ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ដី​បោះបង់​ចោល​ ជិត​ស្មើ​ប្រទេស​អូទ្រីស​មួយ

6 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ ដី និង​ផ្ទះ​គ្មាន​ម្ចាស់​មាននៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ជប៉ុន ព្រោះតែ​កំណើន​ប្រជាពលរដ្ឋ​ធ្លាក់​ចុះ ។ ក្រុម​ស្រាវជ្រាវ​ឯកជន​មួយ​ព្រមាន​ថា ដី និង​ផ្ទះ​គ្មាន​ម្ចាស់​ទាំងនោះ​អាច​នឹង​ស្មើ​ទំហំ​កោះ​ខាងជើង Hokkaido…

ទីក្រុង​តូ​ក្យូ ៖ ដី និង​ផ្ទះ​គ្មាន​ម្ចាស់​មាននៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ជប៉ុន ព្រោះតែ​កំណើន​ប្រជាពលរដ្ឋ​ធ្លាក់​ចុះ ។

ក្រុម​ស្រាវជ្រាវ​ឯកជន​មួយ​ព្រមាន​ថា ដី និង​ផ្ទះ​គ្មាន​ម្ចាស់​ទាំងនោះ​អាច​នឹង​ស្មើ​ទំហំ​កោះ​ខាងជើង Hokkaido ស្មើ​ប្រមាណ​៨​ម៉ឺន​៣​ពាន់​គីឡូ​ម៉ែត្រការ៉េ​ឯណោះ ឬ​ស្មើ​ប្រទេស​អូទ្រីស​​មួយ ។ បច្ចុប្បន្ន វា​ស្មើ​៤​ម៉ឺន​១​ពាន់​គីឡូ​ម៉ែត្រការ៉េ ឬ​ធំ​ជាង​កោះ Kyushu របស់​ជប៉ុន​តែ​បន្តិច​ប៉ុណ្ណោះ ។

ផ្ទះ​គ្មាន​ម្ចាស់​ក្នុង​ប្រទេស​ជប៉ុន​មាន​ដល់​ប្រមាណ​៨​លាន​ខ្នង ហើយ​ភាគច្រើន​ត្រូវ​គេ​បោះបង់​ចោល​ទាំងស្រុង ។ នៅ​ពេល​ម្ចាស់​ដី ឬ​ផ្ទះ​ទទួលមរណភាព វា​ពិតជា​ពិបាក​ណាស់​ស្វែងរក​សាច់ញាតិ​មក​ទទួល​មរតក​បន្ត​ ដើម្បី​អាច​រុះរើ​ផ្ទះ​នោះ​បាន ។ មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក្នុង​តំបន់ ក៏​ពិបាក​ប្រមូល​ពន្ធ​ដែរ ដោយសារ​មិនដឹង​ពី​អត្តសញ្ញាណ​ម្ចាស់​ដី ។

យោង​​តាម​ក្រុមប្រឹក្សា Tokyo Foundation ឲ្យ​ដឹង​ថា រឿង​ម្ចាស់​កម្មសិទ្ធិ​ដី​នេះ​បាន​ក្លាយ​ជា​បញ្ហា​មួយ​សម្រាប់​ការ​សាងសង់​តំបន់ Tohoku ឡើង​វិញ បន្ទាប់​ពី​តំបន់​នេះ​ត្រូវ​កម្ទេច​ដោយ​រលក​ស៊ូ​ណា​មិ និង​ការ​រញ្ជួយ​ដី​នៅ​ឆ្នាំ​២០១១ ។

ផ្ទះ​បោះបង់​ចោល​អាច​នឹង​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ទៀត​ផង ហើយ​សំរាម រុក្ខជាតិ និង​ការ​សឹក​រេចរឹល​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ផ្នែក​សុខភាព និង​សុវត្ថិភាព ។

បើ​ទោះជា​ផ្ទះ​មួយ​ចំនួន​មាន​អ្នក​ស្នង​មរតក​ក្តី ប៉ុន្តែ​ពួក​គេ​មិន​អាច​លក់​វា​ចេញ​បាន​ទេ ខណៈ​អតិថិជន​មិន​ចាប់អារម្មណ៍ ព្រោះ​ផ្ទះ​ទាំងនោះ​ភាគច្រើន​ស្ថិត​ក្នុង​តំបន់​ជនបទ ឬ​ក្រៅ​ក្រុង មិន​ស័ក្តិសម​សម្រាប់​អតិថិជន​ក្មេង​ៗ ។ លើស​ពី​នេះ ពលរដ្ឋ​ជប៉ុន​ក៏​ស្ទាក់ស្ទើរ​ទិញ​ផ្ទះ​ត​ពី​អ្នក​ដទៃ​ផង​ដែរ ។

កាលពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ក្នុង​តំបន់​ដាក់​ទណ្ឌកម្ម​ម្ចាស់ផ្ទះ​មិន​ព្រម​រុះរើ ឬ​កែ​ច្នៃ​ផ្ទះ​ឡើង​វិញ ។

កាលពី​ថ្ងៃ​ចន្ទ ក្រសួង​ដែនដី​បាន​ប្រកាស​ពី​ផែនការ​ដំណាក់កាល​ដំបូង ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អចលនទ្រព្យ​គ្មាន​ម្ចាស់​ទទួលស្គាល់​រយៈពេល​៥​ឆ្នាំ ក្នុង​គោលបំណង​ផ្សេងៗ​ដូច​ជា​កសិកម្ម​ជាដើម ។

ក្រុម​ស្រាវជ្រាវ​ខាងលើ​ព្យាករ​ថា ប្រទេស​ជប៉ុន​បាន​ខាតបង់​ប្រាក់​ប្រមាណ​១,៦​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ដោយសារ​អចលនទ្រព្យ​បោះបង់​ចោល​ទាំងនេះ ហើយ​វា​អាច​នឹង​កើន​ដល់​២,៧២​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០៤០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ