ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ក្រសួងទេសចរណ៍​ស្វែង​យល់​ពី​វិស័យ​អេកូ​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ

14 ឆ្នាំ មុន

ខេត្ដកោះកុង ៖ ប្រតិភូ​ក្រសួង​ទេស ចរណ៍​ចំនួន​ប្រមាណ​៤០​នាក់ ដឹកនាំ​ដោយលោក​រដ្ឋមន្ដ្រី​ថោ​ង ខុន និង​មានការ​ចូលរួម​ពីសមាគម​ទីភ្នាក់ងារ​ទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ បានទៅ​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​វិស័យ​អេកូ ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​ទឹកដី​ខេត្ដ​កោះកុង ។

ខេត្ដកោះកុង ៖ ប្រតិភូ​ក្រសួង​ទេសចរណ៍​ចំនួន​ប្រមាណ​៤០​នាក់ ដឹកនាំ​ដោយលោក​រដ្ឋមន្ដ្រី​ថោ​ង ខុន និង​មានការ​ចូលរួម​ពីសមាគម​ទីភ្នាក់ងារ​ទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ បានទៅ​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​វិស័យ​អេកូ ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​ទឹកដី​ខេត្ដ​កោះកុង ។

ថ្ងៃ​ទី​៩ មក​រា ក្រុម​គណៈប្រតិភូ​បាន​ធ្វើដំណើរ​ទៅ​ដល់​សហគមន៍​អេកូ​ទេសចរណ៍ ជី ផាត ស្ថិត​នៅ​ក្នុង​ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង មានចំងាយ​១៧​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៤៨ ត្រង់​ចំណុច​ស្ពាន​អណ្ដូងទឹក​។ ក្នុង​ចំណោមប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​គ្រួសារ មាន​៤០០​គ្រួ​សារបាន​ចូល​ជា​សមាជិក​សហគម​ន៍​អេកូ​ទេសចរណ៍​ជី​ផាត ។

លោក​ព្រំ ហឹ​ង ប្រធាន​សហគមន៍​អេកូទេសចរណ៍​ជី​ផាត​បានឱ្យ​ដឹង​ថា ពី​ដើម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជី​ផាត​ច្រើន​ប្រកប​របរ​បរបាញ់សត្វ នេសាទ កាប់​ព្រៃ ឈើ រក​ខ្លឹមចន្ទន៍ និងប្រមូល​អនុ​ផល​ផ្សេង​ៗ​ទៀត ។ ប៉ុន្ដែ​បច្ចុប្បន្នមុខរបរ​ខាងលើ​នេះ​ត្រូវ​ប្រឈម​នឹង​ការ​ហាមឃាត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ សម្ព័ន្ធមិត្ដ​សត្វព្រៃ ដូច្នេះ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ងាក​ទៅ​ប្រកប​មុខរបរ​ផ្សេង​វិញ​ដូច​ជា​ដាំ​អំពៅ ស៊ីឈ្នួល​កាប់​ឆ្ការព្រៃ ធ្វើ​ស្មៅតាម​ចំការ​ឱ្យ​អ្នក​វិនិ យោគ និង​ធ្វើ​នេសាទ​ជាលក្ខណៈ​គ្រួសារ ។ ក្រោយ​ពេល​សហគមន៍អេកូ​ទេសចរណ៍​ត្រូវ​បាន​បង្កើត​ឡើង ប្រជាពលរដ្ឋ​នៅ​ទី​នេះ ត្រូវ​ជំនួស​ដោយ​មុខរបរ​ថ្មីទៀត គឺ​ការ​នាំ​ភ្ញៀវ​ទេសចរលក់​ម្ហូបអាហារ ដឹក​ជញ្ជូន​ទេសចរ និង​ការ​ផ្ដល់​សេវា​ស្នាក់​នៅ ។​ល​។

លោក​ព្រំ ហឹ​ង បានឱ្យ​ដឹង​ទៀត​ថា សហគម​ន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​បង្កើត​ឡើងនៅ​ឆ្នាំ​២០០៧ ដោយ​មានការ​គាំទ្រ​ពី​អង្គការសម្ព័ន្ធមិត្ដ​សត្វព្រៃ ។ ដោយឡែក​ម​ជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ជី​ផាត ទើបបានសាងសង់​រួចរាល់​នៅ​ដើមឆ្នាំ​២០១០​នេះ ហើយ​ត្រូវ​កាត់​ខ្សែបូ​សម្ពោធ​ក្រោម​អធិបតី​ភាព លោក​ថោ​ង ខុន រដ្ឋមន្ដ្រីក្រសួង​ទេសចរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ឆ្នាំ​២០១០​។ នៅតំបន់​អេកូ​ទេសចរណ៍​ជី​ផាត មាន​កន្លែង​ដែលទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​១៣​កន្លែង ក្នុងនោះ​តំបន់​ដែល​ទាក់ទាញ​បំផុត​មាន ទឹកជ្រោះ ទឹកធ្លាក់ រមណីយដ្ឋាន​វាល​តា​ប្រាក់រមណីយដ្ឋាន​ភ្នំ​ពាង​បុរាណ ដែល​ទីនោះ​មាន តំបន់​ឆ្អឹង​បុរាណ និង​មឈូស​ធ្វើ​ពី​ឈើ​ដែលមាននៅ​ដល់​សព្វថ្ងៃ និង​តំបន់​សំខាន់​ៗ​ជា ច្រើន​ទៀត ពិសេស​ព្រៃឈើ​ដែល​មាន​សត្វព្រៃ​ជា​សត្វ​កំរ​ដូច​ជា​ដំរី ឈ្លូស ប្រើស កំពុងរស់នៅ​។

បន្ទាប់​ពី​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ជី​ផាតរួច​មក លោក​រដ្ឋមន្ដ្រី​ថោ​ង ខុន និង​គណៈ ប្រតិភូ​បាន​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​មួយចំនួន​នៅ​ទីនោះ ។ ក្នុង​ឱកាស​នោះ​ដែរ លោក ថោ​ង ខុន ក៏​បាន​ណែនាំ​ដល់​មន្ដ្រី​ក្រោម​ឱវាទឱ្យធ្វើ​ការ​សិក្សា​ស្វែង​យល់​អំពី​សក្ដានុ ពលទេសចរណ៍​នៅ​ទី​នេះ ព្រមទាំង​បាន​ណែនាំដល់​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ឱ្យបង្កើន​ការ​គ្រប់គ្រង និង​ផ្ដល់​សេវាកម្ម​ឱ្យបាន​ល្អ​សំរាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​មកកំសាន្ដ​នៅ​ទី​នេះ ។

ថ្ងៃ​ទី​១០ មក​រា គណៈប្រតិភូ​បាន​មក​ដល់កន្លែង​វិនិយោគ​ផ្នែក​ទេសចរណ៍​តា​តៃ​របស់ក្រុមហ៊ុន​បរទេស ដោយ​បាន​បង្កើត​ផ្ទះ​ស្នាក់លើ​ទឹក (​Eco-Lodge) ដោយ​អនុវត្ដ​តាមបទដ្ឋាន​បច្ចេកទេស​យ៉ាង​ត្រឹមត្រូវ​។ នៅទី​នេះ លោក​ថោ​ង ខុន បាន​បញ្ជាក់​ថា នេះជា​យុទ្ធសាស្ដ្រ​ថ្មី​ក្នុង​ការ​ពង្រីក​តំបន់​អេកូ​ទេសចរណ៍ ដែល​ជា​តំបន់ឆ្នេរ​នេះ បន្ទាប់​ពី​តំបន់អេកូ​វប្បធម៌​អង្គរវត្ដ ។ លោក​ថោ​ង ខុន បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​យុទ្ធសាស្ដ្រ របស់​រាជរដ្ឋាភិបាល​ក្នុង​ការងារ​អនុវត្ដ​វិស័យអេកូ​ទេសចរណ៍​ដែល​កំពុង​ដើរ​លើ​មាគ៌ា​ដ៏ត្រឹមត្រូវ​នេះ ។

ចំពោះ​ក្រុមហ៊ុន​វិនិយោគ លោក​ថោ​ង ខុន បញ្ជាក់​ថា យើង​ស្វាគមន៍​ទាំងអស់ទាំង ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក និង​ក្រៅប្រទេស ប៉ុន្ដែ​ធ្វើ​យ៉ាងណា​ត្រូវ​គោរព​តាម​បទដ្ឋា​ន​បច្ចេកទេស​របស់​ក្រសួងបរិស្ថាន ។ នៅទី​នេះ​យើង​អាច​ពិនិត្យ​មើល​ថា បើ​មានការគោរព​ត្រឹមត្រូវ​នឹង​ត្រូវ​ផ្ដល់​ជូន​នូវ​រង្វាន់ពិសេស ​ថែម​ទៀត ។ ទី​នេះ​ជា​កន្លែង​គំរូសំរាប់​ការ​អភិវឌ្ឍន៍​វិស័យ​អេកូ​ទេសចរណ៍នៅ​កន្លែង​ដទៃ​ទៀត ។ លោក​រដ្ឋមន្ដ្រីបញ្ជាក់​ថា គ្រប់​ភ្ញៀវ​ទេសចរ​ទាំងអស់ទោះ ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ក្ដី ត្រូវ​តែ​សិក្សា​រៀនសូត្រ​ស្វែង​យល់​អំពី​បញ្ហា​បរិស្ថាន​។ ជាមួយនេះ បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍ ទាំងអស់ត្រូវ​តែ​ហ៊ាន​និយាយ​កន្លែង​ណា ដែល​ការ​អនុវត្ដន៍​មិន​បាន​ត្រឹមត្រូវ  គឺ​ត្រូវ​តែលំអ​ឡើងវិញ ៕    ​    ​