថា កាក់កប​គ្រាន់បើ និង​មិនសូវ​ចំណាយ​ច្រើន​ទៀត​ឡើយ » ។

លោក​សូ​រិ​យា បញ្ជាក់​ថា ៖« បច្ចុប្បន្ន​នេះ ខ្ញុំ​បាត់​ម៉ូយ​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ពិសេស​តាំងពី​មាន​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​មក ព្រោះ​ភ្ញៀវ​ពិបាក​ចេញចូល តែ​យ៉ាងណា ក៏​នៅ​មាន​ភ្ញៀវ​ដែល​ពេញចិត្ត​នឹង​សេវាកម្ម​យើង​នៅ​តែ​បន្ដ​មក​ជា​ហូរហែ » ។ លោក​ថា ៖ « កាល​ពី​មុន ខ្ញុំ​មិន​ដែល​រាប់​ក្បាល​រថយន្ដ​ទេ ដោយ​ក្នុង​មួយ​ថ្ងៃ គិត​ជា​មធ្យម ខ្ញុំ​អាច​រក​ចំណូល​បាន​ជាង​២០០​ដុល្លារ តែ​ឥឡូវនេះ ច្រើន​បំផុត​១០០​ដុល្លារ​ប៉ុណ្ណោះ »​។

លោក​បញ្ជាក់​ថា ចំពោះ​ថ្លៃ​លាង​រថយន្ដ​វិញ គឺ​រថយន្ដ​ឡង់​គ្រី​ស័​រ និង​ឡិច​ស៊ី​ស​៤៧០​ឡើង តម្លៃ​២​ម៉ឺន​រៀល​, ហា​យ​ឡែ​ន​ឌ័​រ និង​ឡិច​ស៊ី​ស RX៣០០ តម្លៃ​១៥.០០០​រៀល​, កាម​រី​ឆ្លាម បា​ឡែ​ន កូ​រ៉ូ​ឡា តម្លៃ​១៣.០០០​រៀល និង​ប្រភេទ​រថយន្ដ​តូច​ៗ តម្លៃ​១​ម៉ឺន​រៀល ។ ចំណែក​​មេការ​កម្មករ​ដែល​ធ្វើការ​នៅ​ទីតាំង​នេះ​បាន​និយាយ​ថា លោក​បាន​មក​បម្រើ​ការ​រយៈពេល​១២​ឆ្នាំ​ហើយ តាំងពី​ថៅកែ​ឲ្យ​ប្រាក់ខែ​៣​ម៉ឺន​រៀល​ម្ល៉េះ គឺ​ក្រោយ​១​ឆ្នាំ​បន្ទាប់​ពី​កន្លែង​នេះ​បើក​ដំណើរការ ។

លោក​បន្ដ​ថា កាលពីមុន មានកម្ម​ករ​លាង និង​ជូត​សម្អាត​ទាំងអស់​ចំនួន​១៧​នាក់ ព្រោះ​ក្នុង​១​ថ្ងៃ រថយន្ដ​ភ្ញៀវ​ចូល​ជា​មធ្យម​១០០​គ្រឿង ប៉ុន្ដែ​សព្វ​ថ្ងៃនេះ ធ្លាក់​ចុះ​សល់​ប្រហែល​៣០​ទៅ​៤០​គ្រឿង​ប៉ុណ្ណោះ ដូច្នេះ ថៅកែ​ក៏​កាត់​បន្ថយ​បុគ្គលិក​ដែរ ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​សល់​ត្រឹម​១០​នាក់ ។

មេការ​រូប​នេះ​បញ្ជាក់​ថា ៖« ធ្វើការ​នៅ​ទី​នេះ ថៅកែ​ឲ្យ​បន្ទប់​ស្នាក់​នៅ និង​ហូប​ចុក ។ ចំណែក​ប្រាក់​កម្រៃ​គឺ​គិត​ជា​ខែ ដោយ​ចូល​ធ្វើការ​ដំបូង គាត់ [​ថៅកែ​] ឲ្យ​ចាប់ពី​ជាង​១០០​ដុល្លារ​ឡើង​ក្នុង​១​ខែ និង​ទៅ​តាម​សមត្ថភាព » ។

លោក​បន្ដ​ថា ថ្វី​ដ្បិតតែ​ប្រាក់ខែ​មិន​ច្រើន តែបើ​បូក​រួម​ទាំង​ថ្លៃ​ស្នាក់​នៅ និង​ការ​ហូប​ចុក​ទៀត លោក​គិត​ថា វា​សមរម្យ​ដែរ ព្រោះ​មិន​ចាំបាច់​ចំណាយ​ទៅ​លើ​បញ្ហា​នេះ ។ ទោះបី​យ៉ាងណា ធ្វើការ​នៅ​កន្លែង​នេះ​មាន​បញ្ហា​មួយ គឺ​ទឹក​ស៊ី​ដៃជើង ដូច្នេះ ត្រូវ​ចេះ​ថែរក្សា និង​មាន​អនាម័យ​ឲ្យ​បាន​ល្អ ។

លោក​បង្ហើប​ថា ៖« មុខរបរ​នេះ​ពិតជា​ងាយ​រក​លុយ ហើយ​ថ្ងៃក្រោយ​ទៅ បើ​ទោះបីជា​មាន​​អ្នក​បើក​ច្រើន តែបើ​យើង​ប្រើ​សេវាកម្ម​ល្អ បុគ្គលិក​យើង​ត្រឹមត្រូវ​នោះ ភ្ញៀវ​ពេញ​ចិត្ត។ ណាមួយ កំណើន​រថយន្ដ​កើន​ឡើងជា​បន្ដបន្ទាប់ ដូច្នេះ គ្មាន​នរណា​ជិះ​ទាំង​រថយន្ដ​ប្រឡាក់​នោះ​ទេ » ។

លោក ជា ប៊ុ​ន​ធឿ​ន ប្រធាន​អង្គភាព​ចុះបញ្ជី​ទោចក្រយាន​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ឆ្នាំ​២០០០ ដល់​ខែមេសា ឆ្នាំ​២០១៧ អង្គភាព​បាន​ទទួល​ចុះបញ្ជី​មធ្យោបាយ​យានជំនិះ​មាន ម៉ូតូ ម៉ូតូ​កង់​បី និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក មាន​ចំនួន​១​លាន​៣​សែន​គ្រឿង ហើយ​សម្រាប់​មួយ​ឆ្នាំ​២០១៦​កន្លង​មកនេះ មាន​ចំនួន​១៥​ម៉ឺន​៨​ពាន់​៧១០​គ្រឿង ។

យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​១៩៩០ ដល់​ខែមេសា​ឆ្នាំ​នេះ រថយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​៩១៥.៩៧៨​គ្រឿង ក្នុង​នោះ​រថយន្ត​ធម្មតា​មាន​ចំនួន​៥៦៦.១៥៧​គ្រឿង និង​រថយន្ត​ធ្វើ​អាជីវកម្ម​មាន​ចំនួន​៣៤៩.៨២១​គ្រឿង ។ ចំណែក​ម៉ូតូ​មាន​ចំនួន​៣.២៩៥.៥៤៧​គ្រឿង ហើយ​បើ​សរុប​ទាំង​រថយន្ត និង​ម៉ូតូ​មាន​ចំនួន​៤.២១១.៥២៥​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ