តាក់ស៊ី​កង់​បី​នាំ​ចូល​ពី​បរទេស​កំពុង​មាន​ទីផ្សារ ខណៈ​កង់​បី​ខ្មែរ​កំពុង​បាត់​ម៉ូយ


រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន អ្នក​រត់​ម៉ូតូ​កង់​បី ជា​អ្នក​ដណ្ដើម​ម៉ូយ និង​ដណ្ដើម​ទីផ្សារ​អ្នក​រត់​ម៉ូតូឌុប ដោយសារ​តែ​មើលទៅ​សុវត្ថិភាព​ជាង និង​មាន​ដំបូល​ការពារ​កំ​ដៅ​ថ្ងៃ ឬ​ភ្លៀង​ជាដើម ពិសេស​គឺ​អាច​ជិះ​បាន​ច្រើន​នាក់ ឬ​ដឹក​អីវ៉ាន់​បាន​ច្រើន​ទៀត​ផង ប៉ុន្ដែ​បន្ទាប់​ពី​មានការ​នាំ​ចូល​តាក់ស៊ី​កង់​បី​ពី​ប្រទេស​ឥណ្ឌា​(Bajaj) ដែល​គេ​និយម​ហៅ​ថា កង់​បី​ឥណ្ឌា​មក វា​បាន​និង​កំពុង​វាយលុក​ដណ្ដើម​ម៉ូយ​ពី​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ​វិញ​ម្ដង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ​បាត់​ចំណូល​បន្ដិច​ម្ដង​ៗ​ថែម​ទៀត ។

លោក លាង ហួរ អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ពេល​នេះ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ​បាន​ប្រឈម​ខ្លាំង​ណាស់ ក្រោយ​ពី​រ៉ឺ​ម៉ក​ឥណ្ឌា​ចូល​មក ដោយ​បាត់បង់​ភ្ញៀវ​ជា​បន្តបន្ទាប់ ។ លោក​ថា ៖« រ៉ឺ​ម៉ក​ឥណ្ឌា​វា​ប្រើ​ហ្គា​សត្រូវ​ចំណាយ​តិច ដូច្នេះ គេ​យក​តម្លៃ​សេវា​ទាប​ជាង ហើយ​បើ​យើង​យក​តម្លៃ​ទាប​ដូច គេ​នោះ មិន​សល់​លុយ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ទេ ព្រោះ​ម៉ូតូ​យើង​ប្រើ​សាំង » ។

លោក​បន្ត​ថា កាលពីមុន សម្បូរ​ភ្ញៀវ​ជិះ​ម៉ូតូ​កង់​បី​ខ្មែរ បើ​ទោះបីជា​នៅ​ចាំតែ​មួយ​កន្លែង ក៏​មាន​ភ្ញៀវ​ជិះ​ដែរ តែ​ឥឡូវ​ពិបាក​បន្ដិច ក្រោយ​ពេល​តាក់ស៊ី​កង់​បី​ឥណ្ឌា​ចូល​មក ហើយ​គេ​មាន​ដាក់​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​អាច​ឲ្យ​ភ្ញៀវ​ទូរស័ព្ទ​ហៅ​បាន​ទៀត​នោះ ធ្វើ​ឲ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ​កាន់តែ​បាត់បង់​ភ្ញៀវ​បន្តិច​ម្ដង​ៗ ។

លោក​ថា ៖« ខ្ញុំ​ចង់​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​រ៉ឺ​ម៉ក​ឥណ្ឌា​ដែរ ព្រោះ​វា​មើលទៅ​ស្ដង់ដា​ជាង​រ៉ឺ​ម៉ក​កង់​បី​យើង និង​មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ជាង ពិសេស​គឺ​ប្រើ​ហ្គា​ស ហើយ​តម្លៃ​ហ្គា​ស​ក៏​ថោក​ជាង​តម្លៃ​សាំង​ដែរ អីចឹង យើង​អាច​យក​តម្លៃ​ពី​ភ្ញៀវ​ទាប និង​ដឹក​បាន​ច្រើន » ។ លោក​ថា ៖« បើ​តាម​ខ្ញុំ​ដឹង តម្លៃ​រ៉ឺ​ម៉ក​ឥណ្ឌា​នេះ​បាន​ឡើងថ្លៃ​ជាង​មុន​ទៀត​ហើយ កាលពីមុន​ជាង​២​ពាន់​ដុល្លារ​ប៉ុណ្ណោះ តែ​ថ្មី​ៗ​នេះ​ឮ​ថា ឡើង​ដល់​ជិត​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ » ។

លោក ឯ សុភា​ស់ ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ថា ជា​ការ​ពិត​អ្នក​ប្រើប្រាស់​រ៉ឺ​ម៉ក​ពី​ឥណ្ឌា អាច​រក​ចំណូល​បាន​ច្រើន​ជាង​អ្នក​ប្រើប្រាស់​រ៉ឺ​ម៉ក​ខ្មែរ ។ ជាក់ស្ដែង​សមាជិក​របស់​សមាគម​ប្រមាណ​១០% ដែល​មាន​លទ្ធភាព​ទិញ​រ៉ឺ​ម៉ក​ឥណ្ឌា​មក​ធ្វើ​អាជីវកម្ម អាច​រក​ចំណូល​បាន​ច្រើន​ជាង​អ្នក​រត់​កង់​បី​ចាស់​ៗ​ពី​មុន ។

លោក​ថា ៖« អត្ថប្រយោជន៍​រ៉ឺ​ម៉ក​ឥណ្ឌា​ចំពោះ​អ្នក​ប្រើប្រាស់ វា​អាច​សន្សំ​សំចៃ​ថាមពល និង​បំពាក់​បច្ចេកវិទ្យា ដែល​អាច​ឲ្យ​ភ្ញៀវ​ស្វែងរក​តាម Apps បាន » ។ លោក​បន្ត​ថា ៖« ជា​ការ​កត់សម្គាល់​មួយ​ដែរ រ៉ឺ​ម៉ក​កង់​បី​ខ្មែរ​ដែល​ឈប់​ចាំ​អ្នកដំណើរ​មុខ​សណ្ឋាគារ​មួយ មិន​មាន​ភ្ញៀវ​ហៅ​ជិះ តែ​បែរជា​ហៅ​រ៉ឺ​ម៉ក​ឥណ្ឌា​ដែល​បំពាក់ Apps ពី​ណា​ពី​ណី​មក​ជិះ​ទៅ​វិញ ព្រោះ​ភ្ញៀវ​ក្នុង​សណ្ឋាគារ គេ​បាន​ស្វែងរក​រ៉ឺ​ម៉ក​នោះ​តាម​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​។ ទាំងនេះ​ហើយ​ដែល​ជា​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​ចំពោះ​ប្រាក់​ចំណូល​សម្រាប់​អ្នក​រត់​កង់​បី » ។

លោក​បាន​ជំរុញ​ឱ្យ​សមាជិក​អ្នក​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​ខ្នាត​តូច និង​ឯកជន ដូច​ជា ម៉ូតូឌុប និង​ម៉ូតូ​កង់​បី ផ្លាស់​ប្តូរ​ទៅ​តា​មកា​រវិ​វត្ត​ជាក់ស្ដែង​នៃ​ទីផ្សារ​បច្ចុប្បន្ន ដោយ​ត្រូវ​ចេះ​បត់បែន​ទៅ​តាម​កាលៈទេសៈ ។ បើ​ពេល​នេះ​គេ​ប្រើ​រ៉ឺ​ម៉ក​ឥណ្ឌា ឬ​តាក់ស៊ី​បំពាក់​បច្ចេក​វិទ្យា​រក​ចំណូល​បាន​ច្រើន ពួក​គេ​គួរតែ​ប្តូរ​មក​ប្រើ​រ៉ឺ​ម៉ក​ឥណ្ឌា ឬ​តាក់ស៊ី​វិញ ។ លោក​ថា ៖« យើង​ដឹង​ថា ការ​ផ្លាស់​ប្តូរ ឬ​អភិវឌ្ឍន៍​អាជីវកម្ម​វា​ត្រូវការ​ដើមទុន តែ​បើសិនជា​ខ្វះ​ដើមទុន អា​ចរក​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​ណា​ជា​ដៃគូ​របស់​សមាគម​ដែល​មាន​ស្រាប់ ។ ជាក់ ស្ដែង​ថ្មី​ៗ​នេះ សមាគម​យើង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ពី​ជប៉ុន​មួយ​ធានា​ផ្ដល់​កម្ចី​ដល់​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី កង់​បី អភិវឌ្ឍន៍​អាជីវកម្ម​ឲ្យ​កាន់តែ​ទំនើប ដើម្បី​ឱ្យប្រាក់​ចំណូល​កាន់តែ​ច្រើន​ឡើង » ។

ប្រធាន​សមាគម​រូប​នេះ​បានឱ្យ​ដឹង​ថា លោក​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ជួយ​សមាជិក និង​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន​ខ្នាត​តូច​ឲ្យ​មាន​របៀប​ត្រឹមត្រូវ ខណៈ​វិស័យ​ដឹក​ជញ្ជូន​របស់​រដ្ឋ​ក៏​កំពុង​ពង្រីក​ជា​បន្តបន្ទាប់ ក្នុង​នោះ​ដូច​ជា រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ពង្រីក​ជា​ច្រើន​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​ថា ៖« ដើម្បី​ឲ្យ​អាជីវកម្ម​ពួក​គាត់ នៅ​តែ​អាច​រក​ចំណូល​បាន យើង​ត្រូវ​រៀបចំ​ចំណត​ត្រឹមត្រូវ នៅ​តាម​ចំណតរថយន្ដ​ក្រុង​របស់​រដ្ឋ និង​នៅ​តាម​កន្លែង​កម្សាន្ត​ធំ​ៗ​ជាដើម » ។

តំណាង​ក្រុមហ៊ុន Bajaj Re Cambodia ដែល​ជា​អ្នក​នាំ​ចូល​រ៉ឺ​ម៉ក​ឥណ្ឌា បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ការ​លក់​បាន​កើន​ឡើងជា​បន្តបន្ទាប់ ខណៈ​ក្រុមហ៊ុន​ក៏​មាន​គោលការណ៍​បង់​រំលស់​ជា​ប្រចាំខែ​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​បាន ។

បច្ចុប្បន្ន រ៉ឺ​ម៉ក​ឥណ្ឌា​នេះ មាន​តម្លៃ​២.៦៥០​ដុល្លារ​ក្នុង​១​គ្រឿង ខណៈ​ការ​នាំ​ចូល​ដំបូង​មាន​តម្លៃ​ត្រឹមតែ​២​ពាន់​ដុល្លារ​ប៉ុណ្ណោះ ៕

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ