ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ស្វាយ​កាន់តែ​មាន​ហាងឆេង ចំ​ពេល​រដូវ​កំពុង​ប្រមូល​ផល

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រៅពី​ការងារ​ស្រែ​ចម្ការ ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុងស្រុក​ពោធិ៍​រៀង បាន​នាំ​គ្នា​ងាក​មក​ចាប់​មុខរបរ​ថ្មី​មួយ គឺ​ដើរ​ម៉ៅ​ចម្ការ​ស្វាយ​របស់​អ្នកស្រុក​ដើម្បី​យក​ផល​លក់​ឲ្យ​ឈ្មួញ​នាំ​ចេញ ព្រោះ​មុខរបរ​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ស្វាយកែវរ​មៀតកំពុង​មាន​ទីផ្សារ​នាំ​ចេញ ។ កសិករ​ឈ្មោះ…

ខេត្តស្វាយរៀង ៖ ក្រៅពី​ការងារ​ស្រែ​ចម្ការ ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុងស្រុក​ពោធិ៍​រៀង បាន​នាំ​គ្នា​ងាក​មក​ចាប់​មុខរបរ​ថ្មី​មួយ គឺ​ដើរ​ម៉ៅ​ចម្ការ​ស្វាយ​របស់​អ្នកស្រុក​ដើម្បី​យក​ផល​លក់​ឲ្យ​ឈ្មួញ​នាំ​ចេញ ព្រោះ​មុខរបរ​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ស្វាយកែវរ​មៀតកំពុង​មាន​ទីផ្សារ​នាំ​ចេញ ។

កសិករ​ឈ្មោះ ភឺន ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង បាន​ឲ្យ​ដឹង​ថា ក្រៅពី​ធ្វើស្រែ​ចម្ការ លោក​បាន​ចាប់​មុខរបរ​នេះ​រយៈពេល​១០​ឆ្នាំ​ហើយ ។ មុខរបរ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​លោក​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ដូច​គ្រួសារ​អ្នក​ដទៃ​ឡើយ ។

លោក​បន្ត​ថា ៖« ទីផ្សារ​ស្វាយកែវ​រមៀត​ឥឡូវ​កំពុង​តែ​មាន​ហាងឆេង ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ខ្ញុំ​នេះ​ប្រមាណ​ជាង​៦០​ទៅ​៧០% ចាប់​យក​របរ​នេះ ។ ក្នុង​នោះ មាន​ទាំង​អ្នក​ដាំ​ស្វាយ បណ្ដុះ​កូន​ស្វាយ​លក់ អ្នក​ម៉ៅ​ចម្ការ និង​ដើរ​ទិញ​ផ្លែស្វាយ​យក​លក់ » ។ លោក​ថា ៖« សព្វថ្ងៃ​ឈ្មួញ​មិន​ត្រឹមតែ​ម៉ៅ​ចម្ការ​ក្នុង​ខេត្តព្រៃវែង​ទេ គឺ​បាន​ទៅ​ដល់​ខេត្តកណ្ដាល​, តំបន់​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ស្ពឺ ដូច​ជា គី​រី​រម្យ ត្រែង​តា​យឹ​ង​, ខេត្តតាកែវ​, បាត់ដំបង​, ពោធិ៍សាត់​, បន្ទាយ​មាន​ជ័យ​, សៀមរាប និង​ខេត្តកំពង់ចាម ជាដើម » ។

លោក​បាន​បញ្ជាក់​ថា ក្នុង​១​ហិ​កតា ឈ្មួញ​ម៉ៅ​ពី​ម្ចាស់​ចម្ការ​ជា​មធ្យម​ក្នុង​តម្លៃ​ចាប់ពី​២​ពាន់ ទៅ​៣​ពាន់​ដុល្លារ​សម្រាប់​រយៈពេល​១​ឆ្នាំ ដោយ​គេ​មើលទៅ​តាម​ដី​ល្អ ឬ​មិនសូវ​ល្អ និង​មើល​តាម​ដើម​ធំ ឬ​តូច​ផង​ដែរ ។

យ៉ាងណា​លោក​ថា អ្នក​ម៉ៅ​មិនមែន​ចំណេញ​គ្រប់ពេល​ទេ ជួន​ខាត ជួន​ចំណេញ ពេល​ខ្លះ​អាច​ជួប​ផល​លំបាក​ច្រើន បើសិន​ស្វាយ​ធ្លាក់​ថ្លៃ ឬ​ពេល​កំពុង​ថែទាំ ចំ​ពេល​ភ្លៀង​ធ្លាក់​ជោកជាំ​បណ្ដាល​ឲ្យ​ខូច​ផ្កា ឬ​មាន​សត្វល្អិត​ជាដើម​។ ទាំងនេះ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ទទួល​បាន​ទិន្នផល​តិច ហើយ​ត្រូវ​ចំណាយ​ថ្លៃ​ថ្នាំ និង​ការ​ថែទាំ​ច្រើន ប៉ុន្តែ​ទោះជា​មាន​ផល​លំបាក​បែប​នេះ​ក្ដី បច្ចុប្បន្ន មាន​អ្នក​ចាប់​មុខរបរ​នេះ​ទទួល​បាន​ជោគជ័យ​ច្រើន ។

ប្រភព​ពី​ក្រុម​ឈ្មួញ​ដទៃ​ទៀត​បាន​ឲ្យ​ដឹង​ថា សម្រាប់​ចម្ការ​នីមួយ​ៗ​បន្ទាប់​ពី​ម៉ៅ​បាន គេ​ត្រូវការ​ចំណាយ​លើ​ថ្នាំ និង​ជី ព្រមទាំង​កម្មករ​ក្នុង​ការ​ថែទាំ ទម្រាំ​បាន​ទទួលផល ដែល​ជា​មធ្យម​ក្នុង​១​ហិ​កតា ការ​ចំណាយ​គឺ​ចាប់ពី​១.៥០០​ទៅ​២.០០០​ដុល្លារ​ពីលើ​ថ្លៃ​ម៉ៅ​ចម្ការ ។ ដូចនេះ អ្នក​ម៉ៅ​ចម្ការ​មាន​ទំហំ​ធំ ក៏​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ទៅ​តាម​នេះ​ដែរ ។

ឈ្នួ​ញ​ដដែល​បាន​បន្ដ​ថា ក្នុង​១​ឆ្នាំ ពួក​គេ​អាច​ទទួលផល​បាន​២​លើក គឺ​ស្វាយ​ខុសរដូវ និង​ត្រូវ​រដូវ ដោយ​ស្វាយ​ខុសរដូវ ចាប់​ទទួលផល​នៅ​អំឡុង​ខែសីហា​, កញ្ញា និង​តុលា បើ​ទោះជា​បាន​ផល​តិច​មែន ប៉ុន្តែ​តម្លៃ​ខ្ពស់​។ ជា​ធម្មតា​ពួក​គេ​អាច​លក់​បាន​ចាប់ពី​១​ពាន់ ទៅ​២​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ។ រីឯ​ផ្លែស្វាយ​ត្រូវ​រដូវ​ប្រមូល​ផល​បាន​នៅ​អំឡុង​ខែមេសា និង​ឧសភា ហើយ​តម្លៃ​១​គីឡូក្រាម លក់​បាន​ត្រឹមតែ​៣០០​ទៅ​១​ពាន់​រៀល​ប៉ុណ្ណោះ ។ បើ​សរុប​ទិន្នផល​ទាំង​២​លើក​សម្រាប់​១​ឆ្នាំ គឺ​បាន​ផល​ចាប់ពី​២៥ ទៅ​៣៥​តោន​ក្នុង​ទំហំ​ដី​១​ហិ​កតា ។

ស្រប​ពេល​អ្នក​ដើរ​ម៉ៅ​ចម្ការ​មាន​ចំនួន​កាន់តែ​ច្រើន ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​មុខរបរ​មួយ​នេះ ក៏​មាន​ច្រើន​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ខ្លះ​អាច​រក​ប្រាក់​បាន​ក្នុង​១​ឆ្នាំ គឺ​ខ្ទង់​ម៉ឺន​ដុល្លារ​ទៅ​តាម​ទំហំ​ដី​ធំ​ឬ​តូច ហើយ​ម្ចាស់​ចម្ការ​ទាំងនោះ ក៏​មិន​ជួប​ហានិភ័យ​ដូច​អ្នក​ដើរ​ម៉ៅ​ចម្ការ​ដែរ ។

អ្នកស្រី សុ​ន ម៉ៅ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មាន​ចម្ការ​ស្វាយ​ទំហំ​ផ្ទៃដី​ជិត​២​ហិ​កតា ដោយ​ក្នុង​១​ឆ្នាំ ម៉ៅ​ឲ្យ​ឈ្មួញ​បាន​២.០០០​ដុល្លារ ។ អ្នកស្រី​បន្ត​ថា ៖« បើ​ចម្ការ​គេ​ធំ​ដល់​ទៅ​១០​ឬ​២០​ហិ​កតា គេ​ម៉ៅ​ឲ្យ​ឈ្មួញ​បាន​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​១​ឆ្នាំ ។ ដូច្នេះ អ្នកមាន​ដី​ច្រើន មិន​គួរ​ទុក​ឲ្យ​ទំនេរ​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ