ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ការ​ដាំដំឡូង​មី ដើម្បី​តម្រូវការ​ទីផ្សារ​អន្តរជាតិ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បើក​សម្ពោធ​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​៤ ស្តី​ពី​ជំរុញ​ការ​លើកកម្ពស់ និង​អភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម​កម្ពុជា អម​ដោយ​ទិវា​ដំឡូង​មី​លើក​ទី​២…

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បើក​សម្ពោធ​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​៤ ស្តី​ពី​ជំរុញ​ការ​លើកកម្ពស់ និង​អភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម​កម្ពុជា អម​ដោយ​ទិវា​ដំឡូង​មី​លើក​ទី​២ និង​ពិធី​តាំង​បង្ហាញ​ផលិតផល​បន្លែ​-​ផ្លែ​ឈើ​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​មន្ត្រី​រដ្ឋាភិបាល ប្រជា​កសិករ ពាណិជ្ជករ តំណាង​សហគ្រាស​ធុន​តូច និង​មធ្យម និង​ដៃគូ​អភិវឌ្ឍ​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​កសិករ​ទាំងអស់ ជា​ពិសេស​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ សូម​ឱ្យ​បង្កើន​ការ​ដាំដំឡូង​មី​ឲ្យ​កាន់តែ​ច្រើន ព្រោះ​ទីផ្សារ​អន្តរជាតិ កំពុង​តែ​ត្រូវការ​ដំឡូង​មី​មានគុណ​ភាព​ខ្ពស់​។ ដូច្នេះ​កម្ពុជា គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨ លើ​ពិភពលោក និង​លំដាប់​ទី​៤ នៅ​ក្នុង​តំបន់​អាស៊ី​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម វ៉េ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខ​ប្រមាញ់ បាន​ស្នើ​ឲ្យ​មានការ​ចូលរួម​កាន់តែ​សកម្ម​ពី​គ្រប់​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ធានា​បាន​និរន្តរភាព និង​សុវត្ថិភាព​ស្បៀង អាហារ​នៅ​ក្នុង​ប្រទេស និង​ការ​នាំ​ចេញ​ទី​កាន់​ទីផ្សារ​អន្តរជាតិ​។ ឯកឧត្តម​បន្ត​ទៀត​ថា ការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ និង​កម្មវិធី​ពាក់ព័ន្ធ​តាម​វិស័យ​នានា តម្រង់​ឆ្ពោះទៅ​រក​ទីផ្សារ​ក្នុង​បណ្តា​ឆ្នាំ​កន្លង​មក បាន​ជួយ​ជំរុញ​កំណើន​ការ​នាំ​ចេញ​កសិផល​កម្ពុជា ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ក្នុង​ល្បឿន​មួយ​គួរ​ជាទី​មោ​ទ​នៈ​។

យោង​តាម​ទិន្ន័យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ទីផ្សារ​នាំ​ចេញ​ផលិតផល​ដំឡូង​មី ត្រូវ​បាន​ពង្រីក​ពី​៤​ប្រទេស ក្នុង​នោះ​មាន (​ប្រទេស​ថៃ​, វៀតណាម​, ចិន​, បារាំង​) ក្នុង​ឆ្នាំ​២០១៤ ទៅ​១៦​ប្រទេស ក្នុង​ឆ្នាំ​២០១៦ រួម​មាន កា​ណា​ដា ចិន អង់គ្លេស ហ្វាំ​ង​ឡង់ ឥណ្ឌា អ៊ី​តា​លី កូរ៉េ លី​ទុ​យ​អា​នី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហូ​ឡង់ ញូ​វ​ហ្សឺ​ឡែ​ន កោះ​តៃវ៉ាន់ ថៃ អា​មេ​រិ​ក និង​វៀតណាម​ជាដើម ។ សូម​បញ្ជាក់​ផង​ដែរ​ថា ការ​តាំងពិព័រណ៍​ថ្នាក់​ជាតិ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​មានការ​ចូលរួម​៨ រាជធានី ខេត្ត និង​មាន​ស្តង់​តាំងពិព័រណ៍​ជិត​២០០​ស្តង់​ផង​ដែរ​។ ក្នុង​ឱកាស​នោះ​រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​ប្រគល់​រង្វាន់​ជូន​ដល់​កសិករ​ឆ្នើម​ជា​ច្រើន​នាក់​ផង​ដែរ ដោយ​ផ្តល់​គោ​យន្ត​កន្ត្រៃ​២​គ្រឿង​ជី​សម្រាប់​ដាក់​ដំណាំ និង​សម្ភារ​ផ្សេង​ៗ​ទៀត​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ