ខេត្តកណ្តាល ៖ ជនជាតិវៀតណាមម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ដ៏សកម្ម ត្រូវកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍សំរោងធំ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ង្វៀង យាំងវី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរជួញដូរគ្រឿងញៀន មានទីលំនៅភូមិ-ឃុំខាងលើ ។
បើតាមនគរបាលប៉ុស្តិ៍សំរោងធំបានឲ្យដឹងថា ខណៈកម្លាំងប៉ុស្តិ៍កំពុងចេញល្បាតតាមភូមិសាស្ត្រ ខាងលើមានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនៅផ្ទះ ហើយធ្វើការឆែកឆេរដកហូតបានវត្ថុតាង បានថ្នាំញៀន១៩កញ្ចប់ធំ១កញ្ចប់ មធ្យម១កញ្ចប់ និងតូច១៦កញ្ចប់នៅក្នុងកេះដែក៤ជ្រុង រួមទាំងកាំភ្លើងកែច្នៃ១ដើម កណ្តៀវ១ និងសម្ភារវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះ គឺរូបគេបានទិញពីជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅរាជធានីភ្នំពេញ ដើម្បីលក់បន្តដោយមួយកញ្ចប់តូច តម្លៃ៣០០០០រៀល ។ បន្ទាប់ពីសួរនាំរួចជនសង្ស័យ និងវត្ថុតាងត្រូវនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ