ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​វ័យ​ចំណាស់​កាន់តែ​ច្រើន​កំពុង​ងាក​មក​ប្រើ​ស្មា​ត​ហ្វូ​ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម័យ​បច្ចេកវិទ្យា​ជឿនលឿន បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន​នេះ មិន​ថា​យុវវ័យ​ទេ សូ​ម្បី​តែ​មនុស្ស​ចាស់​ក៏​មាន​និន្នាការ​ប្រើ​ស្មា​ត​ហ្វូ​ន​កើនឡើង​ច្រើន​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកខ្លះ​មាន​រហូត​ដល់​២​គ្រឿង​ឯណោះ…

រាជធានី​ភ្នំពេញ ៖ សម័យ​បច្ចេកវិទ្យា​ជឿនលឿន បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន​នេះ មិន​ថា​យុវវ័យ​ទេ សូ​ម្បី​តែ​មនុស្ស​ចាស់​ក៏​មាន​និន្នាការ​ប្រើ​ស្មា​ត​ហ្វូ​ន​កើនឡើង​ច្រើន​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកខ្លះ​មាន​រហូត​ដល់​២​គ្រឿង​ឯណោះ ។ ហេតុ​អ្វី​បានជា​ពួក​គាត់​សម្រេច​ងាក​មក​ប្រើ​ស្មា​ត​ហ្វូ​ន ?

លោក ធន់ ស៊​ង័ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ថា សព្វថ្ងៃ លោក​មាន​អាយុ​៥០​ឆ្នាំ​ប្លាយ​ហើយ ។ មុន​ដំបូង​ឡើយ លោក​មិន​ដែល​ស្គាល់​ប្រភេទ​ស្មា​ត​ហ្វូ​ន​អី​នោះ​ទេ ប៉ុន្តែ​ដោយសារ​ចង់​ដឹង និង​ចង់​ឮ​ពី​ហេតុការណ៍​នានា​នៅ​ក្នុង​សង្គម​សព្វថ្ងៃ លោក​ក៏​ទិញ​មក​ប្រើ​ដែរ​ទៅ ។

លោក​ថា ៖« ចាប់តាំងពី​ខ្ញុំ​ប្រើ​ទូរស័ព្ទ​ចុច​លើ​កញ្ចក់​ហ្នឹង​មក (Touch Screen) មិន​ដែល​ប្រពន្ធ ឬ​កូនចៅ​ថា ខ្ញុំ​ចាស់​ហើយ​នៅ​ធ្វើខ្លួន​ស្ទាវ​នោះ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ប្រើ​ទៅ​វិញ » ។

លោក​បន្ត​ថា ៖« បើ​ប្រៀបធៀប​កាលដែល​ខ្ញុំ​មិន​ទាន់​មាន​ស្មា​ត​ហ្វូ​ន​ប្រើ ហើយ​មក​ដល់​ឥឡូវ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ ឥឡូវ ខ្ញុំ​អាច​ដឹង​ពី​ព័ត៌មាន​ផ្សេង​ៗ​ដែល​កើតឡើង​នៅ​ក្នុង​សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ថា វា​យ៉ាងម៉េច ណាមួយ​យើង​នៅ​ក្នុង​ដំណាក់កាល​វ័យចាស់​ចឹ​ង ត្រូវ​យល់​ដឹង​រឿង​ធម៌អាថ៌​ឲ្យ​បាន​ច្រើន ។ អីចឹង ស្មា​ត​ហ្វូ​ន​អាច​ជួយ​ខ្ញុំ​បាន ព្រោះ​ខ្ញុំ​ជា​អាចារ្យវត្ត​មួយ​រូប​ដែរ » ។

លោក ព្រាប វិបុល បុរស​វ័យ​ចំណាស់​ម្នាក់​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​សម្រាប់​លោក​មិន​ចេះ​អ្វី​ច្រើន​ទេ ក្រៅពី​ទុក​ទាក់ទង​ការងារ និង​កូនចៅ គឺ​ឆ្លៀត​លេង​ហ្វេ​ស​ប៊ុ​ក​តិចតួច និង​មើល​ព័ត៌មាន​ខ្លះ​ៗ ។

លោក​ថា ៖« ឃើញ​ក្មេង​ៗ​ប្រើ​លេង​នេះ​លេង​នោះ​ចឹ​ង​ទៅ ក៏​ប្រើ​នឹង​គេ​ដែរ ក្រែង​បានដឹង​ព័ត៌មាន​ខ្លះ​ៗ​ដែល​កើតឡើង​នៅ​ក្នុង​សង្គម កុំ​ឲ្យ​គេ​ថា ចាស់​ចាញ់​ក្មេង​ៗ » ។ លោក​បាន​បន្ត​ថា ក្រៅពី​មើល​ព័ត៌មាន និង​រូបភាព​ប្លែក​ៗ​នៅ​ក្នុង​ស្មា​ត​ហ្វូ​ន​ហើយ គឺ​វា​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ទៀត​នៅ​ពេល​ភ្ជាប់​អុ​ី​ន​ធើ​រ​ណេ​ត ដោយ​អាច​មើល​មុខ​កូន​ៗ​ដែល​នៅ​ឆ្ងាយ​ពី​គ្នា តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង​។ លោក​ថា ៖« សម័យនេះ ភ្នែក​ទិព្វ ត្រចៀក​ទិព្វ ពេល​ខ្ញុំ​នឹក​កូន ខ្ញុំ​អាច​និយាយ​បាន ហើយ​ពេល​ណា​ចង់​មើល​មុខ​កូន​ខ្ញុំ គឺ​ខ្ញុំ​អាច​មើល​បាន គ្រាន់តែ​មាន​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ដៃ បានឃើញ​បាត់ ទោះបី​នៅ​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ » ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ បាន​និយាយ​ថា អ្នកស្រី​មិន​ចេះ​ភាសា​អង់​គ្លេស​ទេ​។ ការ​សម្រេច​ទិញ​ស្មា​ត​ហ្វូ​ន​ប្រើ ព្រោះ​មិត្តភក្ដិ​ណា​ក៏​គេ​មាន​ដែរ ។ អ្នកស្រី​ថា ៖ «ចំពោះ​ការ​ប្រើ​វិញ គឺ​ក្រៅពី​សម្រាប់​ទំនាក់ទំនង​ហើយ ខ្ញុំ​អាច​ទិញ​អីវ៉ាន់​តាម​អន​ឡាញ ឆែក​ព័ត៌មាន​ផ្សេង​ៗ លេង​ហ្គេ​ម​កម្សាន្ដ ស្ដាប់​តន្ត្រី និង​មើល​វី​ដេ​អូ​ជាដើម » ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ជិត​៧​លាន​នាក់ កើនឡើង​១,៣​លាន​នាក់​កាលពី​ឆ្នាំ​មុន និង​គណនី​ទូរស័ព្ទ​ចល័ត​ចំនួន​២០​លាន​​គណនី ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​តែ​១៥,៧៦​លាន​នាក់​ប៉ុណ្ណោះ ។ ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៦ ដែល​បាន​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន The Open Institute បាន​ឲ្យ​ដឹង​ថា ជាង​៣៧%​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​អាយុ​ពី​១៥ ទៅ​៦៥​ឆ្នាំ អះអាង​ថា បាន​ប្រើប្រាស់​អ៊ីន​ធើ​រ​ណេ​ត និង​៩៦%​នៃ​ប្រជាពលរដ្ឋ​កម្ពុជា អះអាង​ថា ពួក​គេ​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ