ទីក្រុងញូវយ៉ក ៖ ថ្លៃសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកបានកើនឡើងលឿនជាងអត្រាអតិផរណាម្តងទៀតហើយ ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការមហាវិទ្យាល័យឲ្យដឹងថា ថ្លៃសាលាកើនឡើងជាមធ្យមនេះ កើតមានឡើងទាំងក្នុងសាកលវិទ្យាល័យឯកជននិងរដ្ឋ ។ វាកើនឡើងពីរវាង២,៩% ទៅ៣,៦%ក្នុងឆ្នាំនេះ ។ ជាមួយគ្នានេះ អត្រាអតិផរណាបានកើនឡើងប្រមាណតែ២% ។
តម្លៃប្រចាំឆ្នាំបានកើនឡើងប្រមាណ៣០០ដុល្លារក្នុងមហាវិទ្យាល័យរដ្ឋ និងកើន៨០០ដុល្លារសម្រាប់មហាវិទ្យាល័យឯកជន ។
លោក Robert Kelchen ជំនួយការសាស្ត្រាចារ្យផ្នែកអប់រំកម្រិតខ្ពស់ក្នុងមហាវិទ្យាល័យ Seton Hall បានឲ្យដឹងថា ៖« មានកត្តាជាច្រើនដែលជំរុញឲ្យថ្លៃសាលាកើនឡើង » ។
ការចំណាយក្នុងមហាវិទ្យាល័យភាគច្រើន គឺទាក់ទិននឹងបុគ្គលិក ការថែរក្សាសុខភាពរបស់ពួកគេ និងអត្ថប្រយោជន៍ដែលពួកគេទទួលបាន ។
លោក Kelchen កត់សម្គាល់ថា ការកាត់បន្ថយការផ្តល់ជំនួយពីរដ្ឋ ក៏ជាកត្តាមួយប៉ះពាល់ដល់មហាវិទ្យាល័យរដ្ឋផងដែរ ។
ប៉ុន្តែមិនមែនគ្រប់រដ្ឋកាត់បន្ថយជំនួយសម្រាប់ការអប់រំកម្រិតខ្ពស់ទេ ។ ទីក្រុងញូវយ៉ក, Oregon, Tennessee និង Rhode Island បានបន្ថែមជំនួយដើម្បីឲ្យពលរដ្ឋមួយចំនួនទទួលបានការអប់រំដោយឥតគិតថ្លៃទៀតផង ។
លោក Kelchen បន្តថា កត្តាមួយទៀតដែលជំរុញដល់ការឡើងថ្លៃនេះ គឺការបញ្ចុះតម្លៃ។ មហាវិទ្យាល័យបានផ្តល់ជំនួយហិរញ្ញវត្ថុដល់សិស្សកាន់តែច្រើន ។
សិស្សទទួលបានជំនួយហិរញ្ញវត្ថុច្រើនជាងឆ្នាំមុន ប៉ុន្តែនៅតែមិនគ្រប់គ្រាន់បើធៀបនឹងថ្លៃសាលាកើនឡើង ៕
ចែករំលែកព័តមាននេះ