ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​កាន់តែ​ខកចិត្ត​នឹង ចាន់ វឌ្ឍនាកា លើ​ទឹកដី​ជប៉ុន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​អ្នកគាំទ្រ​ជាង​ពាក់កណ្ដាល​ប្រទេស​ដែល​ស្រឡាញ់​គាំទ្រ​លោក ចាន់ វឌ្ឍនាកា កាន់តែ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​តារាបាល់ទាត់ Super Star រូប​នេះ ចាប់តាំងពី​លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ផ្ញើខ្លួន​នៅ​លើ​ទឹកដី​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​អ្នកគាំទ្រ​ជាង​ពាក់កណ្ដាល​ប្រទេស​ដែល​ស្រឡាញ់​គាំទ្រ​លោក ចាន់ វឌ្ឍនាកា កាន់តែ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​តារាបាល់ទាត់ Super Star រូប​នេះ ចាប់តាំងពី​លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ផ្ញើខ្លួន​នៅ​លើ​ទឹកដី​ជប៉ុន ។

រយៈពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​ចូល​ជ្រកកោន​ក្នុង​ក្រុម​លី​គ​លំដាប់​ទី​៣​ជប៉ុន គេ​ឃើញ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​រូបនេះ​មានឱកាស​បង្ហាញ​សមត្ថភាព​តិចតួច​បំផុត ខណៈ​ដែល​ការ​ប្រឹងប្រែង​របស់​លោក​ក៏​ត្រូវ​បាន​ក្រុម​ជប៉ុន​ផ្ដល់​ឱកាស​ឱ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​ធំដុំ​តែ​ម្ដង​គត់ កាលពី​ពាក់កណ្ដាល​ខែតុលា ខណៈ​ដែល​ការ​ប្រកួត​នោះ​ក៏​ស្ថិត​ក្នុង​វិនាទី​ចុង​ក្រោយ​ដែល​មិន​អាច​ឱ្យ​លោក​បញ្ចេញ​ថ្វី​ជើង​ឱ្យ​មាន​ភាព​លេចធ្លោ​ទៅ​ទៀត ។

មាន​អ្នកគាំទ្រ​កាន់តែ​ច្រើន​បាន​បង្ហាញ​ការ​ខកចិត្ត​បន្ទាប់​ពី​គេ​ឃើញ​កីឡាករ​រូប​នេះ​បាន​រង់ចាំ​យ៉ាង​យូរ​នៅ​លើ​ទឹកដី​ជប៉ុន ប៉ុន្តែ​ចុង​ក្រោយ​គេ​បាន​បង្ហាញខ្លួន​នៅ​លើ​ទីលាន​មិន​ខុស​ពី​ចូល​បង្គ្រប់កិច្ច​ក្នុង​ពេល​ដែល​ក្រុម​របស់​លោក​ចូល​ជ្រក​គឺ​ក្រុម Fujieda ឡើង​ប្រកួត​ជាមួយ​ក្រុម​Sagamihara ក្នុង​ក្របខ័ណ្ឌ​លី​គ​លំដាប់​ទី​៣ ឬ​ហៅ​ថា J3 ប្រចាំ​ប្រទេស​ជប៉ុន កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ លោក​ត្រូវ​បាន​ប្រធាន​ក្រុម​ក្លិប​Fujieda ដាក់​ឱ្យ​លេង​ក្នុង​រូបភាព​មិនសូវ​ឱ្យ​មាន​ភាព​លេចធ្លោ​នោះ​ទេ ទើប​ធ្វើ​ឱ្យ​អ្នកគាំទ្រ​លោក​កាន់តែ​បង្ហាញ​អារម្មណ៍​ខកចិត្ត ។ លោក​បាន​ប្រឹងប្រែង​ហ្វឹកហាត់​ពេញ​មួយ​ឆ្នាំទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​បែរជា​ទើបតែ​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​លី​គជា​ទ្រង់ទ្រាយ​ធំ​កាលពី​ពាក់
កណ្ដាល​ខែតុលា ហើយ​ការ​ដាក់​ឱ្យ​លេង​នោះ​ទៀត​សោត​ក៏​បាន​ត្រឹមតែ​៧​នាទី​ចុង​ក្រោយ ដែល​មាន​ន័យ​មិន​ខុស​ពី​ដាក់​ឱ្យ​លេង​ដើម្បី​បង្គ្រប់កិច្ច ។

អ្នកគាំទ្រ​កីឡាករ​ចាន់ វឌ្ឍនាកា និយាយ​ថា ខ្សែប្រយុទ្ធ​ដ៏​មាន​ទេព​កោសល្យ​របស់​កម្ពុជា​រូប​នេះ គួរតែ​មានឱកាស​បាន​លេង​ច្រើន​ជាង​នេះ ដោយសារ​តែ​អ្នកគាំទ្រ​កំពុង​តែ​ទន្ទឹង​រង់ចាំ​មើល​ភាព​លេចធ្លោ​របស់​លោក ។ ប៉ុន្តែ​លទ្ធផល​ដែល​មហាជន​ទូ​ទាំង​ប្រទេស​កម្ពុជា​ចង់​ឃើញ​ស្រាប់តែ​ត្រូវ​ខកចិត្ត​ដោយសារ​តែ​លោក​បាន​ត្រឹមតែ​បញ្ចេញ​ថ្វី​ជើង
នៅ​លើ​ទីលាន​ក្នុង​លី​គ J3 នៅ​នាទី​ចុង​ក្រោយ​។

ទោះបី​ការ​បង្ហាញខ្លួន​របស់​លោក​ត្រូវ​បាន​អ្នកខ្លះ​ចាត់​ទុក​ថា​ជា​ពេលវេលា​មួយ​ដ៏​ល្អ និង​មាន​ន័យ​សម្រាប់​កីឡាករ​បាល់ទាត់​កម្ពុជា ក៏​អ្នកគាំទ្រ​ភាគច្រើន​នៅ​តែ​មើលឃើញ​ថា ការ​រង់ចាំ​របស់​លោក​ចាន់ វ​ឌ្ឍ​នា អស់​រយៈពេល​មួយ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជប៉ុន ប៉ុន្តែ​ជិត​ដាច់​កុងត្រា​ទៅ​ហើយ លោក​បាន​ត្រឹមតែ​បង្ហាញខ្លួន​នៅ​លើ​ទីលាន​តិច​ពេក មិន​សម​នឹង​ការ​ប្រឹងប្រែង និង​កេរ្តិ៍ឈ្មោះ​របស់​លោក​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​នៅ​ក្នុង​ប្រទេស​កំណើត ។

ម្នាក់​ៗ​និយាយ​ថា ការ​រង់ចាំ​ពេញ​មួយ​ឆ្នាំ​សម្រាប់​ការ​លេង​របស់ ចាន់ វឌ្ឍនាកា ប៉ុន្តែ​លោក​បាន​ត្រឹមតែ​លេង​ក្នុង​រយៈពេល​មួយ​ដែល​មិនសូវ​សម​ប៉ុណ្ណោះ ។ វត្តមាន​ចូល​លេង​ក្នុង​៧​នាទី​ចុង​ក្រោយ អ្នកគាំទ្រ​នៅ​តែ​ចាត់​ទុក​ថា ឱកាស​បង្ហាញខ្លួន​ក្នុង​ក្រុម Fujieda មិន​បាន​ផ្ដល់​តម្លៃ​ឱ្យ​លោក​នោះ​ទេ ក្នុង​ពេល​ដែល​លោក​ត្រូវ​គេ​អះអាង​ថា គួរតែ​មាន​លទ្ធភាព​បាន​លេង​ពេញលេញ​ក្នុង​លី​គ​លំដាប់​ទី​៣​របស់​ជប៉ុន និង​អាច​ក្លាយជា​កីឡាករ​ឆ្នើម​មួយ​រូបតំណាង​ឱ្យ​កម្ពុជា​ដែល​អាច​លេចធ្លោ​ក្នុង​តំបន់​អាស៊ាន​នោះ​ផង ។

ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ អ្វី​ៗ​ហាក់ដូចជា​អសារ​បង់​ទៅ​ហើយ ដោយសារ​តែ​ការ​ប្រកួត​លី​គ​របស់​ជប៉ុន​ក៏​ជិត​បញ្ចប់ ហើយ​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​របស់​លោក​នៅ​ជប៉ុន​ក៏​ជិត​បញ្ចប់​ដូច​គ្នា ។ ម្នាក់​ៗ​និយាយ​ថា អ្វី​ៗ​វា​ច្បាស់​ណាស់​ដែល​ចាន់ វឌ្ឍនាកា បាន​រៀនសូត្រ​ច្រើន​ពី​ក្លិប​ថ្មី​របស់​លោក​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ជប៉ុន ប៉ុន្តែ​ការ​ប្រឹងប្រែង និង​សមត្ថភាព​របស់​លោក​គឺ​មិន​គួរ​នឹង​ស្ថិត​ក្នុង​សភាព​ជា​កីឡាករ​បម្រុង​នោះ​ទេ ដោយសារ​តែ​លោក​ក៏​ត្រូវ​គេ​មើលឃើញ​ថា​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់ ។ តាំងពី​បាន​ទៅ​ដល់​ជប៉ុន ចាន់ វឌ្ឍនាកា បាន​បង្ហាញ​សមត្ថ​ភាពល្អ​កាន់តែ​ច្រើន​ក្នុង​ពេល​ដែល​លោក​បាន​មក​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ម្ដង​ៗ​។ ថ្វី​ជើង​របស់​លោក​ត្រូវ​បាន​គេ​គិត​ថា​កាន់តែ​ល្អ ប្រដំ​ប្រសង​ជាមួយនឹង​កីឡាករ​ល្បី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ មានការ​យល់​ឃើញ​ថា បើ​មេ​ក្រុម​ជប៉ុន​ដែល​លោក​ជ្រកកោន​មាន​បំណង​ឱ្យ​លោក​លេចធ្លោ គឺ​ពិតជា​អាច​ដោយ​មិន​ពិបាក​នោះ​ទេ ហើយ​បើ​ក្រុម​មួយ​នេះ​មិន​អាច​ជួយ​ឱ្យ​លោក​ចាន់ វឌ្ឍនាកា លេចធ្លោ​បាន​ទេ លោក​គួរតែ​ផ្លាស់​ទៅ​លេង​នៅ​ក្នុង​កម្រិត​មួយ​ផ្សេង​ដែល​ល្អ​ជាង​នេះ ក្រោយ​ពេល​ចប់​កុងត្រា ដោយ​អ្នកគាំទ្រ​មិន​លើកទឹកចិត្ត​ឱ្យ​លោក​បន្ត​កុងត្រា​ជាមួយ​ក្រុម​ជប៉ុន​នេះ​ទៀត​ទេ បន្ទាប់​ពី​ឃើញ​កីឡាករ​រូប​នេះ​ចំណាយពេល​ដល់​ជិត​មួយ​ឆ្នាំ​ហើយ តែ​បាន​លេង​ត្រឹមតែ​៧​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​របស់​លី​គ J3 នៅ​ជប៉ុន​។

មានការ​បញ្ជាក់​ថា ក្លិប​ល្បី​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​នៅ​សិង្ហ​បុរី​ជាដើម គួរតែ​ជា​កន្លែង​​ដែល​លោក​អាច​ទៅ​បាន ។ លោក​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​នឹង​ក្លាយជា​តារា​ពិត​ៗ​នៅ​ក្នុង​បណ្តា​លី​គ​ទាំងនេះ ដោយសារ​តែ​ទម្រង់​លេង​ដ៏​ល្អ​របស់​ចាន់ វ​ឌ្ឍ​នា ក្នុង​ក្រុម​ជម្រើសជាតិ ដែល​អ្នក​ណា​ៗ​ក៏​យល់​ថា​លោក​នឹង​អាច​ឈោង​បាន​ខ្ពស់​ជាង​នេះ​ប្រសិន​បើ​លោក​មិន​បន្ត​កុងត្រា​ជាមួយ​ក្រុម​ជប៉ុន ហើយ​ហក់​ទៅ​លេង​នៅ​ក្នុង​ប្រទេស​មួយ​ផ្សេង​នៅ​អាស៊ាន ។ មិន​គិត​លើ​កូតា កីឡាករ​កម្ពុជា​រូប​នេះ​អាច​ទទួល​បាន​កន្លែង​ដ៏​ល្អ និង​អាច​បោះ​ជំហាន​មួយ​នៅ​លើ​ផ្លូវត្រូវ​សម្រាប់​កីឡាករ ។ គាត់​អាច​លេង​បាន​យ៉ាង​ល្អ​ក្នុង​កម្រិត​អាស៊ី​ជាមួយ​ក្លិប​ដែល​មាន​ភាព​រីក​ចម្រើន​ទាំង​នៅ​លើ​ទីលាន និង​ការ​ដឹកនាំ​ក្រៅ​ទីលាន។ ក្រុម​កំពូល​ៗ​របស់​ថៃ​ដូច​ជា Buriram United និង Muangthong United ដែល​កំពុង​ប្រជែង​គ្នា​នៅ​ក្នុង​ក្របខ័ណ្ឌ​ជើងឯក​លី​គ​អាស៊ី ក៏​អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ផង​ដែរ បើ​ធៀប​នឹង​វត្តមាន​របស់​លោក​ដែល​បាន​បង្ហាញខ្លួន​នៅ​ជប៉ុន​នា​ពេល​ជិត​មួយ​ឆ្នាំ​នេះ ។ បើ​មានការ​លើក​ស្ទួយ​ពី​ក្រុម​ដែល​លោក​ចូល​លេង កីឡាករ​ចាន់ វឌ្ឍនាកា អាច​នឹង​មិន​គ្រាន់តែ​បាន​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​ក្រុម​ល្បី​នៅ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​លឿន​ផង​ដែរ ដោយសារ​តែ​កីឡាករ​រូប​នេះ​ត្រូវ​គេ​ដឹង​ថា គោរព​ម៉ោង​ពេល​ទៀងទាត់ មានបទពិសោធន៍​ច្រើន ហើយ​ទម្រង់​លេង​ក៏​ឆាប់​បត់បែន ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ។

យ៉ាងណាមិញ គេ​មិន​ទាន់​ឃើញ​មានការ​បញ្ចេញ​អារម្មណ៍​ខកចិត្ត​ពី​កីឡាករ​រូប​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ឱ្យ​លេង​មិនសូវ​លេចធ្លោ​នា​ពេល​កន្លង​មក​នៅ​ក្នុង​លី​គជ​ប៉ុន​កម្រិត​៣​នោះ​​ទេ តែ​គេ​ឃើញ​កីឡាករ​ចាន់ វឌ្ឍនាកា បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ភាគ​ច្រើន​ដោយ​លោក​តែងតែ​ផុស​រឿង​នឹក​ស្រុក ដែល​ហាក់ដូចជា​ចង់​ឆាប់​ឱ្យ​បាន​ចប់​កុងត្រា​ពី​ជប៉ុន​ដើម្បី​ត្រឡប់​មក​វិញ​នោះ​ផង ។ មានការ​បញ្ជាក់​ថា លោក​អាច​នឹង​មិន​កុងត្រា​បន្ត​នោះ​ទេ ប្រសិនបើ​គ្មាន​លក្ខខណ្ឌ​កក់ក្ដៅ​ណាមួយ​ពី​ក្រុម​ជប៉ុន​ដូច​អំឡុង​ពេល​នេះ ។

យ៉ាងណាមិញ​មានការ​លើក​ឡើង​ថា វត្តមាន​របស់​លោក​នៅ​ក្នុង​ប្រទេស​ជប៉ុន អាច​មិន​ត្រូវ​បាន​គេ​លើក​ស្ទួយ​នោះ​ទេ ប៉ុន្តែ​បើ​លោក​ងាក​ទៅ​លេង​ឱ្យ​ក្រុម​ថៃ និង​ក្រុម​ប្រទេស​នៅ​​អាស៊ាន​នា​ពេល​ខាង​មុខ គឺ​សន្ទុះ​អាច​នឹង​ល្អ​ជាង​នេះ ដោយសារ​តែ​ក្នុង​ចំណោម​កីឡាករ​ជប៉ុន គឺ​លោក​ពិបាក​ចូល​ចុះ និង​ពិបាក​ឱ្យ​គេ​លើក​ជំនួស​កីឡាករ​ល្អ​ៗ​របស់​គេ​ដែល​មាន​ស្រាប់ តែបើ​ប្ដូរ​ទៅ​លេង​នៅ​ក្នុង​ប្រទេស​អាស៊ាន ការ​លើក​ស្ទួយ​ពិតជា​កើត​ឡើង​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ