ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ប្រមូល​ផល​អំបិល​ឆ្នាំ​នេះ អ្នក​ផលិត​រំពឹង​តម្លៃនឹង​កើនឡើង

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ពេល​អ្នក​ផលិត​អំបិល​កំពុង​តែ​ចាប់ផ្ដើម​ក្រុង​ទឹក (​ទប់ទឹក​) សម្រាប់​ប្រមូល​​ផល​អំបិល ពួក​គេ​មាន​ក្ដី​រំពឹង​ថា តម្លៃ​អំបិល​ឆ្នាំ​នេះ​នឹង​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ខណៈ​ពេល​​សហគមន៍​កំពុង​តែ​មាន​គម្រោង​បង្កើត​អំបិល​ប្រភេទ​ថ្មី​ឈ្មោះ​ថា «​ផ្កាអំបិល​» ។…

ខេត្តកំពត ៖ នៅ​ពេល​អ្នក​ផលិត​អំបិល​កំពុង​តែ​ចាប់ផ្ដើម​ក្រុង​ទឹក (​ទប់ទឹក​) សម្រាប់​ប្រមូល​​ផល​អំបិល ពួក​គេ​មាន​ក្ដី​រំពឹង​ថា តម្លៃ​អំបិល​ឆ្នាំ​នេះ​នឹង​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ខណៈ​ពេល​​សហគមន៍​កំពុង​តែ​មាន​គម្រោង​បង្កើត​អំបិល​ប្រភេទ​ថ្មី​ឈ្មោះ​ថា «​ផ្កាអំបិល​» ។

លោក សូ ផា​ន ម្ចាស់​ស្រែអំបិល​នៅ​ខេត្តកំពត ដែល​បាន​ចូល​ជា​សមាជិក​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប បាន​ឲ្យ​ដឹង​ថា ក្នុង​១​ឆ្នាំ លោក​អាច​នាំ​ចេញ​បាន​១​ម៉ឺន​៥​ពាន់​បាវ ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​តែ​៥០០​រៀល​ប៉ុណ្ណោះ ។

លោក​ថា ៖« មក​ដល់​សព្វ​ថ្ងៃនេះ អ្នក​ធ្វើស្រែ​អំបិល​នៅ​ខេត្តកំពត​សឹងតែ​ឈប់​អស់ហើយ ដោយសារ​តែ​តម្លៃ​អំបិល​ថោក​ពេក ព្រោះ​ខាង​សហគមន៍​គ្មាន​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​ថែម​ទាំង​មាន​ក្រុមហ៊ុន​នាំ​ចូល​ពី​ក្រៅ​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ផលិត​អំបិល​មួយ​ចំនួន​បោះបង់​ចោល​នូវ​ការងារ​មួយ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​បោះបង់​ទេ ព្រោះ​សព្វ​ថ្ងៃនេះ ខ្ញុំ​មាន​ស្រែអំបិល​ចំនួន​២០​ហិ​កតា ដែល​អាច​ជួយ​ផ្គត់ផ្គង់​គ្រួ​សារបាន​មួយ​កម្រិត » ។

លោក សូ ផា​ន បាន​បន្ត​ថា សម្រាប់​ឆ្នាំ​នេះ លោក​រំពឹង​ថា អំបិល​នឹង​ឡើងថ្លៃ​ជាង​ឆ្នាំ​មុន​ៗ បន្ទាប់​ពី​សហគមន៍​មាន​គម្រោង​បង្កើត​ផលិតផល​អំបិល​ថ្មី គឺ «​ផ្កាអំបិល​» ដែល​អាច​នាំ​ចេញ​​ទៅ​ក្រៅប្រទេស​បាន និង​មាន​តម្លៃ​ថ្លៃ ហើយ​ថែម​ទាំង​មាន​អនាម័យ​ទៀត​ផង ។

ចំណែក​អ្នក​ផលិត​អំបិល​នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត បាន​បញ្ជាក់​ថា ៖« ឆ្នាំ​នេះ អំបិល​ឡើងថ្លៃ​ជាង​ឆ្នាំ​មុន ដោយ​១​គីឡូក្រាម​តម្លៃ​៧០០​ទៅ​៨០០​រៀល បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ មាន​តម្លៃ​ត្រឹមតែ​៤០០​ទៅ​៥០០​រៀល​ប៉ុណ្ណោះ » ។

លោក ខាត់ សា​មឿ​ន បន្ត​ថា ទោះបី​តម្លៃ​ឡើងថ្លៃ​ក៏​ពិតមែន ប៉ុន្តែ​បញ្ហា​ប្រឈម និង​ការ​ចំណាយ​ក៏​ច្រើន​ដែរ​សម្រាប់​ការ​ប្រមូល​ផល​ម្ដង​ៗ ដូច​ជា ចំណាយ​លើ​មេការ ក្នុង​១​ខែ​៦០​ម៉ឺន​រៀល និង​កម្មករ ដែល​អ្នកខ្លះ​ម៉ៅ​គិត​ជា​រថយន្ដ ឬ​គិត​ជា​ស្រែ ជាដើម ប៉ុន្តែ​មក​ដល់​​ឥឡូវនេះ គឺ​មិនសូវ​មាន​កម្មករ​ប៉ុន្មាន​ទេ ព្រោះ​ការងារ​មួយ​នេះ​វាទ​ទួល​កម្រៃ​មិនសូវ​បាន​ច្រើន​ដូច​ការងារ​ផ្សេង និង​ត្រូវ​ហាលភ្លៀង ហាល​ក្ដៅ​ជា​រៀងរាល់ថ្ងៃ ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​តំណាង​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប ដែល​ជាទី​តាំង​ផលិត​អំបិល​តែ​មួយ​គត់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​លើក​ឡើង​ថា ឆ្នាំ​នេះ ទិន្ន​ផល​អំបិល​ធ្លាក់​ចុះ ស្រប​ពេល​ដែល​តម្លៃ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ។

លោក អ៊ុំ ឈុ​ន ប្រធាន​ការិយាល័យ​រដ្ឋបាល​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប បាន​លើក​ឡើង​ថា ៖« សម្រាប់​ចុងឆ្នាំ​២០១៧​នេះ ខាង​សហគមន៍​យើង​បាន​នាំ​ចេញ​អំបិល​ចំនួន​៣​ម៉ឺន​៥​ពាន់​តោន បើ​ធៀប​នឹង​ឆ្នាំ​មុន​បាន​ចំនួន​១៦​ទៅ​១៨​ម៉ឺន​តោន ។ ចំណែក​តម្លៃ​អំបិល​ក្នុង​១​បាវ​មាន​ចំនួន​៥០​គីឡូ គឺ​លក់​ចេញ​បាន​១៤.៦០០​រៀល ខុស​ពី​ឆ្នាំ​មុន ដែល​ខាង​សហគមន៍​លក់​ចេញ​បាន​តែ​១២.៦០០​រៀល​ប៉ុណ្ណោះ » ។

លោក អ៊ុំ ឈុ​ន បាន​បង្ហើប​ប្រាប់​ថា ក្នុង​ឆ្នាំ​២០១៧​នេះ សហគមន៍​កំពុង​ផលិត​អំបិល​ប្រភេទ​ថ្មី​ឈ្មោះ​ថា «​ផ្កាអំបិល​» ប៉ុន្តែ​មិន​ទាន់​បាន​ប្រមូល​ផល​នៅឡើយ​ទេ ។

ផ្កាអំបិល ជា​ផលិតផល​អំបិល​មួយ​ប្រភេទ ដែល​មានគុណ​ភាព​ខ្ពស់ លើស​ពី​អំបិល​ធម្មតា សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​បើសិនជា​អាច សហគមន៍​នឹង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បន្ថែម​ទៀត ។ ក្នុង​រយៈពេល​៣​ខែ​នេះ សហគមន៍​ម្រេច​កំពត​បាន​នាំ​ចេញ​អំបិល​ចំនួន​១៨​តោន​ទៅ​ប្រទេស​បារាំង ។

បើ​តាម​ទីប្រឹក្សា​ទំនាក់ទំនង​នៃ​សហគមន៍​ផលិត​អំបិល​ខេត្តកំពត លោក ប៊ុ​ន យោង ឱ្យ​ដឹង​ថា សម្រាប់​ផលិតផល​ផ្កាអំបិល​ដែល​កសិករ​ផលិត​បាន មិន​ទាន់​មាន​ទីផ្សារ​ទូលំ​ទូលាយ​ទេ​នៅ​ក្នុងស្រុក ប៉ុន្តែ​កន្លង​មក គឺ​បាន​នាំ​ចេញ​មួយ​ចំនួន​ទៅ​កាន់​ទីផ្សារ​សហ​គមន៍​អឺរ៉ុប ដូច​ជា អង់គ្លេស និង​ស្វ៊ី​ស​ជាដើម ។ យ៉ាងណា​ក៏​ដោយ ការ​នាំ​ចេញ​នេះ​មិន​ទាន់​មានឈ្មោះ​ជា​ផ្លូវការ​នៅឡើយ​ទេ គឺ​ភ្ជាប់​ជាមួយ​ម្រេច​ខេត្តកំពត ដែល​ជា​ផលិតផល​ចុះបញ្ជី​រួច​ហើយ​នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

លោក​លើក​ឡើង​ថា ផ្កាអំបិល​ជា​ផលិតផល​កម្រ និង​មិន​ងាយ​ទទួល​បាន​ទេ​សម្រាប់​អ្នក​ផលិត​អំបិល​ទាំងអស់ លុះត្រាតែ​អាកាសធាតុ​អំណោយផល ក្តៅ និង​មាន​ខ្យល់​ខ្លាំង ។ លោក​ថា ៖ « អំបិល​ធម្មតា​ដុះ​នៅ​លើ​ដី តែ​សម្រាប់​ផ្កាអំបិល វា​ដុះ​នៅ​លើ​ទឹក ។ អីចឹង​ហើយ អ្នក​ផលិត​ត្រូវ​ដង​វា​ចេញពី​ទឹក​យក​ទៅ​ហាល​ឱ្យ​ស្ងួត ទើប​គេ​ហៅ​ថា ផ្កាអំបិល »។

គួរ​រំឭក​ថា នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្ត​កែប កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​មុន លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម បាន​លើក​ឡើង​ថា ក្រសួងពាណិជ្ជកម្ម​កំពុង​ពិនិត្យ​លទ្ធភាព​ដាក់​ផ្កាអំបិល​ខេត្ត​កែប ទៅ​ជា​ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​សម្រាប់​ខេត្ត​កែប ដោយសារ​តែ​ខេត្ត​នេះ​ជា​ប្រភព​នៃ​អំបិល​ធម្មជាតិ​មិន​ចេះ​រីងស្ងួត ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ « អំបិល ជា​គូ​នឹង​ម្រេច ដូច្នេះ ចក្ខុវិស័យ​របស់​យើង គឺ​ជួយ​ឲ្យ​ខេត្ត​កែប​មាន​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​មួយ​ដូច​ខេត្តកំពត​ដែរ ហើយ​យើង​កំពុង​សិក្សា​លើ​ផ្កាអំបិល ដោយសារ​តែ​មាន​ប្រទេស​ជា​ច្រើន​កំពុង​ចាប់អារម្មណ៍​លើ​ផលិត​ផល​​មួយ​នេះ » ។

លោក​ថា ប្រសិនបើ​គោលដៅ​នេះ​បាន​សម្រេច វា​នឹង​ធ្វើ​ឲ្យ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ដែល​នឹង​ជួយ​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​យ៉ាងច្រើន​សម្រាប់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ