ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព្វថ្ងៃ​មាន​អាជីវកម្ម​2​ប្រភេទ​កំពុង​រីក​លូតលាស់​ខ្លាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច និង​ប្រជាសាស្ត្រ​បាន​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​សម្ភារ​នានា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ផ្ដល់​ឱកាស​ដល់​អ្នក​វិនិយោគ​ក្នុងស្រុក ក៏​ដូច​ជា​បរទេស​មក​បណ្ដាក់ទុន​រកស៊ី​ស្ទើរ​គ្រប់​វិស័យ ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​អាជីវកម្ម​២​ប្រភេទ​កំពុង​តែ​លូតលាស់​ខ្លាំង​ជាងគេ គឺ​អាជីវកម្ម​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​យានដ្ឋាន​ជួសជុល…

រាជធានី​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច និង​ប្រជាសាស្ត្រ​បាន​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​សម្ភារ​នានា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ផ្ដល់​ឱកាស​ដល់​អ្នក​វិនិយោគ​ក្នុងស្រុក ក៏​ដូច​ជា​បរទេស​មក​បណ្ដាក់ទុន​រកស៊ី​ស្ទើរ​គ្រប់​វិស័យ ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​អាជីវកម្ម​២​ប្រភេទ​កំពុង​តែ​លូតលាស់​ខ្លាំង​ជាងគេ គឺ​អាជីវកម្ម​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​យានដ្ឋាន​ជួសជុល ឬ​ថែទាំ​យានយន្ដ ។

អាជីវកម្ម​ទាំង​ពីរ​ប្រភេទ​នេះ បច្ចុប្បន្ន កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ជាងគេ​មួយ​នៅ​តំបន់​អាស៊ី​នេះ ខណៈ​ដែល​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​ក្នុង​១​នាក់ បើ​តាម​ការ​ព្យាករ​របស់​ADB​ថា នឹង​កើន​ពី​១.៣០២​ដុល្លារ​កាលពី​ឆ្នាំ​មុន ដល់​១.៤៣៤​ដុល្លារ​នៅ​ឆ្នាំ​នេះ ។

ដោយឡែក បើ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ខែមេសា​ឆ្នាំ​នេះ រថយន្ត​បាន​ចុះបញ្ជី​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​ជាង​៩១​ម៉ឺន​គ្រឿង និង​ម៉ូតូ​ជាង​៣,២​លាន​គ្រឿង ។
កត្តា​ប្រាក់​ចំណូល និង​កំណើន​យានយន្ដ នេះ​ហើយ បាន​ជំរុញ​ឲ្យ​អាជីវកម្ម​ទាំង​ពីរ​នេះ​រីក​លូតលាស់​កាន់តែ​ខ្លាំង​ឡើង ដោយសារ​វា​ជា​ប្រភេទ​អាជីវកម្ម​មាន​តម្រូវការ​ចាំបាច់ ខុស​ប្លែក​ពី​អាជីវកម្ម ឬ​មុខរបរ​ដទៃ ដែល​មាន​ទំនិញ ឬ​សម្ភារ​អាច​ជំនួស​បាន ។ ទោះបី​យ៉ាងណា ដើម្បី​បើក​អាជីវកម្ម​ទាំងនេះ ក៏​ត្រូវ​ចំណាយ​ទុន​ច្រើន ហើយ​ប្រសិនបើ​មិន​សិក្សា​ពី​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ ក៏​អាច​ប៉ះពាល់​ដល់​បរិស្ថាន និង​ពលរដ្ឋ​រស់នៅ​ជិតខាង​ផង​ដែរ ។

ជាង​ជំនាញ​ខាង​បាញ់ថ្នាំ​ម្នាក់​នៅ​យានដ្ឋាន​អាស៊ី ដែល​មាន​ទីតាំង​ខាងកើត​អតីត​រង្វង់​មូល​ទួល​គោក បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ម្ចាស់​រថយន្ដ​ជា​ច្រើន​បាន​មក​រក​សេវា​ជួសជុល និង​តុបតែង​លម្អ​រថយន្ដ​នៅ​តំបន់​នេះ ព្រោះ​ជា​តំបន់​ដែល​សម្បូរ​យានដ្ឋាន​ជួសជុល និង​ហាង​លក់​សម្ភារ​តុបតែង​រថយន្ដ ។

ជាង​ជំនាញ​រូប​នេះ​និយាយ​ថា ៖« សព្វ​ថ្ងៃនេះ បើ​អ្នកមាន​លុយ ឬ​មាន​ដី​ធំ​បន្ដិច បើក​តែ​ហ្គា​រ៉ា​ស​ជួសជុល​រថយន្ដ ដឹង​តែ​កើប​លុយ​ស្រួល ព្រោះ​មួយ​ថ្ងៃ​ៗ ខ្ញុំ​រកតែ​ពេល​ហូប​បាយ​សឹង​មិន​បាន ដោយសារ​តែ​អត់​សូវ​មាន​ជាង​ជំនាញ ហើយ​ម្ចាស់​ហ្គា​រ៉ា​ស​វិញ​មិន​ពិបាក​ទេ គឺ​ចាំតែ​ចែក​ភាគរយ​ជាមួយ​ជាង​ប៉ុណ្ណោះ ។ ទោះបី​យ៉ាងណា ក៏​ត្រូវ​មាន​សម្ភារ និង​ឧបករណ៍​សម្រាប់​ឲ្យ​ជាង​ជួសជុល​ដែរ មិនមែន​មាន​តែ​កន្លែង​ទេ » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​មើលឃើញ​ថា អាជីវកម្ម​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​សេវាកម្ម​ជួសជុល ថែទាំ​យានយន្ដ ពិតជា​កើនឡើង​ខ្លាំង​មែន ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ដែរ ។

លោក​លើក​ឡើង​ថា ៖« ដោយសារ​តែ​ការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ពេក ធ្វើ​ឲ្យ​សម្បូរ​តែ​បរិមាណ តែ​គុណភាព​មិនល្អ​ប្រសើរ ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ព្រោះ​កន្លែង​ខ្លះ​មិន​បាន​សិក្សា​ពី​តម្រូវការ​ទីផ្សារ​ថា តំបន់​នោះ​ផ្ដល់​សក្ដានុពល​ដល់​ក្រុមហ៊ុន​ដែរ​ឬ​យ៉ាងណា » ។

ចំណែក​អាជីវកម្ម​ជួសជុល​យានយន្ត​វិញ​ក៏​មាន​ច្រើន​ដូច​គ្នា គ្រាន់តែ​មិនសូវ​ជា​មាន​បញ្ហា​អ្វី​កើតឡើង ប៉ុន្តែ​សព្វ​ថ្ងៃនេះ មិន​ទាន់​មាន​យានដ្ឋាន​ណាមួយ​មាន​ឯកទេស​លើ​រថយន្ដ​ម៉ាក​ណា​ឲ្យ​ប្រាកដ​ទេ មាន​ន័យ​ថា នៅ​លាយឡំ​គ្នា​នៅឡើយ ។

យ៉ាងណា​ក៏​ដោយ លោក ង៉ែត ជូ បាន​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ មិន​ថា​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ ឬ​កន្លែង​ជួសជុល​រថយន្ត​ទេ មុន​នឹង​សម្រេច​​បើក​អាជីវកម្ម​ណាមួយ ម្ចាស់​ក្រុមហ៊ុន​នោះ​ត្រូវ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ទាំង​តម្រូវការ​ទីផ្សារ ទាំង​សក្ដានុពល​តំបន់ ។ គ្រប់​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ការពារ​ផល​ប្រយោជន៍​ជូន​អតិថិជន ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ផ្នែក​សេវាកម្ម និង​ការ​នាំ​ចូល​ផលិតផល​ទាំងនោះ​យក​មក​លក់​ជូន​អតិថិជន ។

យោង​តាម​សៀវភៅ​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ប្រចាំឆ្នាំ​២០១៧​នេះ នៅ​រាជធានី​ភ្នំពេញ មាន​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​៩​គឺ ៖ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូ​គី​ម៉ិច (SOKIMEX), តូ​តា​ល់ (TOTAL), កាល់​តិច (CALTEX), ភី​ធី​ធី (PTT), កម្ពុជា តេ​លា (TELA), អិ​ល​អេ​ច​អ (LHR), សា​វី​ម៉ិច (SAVIMEX), បី​វី​អឹ​ម (BVM) និង​ស្ថានីយប្រេងឥន្ធនៈ​លី​ម ឡុ​ង (LIM LONG) ។ ក្រៅពី​នេះ ក៏​មាន​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​គ្រប់​ទីកន្លែង​ទូ​ទាំង​២៥​រាជធានី​/​ខេត្ត​-​ក្រុង ។

បើ​តាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានឱ្យ​ដឹងផង​ដែរ​ថា ក្នុង​១​ឆ្នាំ​ៗ កម្ពុជា​បាន​នាំ​ចូល​ប្រេងសាំង​ប្រមាណ​៣៩១​ពាន់​តោន ស្មើនឹង​២,៧%​នៃ​ប្រេង​ឥន្ធនៈ​សរុប ។ ចំពោះ​ប្រេងម៉ាស៊ូត កម្ពុជា​បាន​នាំ​ចូល​ប្រមាណ​២,២​លាន​តោន​ក្នុង​១​ឆ្នាំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ