ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំទិញមិនលក់ មកលួចកា.ប់​ឆៅយកតែម្តង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឈើ​ធ្នង់​មួយ​ដើម​ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ និង​មានមុខ​កាត់​៥៩​សង្ទីម៉ែត្រ​គុណ​៥៥​សង្ទីម៉ែត្រ វែង​ត្រង់​ភ្លឹង​ទៅ​លើ​ជាទី​គយគន់ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​នៅ​ក្នុង​សាលាបឋម​សិក្សា​បន្ទាប់ ស្ថិត​ក្នុង​ឃុំ​មហា​សាំង ស្រុកភ្នំស្រួច បាន​ត្រូវ​ក្រុម​ចោរ​ឈ្មួញ​ឈើ​លួច​អារ​ផ្ដួលរំលំ​កាត់​យក​មួយ​កំណាត់​ខាង​គល់​ទៅ​បាត់…

ខេត្តកំពង់ស្ពឺ ៖ ឈើ​ធ្នង់​មួយ​ដើម​ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ និង​មានមុខ​កាត់​៥៩​សង្ទីម៉ែត្រ​គុណ​៥៥​សង្ទីម៉ែត្រ វែង​ត្រង់​ភ្លឹង​ទៅ​លើ​ជាទី​គយគន់ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​នៅ​ក្នុង​សាលាបឋម​សិក្សា​បន្ទាប់ ស្ថិត​ក្នុង​ឃុំ​មហា​សាំង ស្រុកភ្នំស្រួច បាន​ត្រូវ​ក្រុម​ចោរ​ឈ្មួញ​ឈើ​លួច​អារ​ផ្ដួលរំលំ​កាត់​យក​មួយ​កំណាត់​ខាង​គល់​ទៅ​បាត់ ដោយ​បន្សល់​នៅ​នឹង​កន្លែង​តែ​ស្លាកស្នាម​គល់​នៅ​ជាប់​ដី និង​ចុង​តែ​ប៉ុណ្ណោះ ។

ករណី​ក្រុម​ចោរលួច​កាត់​យក​ដើម​ធ្នង់​នេះ​កើតឡើង​កាលពី​ពាក់កណ្តាល​អធ្រាត្រ​យប់​ថ្ងៃ​ទី​២៤ ខែតុលា ។ លោក​អនុសេនីយ៍ត្រី ហង្ស សា​វ៉ុ​ន នាយ​រង​ប៉ុស្ដិ៍​នគរបាល​មហា​សាំង បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ករណី​ក្រុម​ចោរលួច​កាត់​យក​ដើម​ធ្នង់​នេះ​ពិតជា​កើត​មាន​មែន ហើយ​ព័ត៌មាន​នេះ​លោក​ទទួល​បាន​ពី​ខាង​គណៈ​គ្រប់គ្រង​សាលា​ដែល​បាន​រាយការណ៍​មក​រូប​លោក កាលពី​ព្រឹក​ថ្ងៃ​២៤ តុលា ។

លោកនាយ​រង​ប៉ុស្ដិ៍​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​និង​សាកសួរ​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន អំពី​ករណី​ក្រុម​ចោរលួច​កាត់​ដើម​ធ្នង់​នេះ ។តាម​ការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​ទទួល​ពន្លឺ​ខ្លះ​ហើយ បន្ទាប់​ពី​មាន​សេចក្ដី​បំភ្លឺ​ថា មុន​ពេល​មាន​ក្រុម​ចោរ​មក​លួច​កាត់​យក​ដើម​ធ្នង់​នេះ គឺ​មាន​មនុស្ស​មួយ​ក្រុម​បាន​មក​ទាក់ទង​លោកនាយក​សាលា​ដើម្បី​សុំ​ទិញ​ដើម​ធ្នង់​នេះ តែ​ត្រូវ​លោកនាយក​សាលា​បដិ​សេធ​មិន​ព្រម​លក់​ឱ្យ​ឡើយ ។ ក្រោយ​ពី​លោកនាយក​សាលា​បដិសេធ ក្រុម​ជន​ទាំង​នោះ​ក៏​ត្រឡប់​ទៅ​វិញ​អស់​ទៅ ហើយក្រុម​មនុស្ស​ទាំងនោះ​ត្រូវ​គេ​ដឹង​ថា ជា​ឈ្មួញ​រកស៊ី​ឈើ​នៅ​ស្រុក​ភ្នំស្រួច​នេះ​តែ​ម្តង ពួក​គេ​ជា​ឧក្រិដ្ឋជន​ព្រៃឈើ ។

លោកនាយ​រង​សាលា​មួយ​រូប​ឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​ពេល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​លាយឡំ​ដោយ​ផ្គរ​ន្ទះ កម្លាំង​ល្បាត​បាន​ចូល​ជ្រក​រក​កន្លែង​សម្រាក​រៀង​ៗ​ខ្លួន ទើប​ជា​ឱកាស​សម្រាប់់​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​បាន​ដោយ​ងាយ ។តាម​ការ​ពិនិត្យ​ជាក់ស្តែង ក្រុម​ឈ្មួញ​មាន​គ្នា​ចាប់ពី​៨​នាក់​ទៅ​១០​នាក់ ព្រោះ​បើ​មាន​គ្នា​តិច​មិន​អាច​លើក​ដើម​ធ្នង់​នេះ​ដាក់​រថយន្ត​បាន​ឡើយ ឬ​មាន​រថយន្ត​ស្ទូច​មក​ជាមួយ ។

មហាជន​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ បាន​សំណូមពរ​ដល់​សមត្ថ​កិច្ច​ធ្វើ​យ៉ាងណា​តាម​ចាប់​ក្រុម​ចោរលួច​កាត់​ដើម​ធ្នង់​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​នេះ យក​មក​ផ្តន្ទាទោស​ឱ្យ​បាន កុំឱ្យ​ពួក​គេ​មានឱកាស​បំផ្លាញ​ធនធានធម្មជាតិ​បាន​តទៅ​ទៀត ។ មានការ​លើក​ឡើង​ផង​ដែរ​ថា បើ​យោង​តាម​ការ​បំភ្លឺ​របស់​លោក សុខ សាន ដែល​ជា​នាយក​សាលា​ខាងលើ គឺ​ក្រុម​ចោរ​ប្រាកដជា​ត្រូវ​ចាប់ខ្លួន​បាន​ជាក់​ជា​មិន​ខាន​ឡើយ ។ ជាង​នេះ​ទៅ​ទៀត ក្រុម​ចោរ​ដែល​ជា​ឈ្មួញ​ទាំងនេះ មើលទៅ​មិនមែន​អ្នកស្រុក​មក​ពី​ឆ្ងាយ​នោះ​ទេ ។

បើ​ទោះជា​មានការ​លើក​ឡើង​បែប​នេះ​ក្តីក៏​មិន​ទាន់​ប្រាកដ​ថា ក្រុម​ចោរ​ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​នៅឡើយ​ដែរ ដែល​ធ្វើ​សកម្មភាព​នេះលុះត្រាតែ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជន​ល្មើសបាន ទើប​ការ​ពិត​ត្រូវ​បាន​លាតត្រដាង ។សិស្សានុសិស្ស​ជា​ច្រើន​នាក់ បាន​សម្តែង​នូវ​ការ​សោកស្តាយ ចំពោះ​ការ​បាត់បង់​ដើម​ធ្នង់​មួយ​ដើម​នេះ​ជា​ខ្លាំង ដោយ​លើក​ឡើង​ថា ពួក​គេ​តែង​បានឃើញ​ដើម​ធ្នង់​ដ៏​ធំ​នេះ​គ្រប់ពេល​ដែល​ពួក​គេ​ទៅ​សាលា រៀន​។ ចាប់​ពី​ពេល​នេះ​ទៅ​ពួក​គេ​លែង​បានឃើញ​ដើម​ធ្នង់​នេះ​ទៀត​ហើយ និង​កុំ​ថា​ឡើយ​បាន​ឃើញ សូ​ម្បី​តែ​ម្លប់​ដែល​ពួក​គេ​ធ្លាប់​ជ្រក​ក៏​មិន​មាន​ដូច​មុន​ដែរ ។ ពួក​គេ​មានការ​សោក​ស្តាយ​ខ្លាំង​ណាស់ តែ​មិនដឹង​ធ្វើ​ម៉េច​បើ​ក្រុម​ចោរលួច​យក​ទៅ​បាត់​អស់់​ទៅ​ហើយ​នោះ ធ្វើ​ឱ្យ​សិស្សានុសិស្ស មាន​អារម្មណ៍មិនល្អ​ឡើយ ។សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់​ថា ករណី​ឈ្មួញ​ដែល​ជា​ក្រុម​ចោរលួច​កាត់​ដើម​ធ្នង់​នេះ​គឺ​មាន​ពន្លឺ​ខ្លះ​ហើយ ដែល​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ចាប់ខ្លួន​ដើម្បី​យក​មក​ប្រគល់​ឱ្យ​ច្បាប់​វិនិច្ឆ័យ​ទោស ។

មតិ​នានា​និយាយ​ថា ឈើ​ធំ​ៗ នៅ​ភ្នំ​ឱ​រ៉ា​ល់ ឈ្មួញ​កាប់​អារ​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​យួន​រាប់​ឆ្នាំ​មក​ហើយ ចាប់​បាន​តែ​ប្រាក់​និង​ខ្យល់​។ ដូច្នេះ​មិន​សង្ឃឹមថា ឈើ​មួយ​ដើម​នេះ អាច​ស្វែង​រកមុខ​ឃើញ​ឡើយ ដែល​សង្ស័យ​ថា ចាប់​បាន​អា​ចុច​ៗ និង​ខ្យល់​ក៏​មិនដឹង​ដែរ​…​ចាំ​មើល​ទៀត​… ៕

អត្ថបទសរសេរ ដោយ