ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងអលង្ការ​តម្លៃ​ជាង​២​ពាន់​ដុល្លារ​ដូរ​យក​គ្រាប់កង់​ដែក​មួយ​ថង់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​មាន​សភាព​ស្លន់ស្លោ និង​ស្លេកស្លាំង​យ៉ាង​ខ្លាំង បាន​កាន់​កូន​កាបូប​តូច​មួយ​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ក្រោយ​ពី​រូប​នាង​បានដឹង​ថា​ខ្លួន​ចាញ់បោក​គេ ដោយ​បាន​ដោះ​កងដៃ ខ្សែ​ក និង​ចិញ្ចៀន​ដែល​មាន​តម្លៃ​ចំនួន​រហូត​ទៅ​ដល់​ជាង​២​ពាន់​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​មាន​សភាព​ស្លន់ស្លោ និង​ស្លេកស្លាំង​យ៉ាង​ខ្លាំង បាន​កាន់​កូន​កាបូប​តូច​មួយ​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ក្រោយ​ពី​រូប​នាង​បានដឹង​ថា​ខ្លួន​ចាញ់បោក​គេ ដោយ​បាន​ដោះ​កងដៃ ខ្សែ​ក និង​ចិញ្ចៀន​ដែល​មាន​តម្លៃ​ចំនួន​រហូត​ទៅ​ដល់​ជាង​២​ពាន់​ដុល្លារ ប្តូរ​យក​គ្រាប់កង់​ចំនួន​មួយ​កូន​កាបូប​តូច​នោះ ខណៈ​ដែល​នាង​មក​រក​ទិញ​ម្ហូប​នៅ​ផ្សារ​ច្បារ​អំពៅ ហើយ​នាំ​នាង​មក​ធ្វើការ​ដោះ​ដូរ​គ្នា​នៅ​ខាងក្រោយ​សាលា​បឋម​សិក្សា​បឹង​ត្របែក ។ ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ខាង​មុខ​ខ្លោងទ្វារ​សាលា​បឋម​សិក្សា​បឹង​ត្របែក​ខាងត្បូង​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចាំ​ការ​មន ។

តាម​ប្រភព​ព័​ត៌​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ ច​ន្ថា ធីតា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​បុរី​ហា​យ​ធិ​ច ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់លាវ ខេត្តព្រៃវែង ។ មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ឲ្យ​ប្អូនប្រុស​ម្នាក់​ឌុ​ប​នាង​មក​រក​ទិញ​ម្ហូប​នៅ​ផ្សារ​ច្បារ​អំពៅ លុះ​ទិញ​បាន​ហើយ នាង​ក៏​ឲ្យ​ប្អូនប្រុស​រូប​នោះ​យក​ម្ហូប​ទៅ​មុន ហើយ​នាង​ក៏​បាន​ដើរ​រក​ទិញ​កាបូប​បន្ត​តែ​ម្នាក់ឯង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​នាង​កំពុង​តែ​រើស​កាបូប​នោះ ក៏​ស្រាប់តែ​លេចមុខ​ស្ត្រី​២​នាក់​មក​ប្រាប់​នាង​ថា <<​ពួក​គេ​រើស​បាន​មាស​មួយ​កញ្ចប់​>> យក​មក​បង្ហាញ​រូប​នាង ហើយ​ក៏​បាន​ធ្វើការ​បញ្ចុះបញ្ចូល​នាង​ឲ្យ​ឡើង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ជាមួយ​ពួក​គេ លុះ​មក​ដល់​ចំណុច​ខាងលើ​ដែល​ជា​កន្លែង​ស្ងាត់​នោះ ។ ពួក​គេ​ក៏​បាន​ធ្វើការ​ដោះ​ដូរ​គ្នា ដោយ​ក្រុម​ស្ត្រី​ជា​ជនសង្ស័យ​បាន​ឲ្យ​កូន​កាបូប​ពណ៌​ឈាម​ជ្រូក​ចំនួន​មួយ ហើយ​នាង​ក៏​បាន​ដោះ​កងដៃ​ផ្លា​ក​ទី​ន​ចំនួន​២១​កង ខ្សែ​ក​ផ្លា​ក​ទី​ន​១​ខ្សែ និង​ចិញ្ចៀនមាស​ទម្ងន់​២​ជី​១​វង់ ដែល​មាន​តម្លៃ​សរុប​រហូត​ទៅ​ដល់​ជាង​២​ពាន់​ដុល្លារ​ឯ​ណ្ណោះ ។

ក្រោយ​ពេល​ដែល​ពួក​គេ​នាំ​គ្នា​ធ្វើការ​ដោះ​ដូរ​គ្នា​រួច​ហើយ ក្រុម​ស្ត្រី​ជា​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​យក​គ្រឿងអលង្ការ​ដែល​បាន​នោះ​នាំ​គ្នា​គេចខ្លួន​ទៅ​បាត់​អស់ ហើយ​នៅ​សល់​តែ​ម្នាក់់ឯង​នាង​ក៏​បាន​បើក​កូន​កាបូប​នោះ​មើលទៅ​ឃើញ​សុទ្ធតែ​គ្រាប់កង់​នៅ​ខាងក្នុង ទើប​ដឹង​ថា​ចាញ់បោក​គេ​អស់​គ្រឿងអលង្ការ​ពី​ខ្លួន​រលីង​គ្មាន​សល់ និង​ទន់​ដៃជើង​ស្លុត​ស្មារតី​យ៉ាង​ខ្លាំង ។ ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ក៏​បាន​កាន់​កូន​កាបូប​ដែល​មាន​សុទ្ធតែ​គ្រាប់កង់​នោះ យក​មក​កាន់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​តាម​ចាប់ខ្លួន​ក្រុម​ស្ត្រី​ជា​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ដើម្បី​ជួយ​រក​កងដៃ ខ្សែ​ក និង​ចិញ្ចៀន​របស់​នាង​មក​វិញ​ផង​ដែរ តែ​ហាក់បីដូចជា​គ្មាន​សង្ឃឹម​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ