រាជធានីភ្នំពេញ ៖ GPS ជាប្រព័ន្ធស្វែងរកនិងកំណត់ទីតាំង ព្រមទាំងកំណត់ពេលវេលាគ្រប់លក្ខខណ្ឌអាកាសធាតុ គ្រប់ទីកន្លែងនៅជិតផែនដីដែលបំពាក់ផ្កាយរណប ។ បច្ចុប្បន្ន ប្រព័ន្ធនេះបានក្លាយជាជំនួយការ និងជាសន្ដិសុខ ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ក្រុមហ៊ុន និងម្ចាស់យានយន្ដ ព្រោះវាមានតួនាទីស្វែងរក ការកំណត់ទីតាំង និងតាមដានព័ត៌មានផ្សេងៗទៅតាមគោលបំណង តួយ៉ាងដូចជា បំពាក់ក្នុងរថយន្ដ ឬម៉ូតូ ដើម្បីការពារពីការបាត់បង់ក្នុងករណីចោរកម្មជាដើម ។
អ្នកទទួលខុសត្រូវផ្នែកលក់នៅហាងផ្គត់ផ្គង់ និងដំឡើង GPS ដែលមានអាសយដ្ឋានផ្ទះលេខ១១១អា ក្បែរស្ថានីយប្រេងឥន្ធនៈកាល់តិចកាល់ម៉ែត បានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១០ កញ្ញាថា ការបំពាក់ឧបករណ៍ GPS នៅតាមយានយន្ដ គឺមានសារសំខាន់ណាស់ ពិសេសសម្រាប់ក្រុមហ៊ុននានា ដើម្បីងាយស្រួលតាមដានសកម្មភាពការងារបុគ្គលិក និងយានយន្ដ ។ ចំណែកការបំពាក់នៅក្នុងរថយន្ដគ្រួសារវិញ វាប្រៀបដូចជាសន្ដិសុខយ៉ាងសកម្មមួយរបស់ម្ចាស់យានយន្ដដែរ ។
លោក ឆន សូលីដា អ្នកទទួលខុសត្រូវផ្នែកលក់រូបនេះបាននិយាយថា ៖« ដូចយើងដឹងស្រាប់ហើយ អត្ថប្រយោជន៍របស់វាមានច្រើនណាស់ ដូចជា មើលពីទិសដៅដែលយានយន្ដកំពុងធ្វើចលនា មើលទីតាំងនៃយានយន្ដដែលវាស្ថិតនៅ និងអាចពិនិត្យមើលរបាយការណ៍នៃការបើកបររហូតដល់៣ខែឯណោះ ហើយអ្វីដែលពិសេសនោះ គឺយើងអាចគ្រប់គ្រងយានយន្ដនៅក្នុងដៃបានតែម្ដង បើទោះបីជាយើងមិនស្ថិតនៅជាមួយរថយន្ដក៏ដោយ តាមរយៈការបញ្ជាផ្ទាល់ដោយទូរស័ព្ទដៃ ឲ្យតែទូរស័ព្ទនោះមានអីុនធើរណេត »។
លោកបន្ដថា ៖« អ្នកប្រើប្រាស់គឺអាចបញ្ជាពន្លត់ម៉ាស៊ីនយានយន្ដបានគ្រប់ពេលវេលាក្នុងករណីមានចោរលួច ហើយអាចបញ្ជាបញ្ឆេះ និងស្ដាប់សំឡេងអ្នកនៅក្នុងរថយន្ដនិយាយបានទាំងអស់តាមទូរស័ព្ទដៃ ។ បើចំពោះក្រុមហ៊ុនវិញ គេបំពាក់ប្រព័ន្ធនេះសម្រាប់តាមដានបុគ្គលិកថា តើបានអនុវត្តទៅតាមទិសដៅ និងពេលវេលាដែលក្រុមហ៊ុនបានកំណត់ដែរឬយ៉ាងណា » ។
ចំពោះការប្រើប្រាស់វិញ បើតាមការបញ្ជាក់ពីលោកសូលីដា បានឲ្យដឹងថា វាមានលក្ខណៈងាយស្រួលបំផុត ដោយគ្រាន់តែយកឧបករណ៍GPS ទៅបំពាក់នៅកន្លែងសុវត្ថិភាពណាមួយនៃរថយន្ដ ឬម៉ូតូ រួចដំឡើងកម្មវិធី (App) នៅក្នុងស្មាតហ្វូនដើម្បីតាមដានជាការស្រេច ។
ជាមួយគ្នានេះ អ្នកប្រើទូរស័ព្ទធម្មតា មិនចាំបាច់មានអីុនធើរណេតក៏បាន ដោយគ្រាន់តែផ្ញើសារតាមលេខកូដដែលក្រុមហ៊ុនផ្ដល់ជូន ដូចជា បញ្ជាឲ្យបញ្ឆេះ ឬពន្លត់រថយន្ដ ឬម៉ូតូជាដើម ហើយក៏អាចដឹងពីទីតាំងដែលយានយន្ដស្ថិតនៅដូចគ្នា គ្រាន់តែវាបង្ហាញសារជាអក្សរប៉ុណ្ណោះ ។
ម្ចាស់រថយន្ដមួយរូបបានរៀបរាប់ដោយលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រថយន្ដរបស់លោកបានបំពាក់ប្រព័ន្ធនេះរយៈពេល២ឆ្នាំហើយ ។ ការសម្រេចចំណាយលុយប្រចាំឆ្នាំដើម្បីបំពាក់GPSនេះ ព្រោះគិតថា វាអាចកាត់បន្ថយក្ដីបារម្ភពីការបាត់បង់រថយន្ដបានច្រើន ខណៈដែលរថយន្ដរបស់លោកផ្ញើនៅហ្គារ៉ាសនៅពេលយប់ ហើយប្រសិនបើករណីចោរលួចយកទៅ ក៏អាចដឹងពីទីតាំងដែលរថយន្ដរបស់លោកស្ថិតនៅដែរ លើកលែងតែចោរនោះវាដឹងពីតាំងទុកដុំGPS ។
លោកនិយាយថា ៖« ទម្រាំទិញបានរថយន្ដ ត្រូវសន្សំលុយទាំងពិបាក អីចឹង បើមានការបាត់បង់ទៅ ពិតជាគួរឲ្យស្ដាយ ព្រោះលុយសុទ្ធរកបានដោយញើសឈាម ។ ដូច្នេះហើយខ្ញុំសុខចិត្តចំណាយលុយបំពាក់GPSនេះ ដើម្បីតាមដាន និងដឹងពីទីតាំងរថយន្ដរបស់ខ្ញុំ ហើយអ្វីកាន់តែល្អនោះ ពេលខ្ញុំធ្វើដំណើរទៅណាមកណា ភរិយានិងកូនៗខ្ញុំ ក៏មិនសូវបារម្ភដែរ ខណៈដែលខ្ញុំត្រូវធ្វើដំណើរទៅតាមខេត្តឆ្ងាយ » ។
លោកបន្ដថា ការបំពាក់GPSនេះ ដំបូងលោកចំណាយជិត១០០ដុល្លារសម្រាប់ទិញឧបករណ៍ និងភ្ជាប់សេវារយៈពេល១២ខែ ហើយនៅឆ្នាំបន្ទាប់ លោកបានចំណាយប្រមាណ១៥ដុល្លារក្នុង១ឆ្នាំ ។ ដូច្នេះ បើគិតទៅក្នុង១ខែចំណាយតែជាង១ដុល្លារប៉ុណ្ណោះ ហើយវាគឺជាសន្តិសុខដ៏ចំណាប់មួយសម្រាប់យាមរថយន្ដ ។
បើទោះបីជាប្រព័ន្ធនេះផ្តល់អត្ថប្រយោជន៍ច្រើន តែវាក៏ជាជំនួយការដ៏ស្មោះត្រង់មួយសម្រាប់ភរិយាផងដែរ ក្នុងករណីស្វាមីឧស្សាហ៍ញ៉ាំអាហារក្រៅផ្ទះ ។
ជារឿយៗ មានព័ត៌មានបានចុះផ្សាយជាហូរហែអំពីករណីភរិយាលួចបំពាក់GPS ក្នុងរថយន្ដ ដើម្បីតាមដានសកម្មភាពរបស់ស្វាមី ហើយថែមទាំងតាមទាន់ជាន់កែងទៀតផង។ ដូច្នេះ ថ្វីដ្បិតតែវាមានគុណសម្បត្តិថែរក្សាយានយន្ដ តែវាក៏ជាជំនួយការដ៏ឆ្លាតវៃដើម្បីតាមដានស្វាមីកំហូចផងដែរ ។
គួរឲ្យដឹងផងដែរថា ប្រព័ន្ធ GPS ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយក្រសួងការពារជាតិអាមេរិកក្នុងឆ្នាំ១៩៧៣ សម្រាប់ទាហានអាមេរិក ហើយបានធ្វើប្រតិបត្តិការពេញលេញនៅឆ្នាំ១៩៩៥ ។ នៅឆ្នាំ១៩៨០ ប្រព័ន្ធមួយនេះត្រូវបានអនុញ្ញាតឲ្យប្រជាជនលើពិភពលោកប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ