ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យអាណិតអាសូរជាពន់ពេក ដែលក្មេងប្រុសអាយុ២ឆ្នាំកន្លះ មិនដឹងក្តីអ្វីសោះ បែរជាត្រូវបានឪពុករបស់ខ្លួនចាប់ឱបទៅជាមួយ លោតទឹកទន្លេមេគង្គ ធ្វើអត្តឃាតពីលើស្ពានគីហ្ស៊ុណា ត្រង់ចំណុចសសរប៉េ១០ និង១១ ដែលស្ថិតនោក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ដែលបានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។ ដោយបុរសជាឪពុក ត្រូវបានផុសចេញពីផ្ទៃទឹកទន្លេបានប្រឹងហែល និងបានអ្នកនេសាទឃើញជួយសង្គ្រោះទាន់ពេលវេលា ចំណែកកូនតូចវិញបានលិចបាត់ទៅក្នុងទឹកទន្លេ និងបានប៉ើងរសាត់អណ្តែតតាមខ្សែទឹកហូរទៅទើរត្រង់ចំណែកព្រែកខ្មៅ ស្រុកស្រីសន្ធរ កាលពីវេលាម៉ោងជិត១រសៀល ថ្ងៃទី២២ ខែតុលា សពមានសភាពហើមធំក្លិនទៅហើយ ។
ជីតាបង្កើតឈ្មោះ ឡុង ខុន អនុប្រធានភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែតុលា ២០១៧ ថា ក្រោយពីទទួលដំណឹងថា បាត់ចៅប្រុសនោះ គាត់ និងប្រពន្ធបានជិះម៉ូតូចេញនៅក្រុងកំពង់ចាម ដោយបានជួលទូករបស់ខ្មែរជិះតាមរក កាលពីព្រឹកថ្ងៃទី២០ ខែតុលា តែរកមិនឃើញនោះទេ ទោះជាបែបណាក្តី គាត់បានរករាល់ថ្ងៃ ដោយមិនបានទំនេរ ថែមទាំងបានទៅរកគ្រូឲ្យជួយទស្សន៍ទាយមើលថា សពចៅប្រុសរបស់គាត់នឹងអណ្តែតនៅចំងាយជាង១០០ម៉ែត្រ ពីស្ពានគីហ្ស៊ុណា ។
ជីតាបង្កើតខាងលើប្រាប់បន្តថា គាត់នូវតែជិះជួលទូកម៉ាស៊ីន១គ្រឿង ចេញតាមរករាល់ថ្ងៃ ដោយបានចំណាយអស់ប្រេង៦ប៊ីដុង លុះរហូតមកដល់ជិតម៉ោង១រសៀល ថ្ងៃទី២២ ខែតុលា ប្រជាពលរដ្ឋបាននិយាយតៗគ្នាថា មានសពក្មេងប្រុសម្នាក់ បានអណ្តែតមកទើរនៅច្រាំងទន្លេត្រង់ព្រែកខ្ចៅ ស្រុកស្រីសន្ធរ ដែលមានចំងាយប្រមាណពីស្ពានគីហ្ស៊ុណា ៦០គីឡូម៉ែត្រ លុះពេលដែលគាត់បានជិះទូកចេញទៅតាមពិនិត្យមើល ឃើញថាសពដែលអណ្តែតមកទើច្រាំងទន្លេ គឺពិតជាចៅប្រុសរបស់គាត់មែន ។ ដោយបានដឹងតាមទូកម៉ាស៊ីនឡើងមកលើវិញ និងបានដឹកមកដល់ផ្ទះនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរ ។ ហើយនៅព្រឹកថ្ងៃទី២៣ ខែតុលា សពចៅប្រុសត្រូវបានដង្ហែរយកមកបូជានៅវត្តចាស់ផងដែរ ។ ចាប់តាំងពីពេលដែលកូនស្រីគាត់បានយកគ្នាជាប្តីប្រពន្ធមក មិនដែលឃើញឈ្លោះគ្នានោះទេ គឺកូនៗដឹងតែពីខិតខំប្រឹងប្រែងរកស៊ី ដោយកូនប្រសាប្រុសដឹកទឹកបរិសុទ្ធដើរបោះឲ្យគេ ដើម្បីដោះស្រាយជីវភាពគ្រួសារ ។
គួររំឭកថា លោកវរសេនីយ៍ត្រី រស់ ម៉ុងសេង អធិការនគរបាលស្តីទីក្រុងកំពង់ចាម ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសឈ្មោះ ស៊ូ សានិត អាយុ២២ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបើករថយន្តដឹកទឹកបរិសុទ្ធ ចេញពីត្រើយខាងកើតមកលិច លុះពេលដែលមកដល់ត្រង់ចំណុចខាងលើនោះ ក៏បានឈប់រថយន្តអែបខាង ហើយបានឱបកូនប្រុសតូចឈ្មោះ ស៊ូ ថានុ អាយុ២ឆ្នាំកន្លះ ចុះពីលើរថយន្តបាននាំគ្នាប្រលែងជាមួយនឹងកូនប្រហែលជា៥នាទី បន្ទាប់មកក៏បានឡើងលើបង្កាន់ដៃស្ពាន ធ្វើអត្តឃាតលោតចូលទៅក្នុងទឹកទន្លេមេគង្គ ដែលកំពុងតែហូរលិចទាំងឪពុក និងកូនតូចនោះ បន្តិចក្រោយមកឪពុកបានផុសអណ្តែតឡើង បានប្រឹងហែលចុះទៅតាមខ្សែទឹក បន្ទាប់មកមានទូកអ្នកនេសាទបានឃើញទាន់ ក៏ចាប់លើកដាក់លើទូក បើកមកច្រាំងទន្លេរួចឡើងជិះម៉ូតូចេញទៅផ្ទះបាត់ ៕
ចែករំលែកព័តមាននេះ