ខេត្តកែប ៖ រយៈពេលប៉ុន្មានឆាំ្នចុងក្រោយនេះមានការអភិវឌ្ឍច្រើននៅរមណីយដ្ឋានឆ្នេរសមុទ្រកែប ដូចជាកសាងសួនច្បារ វិថី ពិសេសការចាក់ខ្សាច់ពង្រីកឆ្នេរកម្សាន្ត ។ នៅក្នុងខែតុលា ឆ្នាំ២០១៧នេះ ឆ្នេរកែបកំពុងរៀបចំចាក់ខ្សាច់ពង្រីកប្រវែង២៤០ម៉ែត្របន្ថែមទៀត ។
អ្នកម៉ៅការឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ការចាក់ដីខ្សាច់បន្ថែមនៅកន្លែងលេងទឹកឆ្នេរកែបប្រវែង២៤០ម៉ែត្រនេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរទៅលេងកម្សាន្ត ដោយមិនត្រឹមតែងាយស្រួលងូតទឹកលេងទេថែមទាំងឱ្យអ្នកដើរតាមបណ្ដោយឆ្នេរមានទីធ្លាកាន់តែឆ្ងាយថែមទៀតផង ។
ចំពោះការចាក់ខ្សាច់ពង្រីកឆ្នេរនោះ អ្នកម៉ៅការបាននិយាយត្អូញត្អែរពីការលំបាកចុះទៅធ្វើក្នុងសមុទ្រដូចជាការជញ្ជូនខ្សាច ់និងថ្ម ជាដើម ព្រោះទឹកមិននាចពេលថ្ងៃទេ គឺទឹកសមុទ្រនាចនៅពេលយប់ ។ ទោះបីជាយ៉ាងណាក្តី លោកនឹងឲ្យកម្មករប្រឹងប្រែងធ្វើយ៉ាងណាឱ្យហើយមុនពិធីបុណ្យសមុទ្រដែលនឹងរៀបចំនៅខែធ្នូ ឆ្នាំ២០១៧នេះ ។
នាពេលកន្លងមកតំបន់រមណីយដ្ឋានឆ្នេរកែបបានចាក់ខ្សាច់ពង្រីកឆ្នេរកម្សាន្តឲ្យធំទូលាយជាងមុន ដោយខ្សាច់នាំយកពីកន្លែងផ្សេង ជាខ្សាច់ម៉ដ្ឋល្អ ។ មិនបញ្ចប់ត្រឹមនោះបច្ចុប្បន្នបានចាក់ខ្សាច់ពង្រីកឆ្នេរបន្ថែមទៀត ធ្វើឱ្យកន្លែងកម្សាន្តកាន់តែធំទូលាយខ្លាំងឡើង ។
កែបគឺជាតំបន់កម្សាន្តមាត់សមុទ្រដ៏ពេញនិយមមួយនៅកម្ពុជា ។ ការទៅទីនោះមិនត្រឹមតែបានលេងកម្សាន្តនឹងទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែសម្បូរទៅដោយគ្រឿងសមុទ្រ ដូចជាក្តាម មឹក ជាដើម សម្រាប់ទិញទទួលទានស្រស់ៗទៀតផង ៕
ចែករំលែកព័តមាននេះ