ខេត្តប៉ៃលិន៖សកម្មភាពប៉ុនប៉ងជីកកំណប់មាសពីសំណាក់លោកគង់ ឌួង ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានប៉េអឹម ប៉ូលិស ទៅជួយជ្រោមជ្រែងផងនោះត្រូវបានផ្អាកសកម្មភាព និងដកយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចេញពីក្នុងបរិវេណវត្តរតនសោភ័ណ ហៅវត្តកោងកាងវិញហើយ កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៨ សីហា ឆ្នាំ២០១០ បន្ទាប់ពីព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ៥០០នាក់-អង្គក្រាញននៀលមិនអោយជីក ហើយមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែលនោះ លោកគង់ ឌួង បានធ្វើសន្និសីទកាសែតបង្ហាញអំពីបំណងជុំវិញការជីកកំណប់នោះ។
ការដកគ្រឿងចក្រអេស្កាវ៉ាទ័រចេញនេះត្រូវបានគេសន្និដ្ឋានថា ជាមធ្យោបាយរបស់លោកគង់ ឌួង ធ្វើអោយប្រជាពលរដ្ឋ និងព្រះសង្ឃស្ងប់ចិត្តប៉ុណ្ណោះ ហើយអាចថាជាការដកថយបន្តិចសិន ដើម្បីរិះរកមធ្យោបាយចរចាជាមួយព្រះអង្គ និងប្រជាពលរដ្ឋ។ លោកអ៊ី ឈាន អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា លោកមិនជំទាស់នឹងការជីកកំណប់នោះទេ ប៉ុន្តែត្រូវមានលក្ខណៈច្បាប់ត្រឹមត្រូវទើបអាចទៅរួច។ លោកគង់ ឌួង ប្រធានមន្ទីរព័ត៌មានខេត្តបានមានប្រសាសន៍ថា ពេលនេះពួកគាត់សុខចិត្តដកថយសិន ហើយប្រសិនបើមានបាត់កំណប់ ឬមានអ្នកជីកនោះ គឺព្រះសង្ឃក្នុងវត្តកោងកាងត្រូវតែទទួលខុសត្រូវចំពោះកំណប់នោះ។
ចំណែកព្រះសង្ឃវិញបានបញ្ជាក់ថា មិនមែនថាមិនអោយជីកដាច់អហង្ការនោះទេ នេះជាសកម្មភាពមកជីកកំណប់ទាំងទទឹងទទែងគ្មានច្បាប់អនុញ្ញាត ដូច្នេះពួកអាត្មាត្រូវតែរារាំង តែប្រសិនបើគេមានច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬថ្នាក់លើត្រឹមត្រូវនោះពួកអាត្មាអនុញ្ញាតភ្លាម ។សូមបញ្ជាក់ថា មុននេះប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ៥០០នាក់ បានរំជើបរំជួលយ៉ាងខ្លាំងដោយមានទូងស្គរ ប្រកូកប្រកាសហៅប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិនឱ្យមកជួបជុំគ្នាឱ្យកាន់តែច្រើនថែមទៀត និងមានប្រជាពលរដ្ឋខ្លះដែលមកជួបជុំគ្នាត្រៀបត្រាមុខវត្ត និងក្នុងវត្តរួចស្រេចទៅហើយនោះ បានស្រែកបន្លឺសម្លេងខ្លាំងៗតាមឧគ្ឃោសនស័ព្ទប្រឆាំងមិនឱ្យគេជីកកំណប់មាសនៅទីនោះ ។
ភាគីអ្នកជីកកំណប់ដឹកនាំដោយលោកគង់ ឌួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ដោយមានសមត្ថកិច្ច ប៉ូលិស ប៉េអឹម អមដំណើរទៅជាមួយផង ដើម្បីការពារសកម្មភាពជីកកំណប់ក្រែងមានបាតុភាពប្រទូស្តរ៉ាយណាមួយកើតឡើង ប៉ុន្តែទីបំផុតការប្រឆាំងបានកើតឡើងមែន គឺព្រះសង្ឃបានឃាឃាំងមិនឱ្យជីកជាដាច់ខាត ហើយបានទូងស្គរប្រមូលប្រជាពលរដ្ឋ និងព្រះសង្ឃ មកជួបជុំគ្នាកាន់តែច្រើនទៅៗ ដោយមានការស្រែកចំអក និងស្រែកញ្ជ្រៀវប្រឆាំងនឹងការជីក ។
ចំណែកសមត្ថកិច្ចចំរុះមានប៉ូលិស-ប៉េអឹមដំបូងឡើយថា ទៅការពារអ្នកជីកកំណប់ ប៉ុន្តែដោយប្រជាពលរដ្ឋ និងព្រះសង្ឃជ្រួលច្របល់ប្រឆាំងខ្លាំងក្លាបែបនេះ ក៏ឈរទៅចំណុចកណ្តាលវិញ ទុកឱកាសឱ្យភាគីអ្នកជីកកំណប់គឺលោកគង់ ឌួង និងព្រះសង្ឃចរចាគ្នាឱ្យត្រូវរ៉ូវសិន ។ ការជ្រួលច្របល់ជីកកំណប់នេះបានកើតឡើងនៅក្នុងវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងក្រុងប៉ៃលិន កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៧ សីហា ២០១០ ។
ព្រះតេជគុណនន សុភិន្ទ្រ គ្រូសូត្រឆ្វេងដែលគង់នៅវត្តកោងកាងនេះបានមានសង្ឃដីកាថា ភាគីអ្នកជីកកំណប់ដែលមានក្រុមសមត្ថកិច្ចចំរុះជួយការពារផងនោះបានប្រើប្រាស់គ្រឿងចក្រទៅគាស់កកាយរកកំណប់នៅក្នុងវត្តទាំងកណ្តាលថ្ងៃ ។ ព្រះអង្គបានប្រាប់ថា លោកគង់ ឌួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ជាអ្នកដឹកនាំកំលាំងចំរុះ និងបញ្ជាឱ្យអេស្កាវ៉ាទ័រជីកកាយ ប៉ុន្តែត្រូវបានរារាំងដោយព្រះអង្គដោយមានការទូងស្គរ និងចាក់មេក្រូប្រកាសអាសន្នសុំជំនួយពីពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទ ក្នុងក្រុងប៉ៃលិនទាំងអស់មកជួយទប់ទល់មិនឱ្យជីកកំំណប់ ។
ព្រះអង្គបញ្ជាក់ថា ព្រះសង្ឃជាង១០០អង្គដែលកេណ្ឌពីបណ្តាវ្តនានាក្នុងខេត្តប៉ៃលិន និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ បានមកជួយទប់ស្កាត់ ។ បង្កឱ្យភាគីអ្នកជីកកំណប់ធ្វើមិនបានសំរេចនោះទេ ។ កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺពីលោកគង់ ឌួង ប្រធានមន្ទីរព័ត៌មានខេត្តជុំវិញហេតុកាណ៍នេះ ប៉ុន្តែគ្មានអ្នកលើកទូរស័ព្ទទេ កាលពីព្រឹកថ្ងៃទី៨ សីហា ហើយក្រុមសមត្ថកិច្ចចំរុះ និងភាគីអ្នកជីកកំណប់នៅតែព្យាយាមប្រើគ្រឿងចក្រចូលទៅជិតកន្លែងដែលគេអះអាងថា មានកំណប់ ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយនិងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ