ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​កាន់បិណ្ឌ​ និង​បោះ​បាយបិណ្ឌ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យប្រពៃណី​នៃ​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​មួយ ដែល​មាន​សារសំខាន់់​បំផុត​របស់​បងប្អូន ពុទ្ធសាសនិក​ខ្មែរ​យើង​គ្រប់​រូប ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខកខាន​ឡើយ ។ ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះ​ចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃ​១ រោច​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ ដែល​គេ​ហៅ​ថា…

ខេត្តសៀមរាប ៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យប្រពៃណី​នៃ​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​មួយ ដែល​មាន​សារសំខាន់់​បំផុត​របស់​បងប្អូន ពុទ្ធសាសនិក​ខ្មែរ​យើង​គ្រប់​រូប ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខកខាន​ឡើយ ។ ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះ​ចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃ​១ រោច​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ ដែល​គេ​ហៅ​ថា បុណ្យកាន់បិណ្ឌ ឬ​បុណ្យ​ភ្ជុំបិណ្ឌ ។

ដោយ​យើង​សង្កេត​ឃើញ​បងប្អូន​ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ បាន​ដាក់​វេន​គ្នា ជា​ក្រុម​ៗ ទៅ​តាម​វេន​នីមួយ​ៗ ចាប់ពី​ថ្ងៃ ១​រោច ដល់​ថ្ងៃ​១៤​រោច ហើយ​នៅ​ថ្ងៃ​១៥​រោ​ជ គឺជា​ថ្ងៃ​បងប្អូន​ពុទ្ធបរិស័ទ​យើង​មក​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​មាន​នាំ​យក​នូវ​ចង្ហាន់ ចំណីអាហារ មក​ជួបជុំ​គ្នា​នៅ​តាម​ទី​វត្ត​អារាម ដែល​ជា​ថ្ងៃ​បុណ្យ​ធំ គេ​តែ​ហៅ​ថា បុណ្យ​ភ្ជំបិណ្ឌ ហើយ​ក៏​ជា​ថ្ងៃ​ដែល​បងប្អូន​ជា​មន្ត្រីរាជការ បុគ្គលិក កម្មករ នៅ​តាម​បណ្តា​ក្រុមហ៊ុន និង​អ្នក​រស់នៅ​ជិត​ឆ្ងាយ ត្រូវ​បាន​ឈប់​សម្រាក ដើម្បី​បាន​ជួបជុំ​បងប្អូន ញាតិ​មិត្ត សាច់សាលោហិត​របស់​ខ្លួន ក្នុង​រដូវ​ភ្ជំបិណ្ឌ​នេះ ។ ម្យ៉ាងទៀត​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជំបិណ្ឌ គឺជា​បុណ្យ​ទក្ខិណានុ​ប្បទាន​មួយ ដែល​ប្រជា​ពុទ្ធបរិស័ទ ធ្វើ​ឡើង​នៅ​រដូវ​កាលដែល​ព្រះសង្ឃ​គង់​ចាំ​នូវ​ព្រះ​វស្សា​អស់​រយៈពេល​មួយ​ត្រីមាស ដើម្បី​ទំនុកបម្រុង​ព្រះសង្ឃ ដោយ​ចង្ហាន់​បិណ្ឌ​បាត្រ​ផង បច្ច័យបួន​ផង ដែល​ពុទ្ធកាល​នា​សម័យ​កាលនោះ គេ​មិន​ហៅ​ថា បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដូច​យើង​ទេ គឺ​គេ​ហៅ​ថា បុណ្យ​ប​វារណ​បច្ច័យបួន​ដល់​ព្រះសង្ឃ ។


នៅ​ក្នុង​កម្ពុជរដ្ឋ​យើង នា​រជ្ជកាល​ព្រះបាទ​អង្គឌួង នៅ​ឆ្នាំ​១៨៤៨ ទៅ ១៨៥៩ ដែល​ព្រះ​អង្គ គឺជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម ក្នុង​ការ​ដឹកនាំ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង ដោយ​ព្រះ​អង្គ​ឈ្វេងយល់ ឃើញ​ថា ការ​រៀបចំ​ពិធីបុណ្យ​នេះ​មិន​អាច​ធ្វើ​រយៈពេល​៣​ខែ​បាន​ឡើយ ដោយ​ប្រជានុរាស្ត្រ​ជាប់រវល់​ក្នុង​ការងារ​បង្កបង្កើន​ផល ប្រកប​មុខរបរ ផ្សេង​ៗ​ចិញ្ចឹមជីវិត ហើយ​ព្រះ​អង្គ​បាន​កំណត់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែ​គោរព​ប្រតិបត្តិ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ធំ បាន​បញ្ចប់​ពី​ការងារ​បង្កបង្កើន​ផល ហើយ​ក៏​ជា​រដូវ​ទឹក​ឡើង​ផង​ដែរ ។

ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​មហាកុសល​ជូន​ដល់​ពពួក​ប្រេត និង​លោក​អ្នក​មានគុណ មាន​មាតាបិតា ជីដូន ជីតា ញាតកា​ទាំង​ប្រាំពីរ​សន្តាន​ដែល​បាន​បាក់បែក​ចែក​ឋាន ទៅ​កាន់​បរលោក​ទៅ​ហើយ​នោះ ។ ក្នុង​ពិធី​កាន់បិណ្ឌ​នេះ​ដែរ ព្រះបាទ​អង្គឌួង ក៏​បាន​លើក​ឡើង​អំពី​ការ​បោះ​បាយបិណ្ឌ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​យល់​ថា ការ​បោះ​បាយបិណ្ឌ​នេះ​វា​មិន​សម​ហេតុផល​ទេ តែ​មាន​អ្នកប្រាជ្ញ​មួយ​ចំនួន​បាន​គូសបញ្ជាក់​ថា ការ​បោះ​បាយបិណ្ឌ គឺជា​ការ​ឧទ្ទិស​ជូន​ដល់​ពពួកសត្វ​ប្រេត​ទាំងពួង គឺ​វា​មិន​ទាស់​ខុស​អ្វី​ទេ ពីព្រោះ​ថា ពពួកសត្វ​ប្រេត​មាន​ច្រើន​ពួក​ណាស់ ដែល​មាន​ប្រភេទ ខុស​ៗ​គ្នា ដែល​ធ្វើ​ឱ្យ​យើង​មាន​ពិធី​បោះ​បាយបិណ្ឌ​នេះ​ឡើង ។ ពពួកសត្វ​ប្រេត​ខ្លះ​មិន​អាច​ទទួល​អាហារ​ស្អាត​ស្បាត​បាន​ទេ ទាល់តែ​មាន​លក្ខណៈ​ស្មោកគ្រោក ដោយ​មាន​ប្រឡាក់​ដោយ​ភក់ជ្រាំ ឬ​កាក​សំណល់​អសោចិ៍ ទើប​ពពួកសត្វ​ប្រេត​ទាំងនោះ​យក​ទៅ​បរិភោគ​បាន ។

តាម​អ្នកប្រាជ្ញ​មួយ​ចំនួន​បញ្ជាក់​ថា ការ​បោះ​បាយបិណ្ឌ​នេះ ជា​លក្ខណៈ​ខ្ជះ​ខ​យ្ជា​គ្មាន​ការ​សន្សំ​សំចៃ​នូវ​គ្រឿង​ឧបភោគបរិភោគ ស្បៀងអាហារ​ប្រចាំ​ថ្ងៃ ហើយ​ការ​បោះ​បាយបិណ្ឌ​នេះ គឺជា​ការ​ឥតប្រយោជន៍ ហើយ​ដែល​ធ្វើ​ឱ្យ​មាន​ផល​វិបត្តិ និង​ប៉ះពាល់​បរិស្ថាន​នៅ​ជុំវិញ​ព្រះ​វិហារ ដែល​អាច​ឱ្យ​យើង​គ្រប់​រូប​ទទួល​នូវ​បាបកម្ម​ទៀត​ផង ។ ដូច្នេះ​ពិធីបុណ្យ​នេះ យើង​ធ្វើ​ទៅ​ដោយ​សេចក្តី​គោរព បង្អោន​កាយវាចា​ចិត្ត ឆ្ពោះទៅ​រក​ប្រេត ជន​ជា​ញាតកា​ទាំង​ប្រាំពីរ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក និង​ជួយ​រំដោះ​ឱ្យ​រួច​ចាក​ផុត​ពី​ទុក្ខទោស​ទាំងឡាយ ឧបាយ​ភូមិ​ណាមួយ និង​ឱ្យ​បាន​ទៅ​កាន់​សុគតិភព​ថ្មី ហើយ​ងាក​ក្រោយមក​ជួយ​បីបាច់​ថែរក្សា កូនចៅ​ឱ្យ​មាន​សេចក្តីសុខ​សប្បាយ​ក្នុង​ក្រុម​គ្រួសារ សង្គម​ជាតិ​ផង​ដែរ ។

ដោយ​កត្តា​នេះ​ហើយ​ទើប​នៅ​វេលា​ទៀប​ភ្លឺ​នោះ នៅ​តាម​ទី​វត្ត​អារាម យើង​សង្កេត​ឃើញ​មានការ​ជួបជុំ​គ្នា របស់​បងប្អូន​ពុទ្ធបរិស័ទ ទាំង​ចាស់ ក្មេង​ប្រុស​ស្រី ក្រោក​ឡើង​ពី​យប់​មក​កាន់​ទី​វត្ត ដោយនៅ​នឹង​ដៃ​មាន​កាន់​នូវ​ចាន​បាយ ពំនូត​បាយបិណ្ឌ ដែល​បាន​សូន្យ ជា​ដុំ​ៗ តូច​ៗ មាន​ប្រឡាក់​ទៅ​ដោយ​គ្រាប់ល្ង ព្រមទាំង​មានការ ដោត​ភួងផ្កា និង​ការ​ដុត​ទៀន ធូប ដើម្បី​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ និង​វិញ្ញាណក្ខន្ធ​ដល់​លោក​អ្នក​មានគុណ​ដែល​បាន​ចែក​ឋាន​ទៅ ។

បន្ទាប់​ពី​ព្រះសង្ឃ​ស្មូត​បរាភវ​សូត្រ​ចប់​សព្វគ្រប់​ហើយ​នោះ លោកតា​អាចារ្យ បងប្អូន​ពុទ្ធបរិស័ទ បាន​កាន់​បាយបិណ្ឌ​ទាំងនោះ ប្រទក្សិណ​បី​ជុំ​ព្រះ​វិហារ ដោយ​មានការ​បោះ​នូវ​បាយបិណ្ឌ នៅ​គ្រប់​ទិស​ទី​ព្រះ​វិហារ ដើម្បី​ឧ​ទិ្ទ​ស​ជូន​ដល់​ក្រុម​ប្រេត​ទាំងឡាយ​ណា ឬ​ខ្មោច ដែល​គ្មាន​ញាតិ​មិត្ត ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ឱ្យ​បាន​ទទួល​អាហារ​ទាំងនេះ​ទទួលទាន នៅ​មុន​ពេល​មេឃ​ជិត​ភ្លឺ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ